នៅក្នុងបទសម្ភាសន៍រវាង Business Cambodia ជាមួយលោកគ្រូ យូ សាម៉េត ម្ចាស់ក្រុមហ៊ុន YSM និងជាអ្នកដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យធុរកិច្ច បានបង្រៀននូវទស្សនវិជ្ជាជីវិតដ៏មុតស្រួច ដែលផ្តោតសំខាន់ទៅលើការកែប្រែខ្លួនឯងដើម្បីចាកចេញពីភាពក្រីក្រ និងការមើលងាយពីអ្នកដទៃ ខណៈដែលលោកផ្ទាល់បានធ្លាប់ឆ្លងកាត់រួចហើយ ទើបបានចែករំលែកគំនិតមាសចំនួន ៦ ដែលអាចជួយបងប្អូនកែប្រែខ្លួនឯងចាកចេញពីភាពក្រីក្រ និងការមើលងាយបាន៖
១. កុំខ្លាចក្នុងការធ្វើការឱ្យគេ៖ លោកគ្រូបានបកស្រាយថា "ការធ្វើការឱ្យគេមិនមែនជារឿងគួរឱ្យខ្មាសអៀន ឬជាការងារទាបថោកនោះទេ ប៉ុន្តែត្រូវចាត់ទុកវាជាកន្លែងរៀនសូត្រដើម្បីយកបទពិសោធន៍ និងជាដើមទុន"។ យើងត្រូវមានស្មារតីធ្វើការដើម្បីខ្លួនឯង ពោលគឺធ្វើការក្នុងគោលបំណងយកបទពិសោធន៍ ចំណេះដឹង និងបច្ចេកទេសគ្រប់គ្រងពីក្រុមហ៊ុនធំៗ មកធ្វើជាដើមទុនបញ្ញាសម្រាប់បង្កើតអាជីវកម្មផ្ទាល់ខ្លួននៅថ្ងៃអនាគត ពោលគឺរៀនឱ្យចេះនូវជំនាញពីកន្លែងនោះ ដើម្បីត្រៀមខ្លួនចេញរកស៊ីខ្លួនឯងនៅថ្ងៃក្រោយ។
២. រៀនអភិវឌ្ឍខ្លួនឯងកុំឈប់៖ លោកគ្រូបានប្រៀបធៀបថា “មនុស្សបើមិនរៀនអភិវឌ្ឍខ្លួនទេ គឺមិនខុសពីសត្វឡើយ” “មនុស្សគឺត្រូវតែរៀនបើនៅតែឃ្លាន បើចង់ឈប់រៀនលុះត្រាតែក្រពះឈប់ឃ្លាន”។ មានន័យថា ការរៀនមិនបានកំណត់ដោយអាយុក្មេង ចាស់ ឬសញ្ញាបត្រក្នុងសាលា ប៉ុន្តែការរៀនសូត្រគឺអាចរៀនបាននៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ ជាពិសេសត្រូវដើរឱ្យទាន់បច្ចេកវិទ្យា (AI) ហើយកុំខ្លាចថា AI មកដណ្តើមការងារយើង ប៉ុន្តែត្រូវរៀនប្រើវាឱ្យក្លាយជាជំនួយការដ៏ពូកែរបស់យើង។ អ្នកដែលចេះប្រើ AI នឹងក្លាយជាមនុស្សឆ្លាត និងដើរទាន់សម័យកាល។
៣. កុំចាយលុយដែលមិនគួរចាយ៖ អ្វីដែលលោកបានសង្កេតឃើញក្នុងសង្គមបច្ចុប្បន្នគឺមនុស្សស្ទើរតែ ៩៩% ទៅហើយដែលចាយលុយតាមអារម្មណ៍លើរបស់ដែលមិនចាំបាច់។ លោកគ្រូផ្តល់ដំបូន្មានថា “មុននឹងទិញរបស់អ្វីមួយ ត្រូវទុកពេលពិចារណាឱ្យលើសពី ២៤ ម៉ោងសិន បើផុតពេលហ្នឹងហើយនៅតែចង់បាន ចាំទិញ។ ហើយត្រូវចាំថា ភាពក្រីក្រនឹងនៅតែតាមលងបន្លាចយើងជានិច្ច ដរាបណាយើងនៅតែចាយលើសពីអ្វីដែលយើងរកបាន”។
