ឆ្នាំដំបូងនៃអាជីវកម្ម គឺជាដំណាក់កាលដែលងាយរងគ្រោះបំផុត ព្រោះជាពេលដែលត្រូវតស៊ូជាមួយលំហូរប្រាក់ ការកសាងអតិថិជន និងការកែសម្រួលផលិតផល ឬសេវាកម្មផ្សេងៗ ដើម្បីឲ្យអាជីវកម្មរបស់អ្នកអាចជម្រុះហានិភ័យ និងអាចឈរជើងបានរឹងមាំហួសពី ១ ឆ្នាំដំបូង។ ខាងក្រោមនេះជា យុទ្ធសាស្ត្រនិងគន្លឹះ ៥ យ៉ាង ដែលអ្នកត្រូវផ្តោតលើ៖
១.គ្រប់គ្រងលំហូរប្រាក់សុទ្ធឲ្យតឹងរ៉ឹង៖ មូលហេតុចម្បងដែលនាំឲ្យអាជីវកម្មថ្មីបិទទ្វារក្នុងឆ្នាំដំបូង មិនមែនមកពីគ្មានអតិថិជននោះទេ គឺមកពីដាច់លុយបង្វិល។ ដូច្នេះត្រូវចេះ រក្សាប្រាក់បម្រុងអាសន្ន ដោយត្រូវប្រាកដថា អ្នកមានសាច់ប្រាក់បម្រុងគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់ការចំណាយ ថ្លៃឈ្នួលផ្ទះ ប្រាក់ខែបុគ្គលិក ទឹក-ភ្លើង យ៉ាងហោចណាស់ពី ៦ ទៅ ១២ ខែ។ ចៀសវាងការឲ្យអតិថិជនជំពាក់ច្រើនពេក ហើយត្រូវគ្រប់គ្រងការទិញស្តុកអីវ៉ាន់កុំឲ្យកកស្ទះដើមទុន។
២.ផ្តោតលើការរក្សាអតិថិជនចាស់៖ ការស្វែងរកអតិថិជនថ្មី ចំណាយដើមទុនច្រើនជាងការរក្សាអតិថិជនចាស់ពី ៥ ទៅ ២៥ ដង។ ដូច្នេះហើយការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះ អាចធ្វើឲ្យអតិថិជនដែលពេញចិត្តនឹងត្រលប់មកទិញម្តងទៀត និងជួយផ្សព្វផ្សាយបន្តដោយមិនគិតថ្លៃ។ គួរយកមតិរិះគន់របស់អតិថិជនដំបូងៗ មកអភិវឌ្ឍផលិតផល ឬសេវាកម្មឲ្យកាន់តែត្រូវចិត្តទីផ្សារ។
៣.រក្សាភាពបត់បែន និងត្រៀមខ្លួនកែប្រែ៖ ផែនការអាជីវកម្មនៅលើក្រដាស និងការធ្វើជាក់ស្តែងលើទីផ្សារតែងតែមានគម្លាត និងខុសពីគ្នាឆ្ងាយ។ ចូរកុំរឹងរូសជាមួយគំនិតដើម ប្រសិនបើយុទ្ធសាស្ត្រ ឬផលិតផលណាមួយលក់មិនដាច់ក្នុងរយៈពេល ៣ ទៅ ៦ ខែ ត្រូវហ៊ានផ្លាស់ប្តូរ ឬកែសម្រួលវាភ្លាមៗតាមតម្រូវការជាក់ស្តែងរបស់អតិថិជន។ ហើយត្រូវតាមដានគូប្រកួតប្រជែង និងនិន្នាការទីផ្សារ ដោយមើលថា តើទីផ្សារកំពុងផ្លាស់ប្តូរទៅទិសដៅណា ហើយត្រូវរហ័សរហួនក្នុងការបត់បែនតាម។
៤.គ្រប់គ្រង និងកាត់បន្ថយចំណាយមិនចាំបាច់៖ ក្នុងឆ្នាំដំបូង ចំនួននៃការចំណាយត្រូវតែធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត។ កុំប្រញាប់ប្រញាល់ពង្រីកធំជាងមុន ចៀសវាងការជួលការិយាល័យថ្លៃៗ ការតុបតែងហាងហួសហេតុ ឬការជួលបុគ្គលិកច្រើនពេកនៅពេលចំណូលមិនទាន់មានស្ថិរភាព។
៥.ពង្រឹងការកសាងម៉ាកយីហោ និងទំនុកចិត្ត៖ អាជីវកម្មថ្មីជួបការលំបាក ដោយសារមនុស្សមិនទាន់ស្គាល់ និងមិនទាន់ទុកចិត្ត។ អ្នកគួរបង្កើតវត្តមានលើអនឡាញឲ្យច្បាស់លាស់ ដូចជា បង្កើតផេកលើបណ្ដាញសង្គម ដោយមានព័ត៌មានជាក់លាក់ អាស័យដ្ឋានច្បាស់លាស់ និងការឆ្លើយតបរហ័ស។ មួយទៀតត្រូវបង្ហាញភាពស្មោះត្រង់ ដោយការកាន់សច្ចធម៌លើគុណភាព និងពេលវេលា គឺជាគ្រឹះដ៏សំខាន់បំផុតក្នុងការបង្កើតឈ្មោះបោះសំលេងបានល្អ និងរយៈពេលវែង។
យ៉ាងនេះក្ដី ចំពោះចំណុចទាំង ៥ ខាងលើ ប្រសិនបើបងប្អូនអាចធ្វើបាន ដោយយកចិត្តទុកដាក់ ខិតខំតស៊ូ នោះប្រាកដណាស់ថា អាជីវកម្មរបស់បងប្អូន គឺអាចឈរជើងបាន ១ឆ្នាំ ២ឆ្នាំ ឬអាចយូរជាងនេះផងដែរ៕