៤. កុំភ្លេចរឿងចាំបាច់ក្នុងជីវិត៖ មិនថាអ្នកមានគោលដៅធំប៉ុណ្ណា ចង់សម្រេចវាខ្លាំងប៉ុណ្ណាក៏ដោយក្នុងជីវិតមនុស្សយើងមានរឿងសំខាន់ ៤យ៉ាងដែលមិនត្រូវភ្លេចគឺ ភ្លេចសុខភាពគឺឈឺ ភ្លេចរៀនគឺល្ងង់ ភ្លេចរកលុយគឺបាត់បង់សុភមង្គល និងភ្លេចថែរក្សាកូនចៅគឺកូនខូច។
៥. ត្រូវដើរតាមអ្នកមាន ដើម្បីក្លាយជាអ្នកមាន៖ លោកគ្រូបញ្ជាក់ថា “បើចង់ក្លាយជាអ្នកមាន ត្រូវដើរតាមអ្នកមាន ហើយបើចង់បានប្រាជ្ញា ត្រូវដើរតាមបណ្ឌិត”។ ការដើរតាមក្នុងទីនេះមិនមែនឱ្យទៅអែបអបគេ តែគឺឱ្យសង្កេតមើលពីរបៀបដែលគេគិត របៀបដែលគេដោះស្រាយបញ្ហា និងចម្លងយកសកម្មភាពវិជ្ជមានរបស់គេមកអនុវត្តតាម។ បើនៅកន្លែងការងារ ត្រូវចេះដណ្តើមការងារមេធ្វើ។ លោកគ្រូបានចែករំលែកថា បើចង់ឡើងតំណែង និងចង់បានប្រាក់ខែខ្ពស់ កុំចាំតែមេបញ្ជា តែត្រូវរៀន "ដណ្តើមការងារមេធ្វើ" ដើម្បីរៀនពីរបៀបគិតរបស់អ្នកដែលនៅខ្ពស់ជាងយើង និងបង្ហាញពីសមត្ថភាពរបស់យើង។
៦. ត្រូវចេះខ្លាចក្រ៖ លោកគ្រូបានពន្យល់ថា ភាពក្រីក្រគឺជាប្រភពនៃការមើលងាយពីមនុស្សជុំវិញខ្លួន សូម្បីតែសាច់ញាតិជិតដិតបំផុតក៏ដោយ។ ដូច្នេះ យើងត្រូវយកការមើលងាយ និងភាពខ្លាចក្រនេះ ធ្វើជាកម្លាំងរុញច្រានឱ្យយើងខំរកលុយ និងខំរៀន។ ទន្ទឹមនឹងការខំរកលុយ យើងក៏ត្រូវខ្លាច "ការប្រាក់បំណុល" ផងដែរ។ លោកគ្រូបានផ្តល់ដំបូន្មានថា “មិនត្រូវខ្ចីលុយគេក្នុងពេលដែលយើងអត់លុយនោះទេ ប៉ុន្តែត្រូវខ្ចីលុយគេក្នុងពេលដែលយើងមានលុយ និងមានឱកាសវិនិយោគច្បាស់លាស់ ទើបការខ្ចីនោះក្លាយជាអាវុធនាំមកនូវទ្រព្យសម្បត្តិ”។
ហើយត្រូវចាំថា លទ្ធផលដែលយើងមាននៅថ្ងៃនេះ គឺកើតចេញពីការខិតខំប្រឹងប្រែង និងការរៀនសូត្រពីម្សិលមិញ ហើយបើចង់ឱ្យថ្ងៃស្អែកមានលទ្ធផលកាន់តែល្អ យើងត្រូវចាប់ផ្តើមធ្វើថ្ងៃនេះឱ្យបានល្អជាមុនសិន៕


