នៅក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន គេសង្កេតឃើញថា មានអាជីវកម្មខ្នាតតូច និងមធ្យមជាច្រើន ដូចជា ហាងកាហ្វេ ហាងអាហារ ហាងលក់ខោអាវ ឬអាជីវកម្មអនឡាញ បានបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែត្រូវខកចិត្ត និងសម្រេចចិត្ត បិទទ្វារ ឬលក់ឡៃឡុង វិញ ក្នុងកំឡុងពេល ៦ ខែ ទៅ ១ ឆ្នាំដំបូង។ តើអ្វីជាមូលហេតុពិតប្រាកដដែលធ្វើឲ្យក្តីស្រមៃរបស់សហគ្រិនជាច្រើនត្រូវរលាយសូន្យ? ខាងក្រោមនេះជាមេរៀន និងកំហុសឆ្គងធំៗ ៥ យ៉ាង ដែលម្ចាស់អាជីវកម្មគ្រប់រូបត្រូវដឹង៖
១.ធ្វើអាជីវកម្មតាមចរន្តប្រជាប្រិយភាព ឬតាមគ្នា (តាម Trend)៖ សហគ្រិនថ្មីថ្មោងភាគច្រើន តែងតែបើកអាជីវកម្មដោយសារឃើញ គេធ្វើដាច់ ឃើញគេបើកច្រើន ដូចជា ការបើកហាងកាហ្វេ ហាងតែគុជ ឬហាងបុកល្ហុងជាដើម។ ការបើកអាជីវកម្មតាមគេ ដោយគ្មានចំណុចខុសប្លែកពីគូប្រកួតប្រជែង នៅពេលដែល Trend នោះថយចុះ ឬមានគូប្រកួតប្រជែងបើកជិតៗនោះច្រើន អតិថិជននឹងចាកចេញ។ ប្រសិនបើអាជីវកម្មរបស់អ្នក គ្មានអ្វីពិសេសជាងគេទេ នោះអ្នកនឹងត្រូវបង្ខំចិត្តដាក់ស្លាកបញ្ចុះតម្លៃពាសពេញហាងមិនខាន ដែលជាដើមហេតុនាំឲ្យខាតបង់នូវប្រាក់ចំណូល។
២.ការគ្រប់គ្រងដើមទុននិងលុយចំណេញខុស ៖ សហគ្រិនជាច្រើនរៀបចំផែនការដើមទុន ត្រឹមតែសម្រាប់ថ្ងៃបើកហាងប៉ុណ្ណោះ ដូចជា ការតុបតែងហាង ទិញសម្ភារ និងបង់ថ្លៃឈ្នួលដំបូងជាដើម។ ដោយភ្លេចបម្រុងទុកសាច់ប្រាក់បង្វិល សម្រាប់ទ្រទ្រង់ការចំណាយប្រតិបត្តិការ ៣ ទៅ ៦ ខែដំបូង ក្នុងករណីមិនទាន់មានចំណេញ។ ជាមេរៀន អាជីវកម្មភាគច្រើនមិនទាន់អាចបង្កើតប្រាក់ចំណេញ ក្នុងរយៈពេល ៣ ទៅ ៦ ខែដំបូងឡើយ។ នៅពេលសាច់ប្រាក់បម្រុងអស់ អ្នកនឹងគ្មានលុយបង់ថ្លៃឈ្នួល ថ្លៃភ្លើង ឬប្រាក់ខែបុគ្គលិក ដែលបង្ខំឲ្យត្រូវបិទទ្វារទាំងអាល័យ។
៣.ជ្រើសរើសទីតាំងខុស និងមិនយល់ពីអតិថិជនគោលដៅ ៖ ទោះបីជាទីតាំងស្អាត ឬថ្លៃ មិនប្រាកដថាជាទីតាំងដែលលក់ដាច់នោះឡើយ។ ពេលជួលទីតាំងថ្លៃហួសសមត្ថភាព ឬជ្រើសរើសទីតាំងដែលគ្មានអតិថិជនគោលដៅរស់នៅ ឬឆ្លងកាត់ ឧទាហរណ៍ បើកហាងកាហ្វេថ្លៃ ក្នុងតំបន់ដែលប្រជាជនមានប្រាក់ចំណូលមធ្យម នោះច្បាស់ជាលក់មិនដាច់ឡើយ។ ដូច្នេះ មុនជួលទីតាំង ត្រូវស្រាវជ្រាវទីផ្សារ ឲ្យច្បាស់ថា តើនរណាជាអ្នកដើរឆ្លងកាត់ទីនេះ? តើពួកគេមានលទ្ធភាពទិញដែរឬទេ? ថ្លៃជួលទីតាំង មិនគួរលើសពី ១០% ទៅ ១៥% នៃចំណូលរំពឹងទុកឡើយ។
៤.ក្បាលម៉ាស៊ីនគ្រប់គ្រងមិនរឹងមាំ និងសេវាកម្មគ្មានស្ថិរភាព៖ នៅខែដំបូង ហាងអាចនឹងមានអតិថិជនមកគាំទ្រច្រើនដោយសារ ភាពប្លែកអារម្មណ៍ ឬការផ្សព្វផ្សាយរបស់យើង។ ប៉ុន្តែបញ្ហានឹងកើតឡើងនៅខែបន្ទាប់។ រសជាតិអាហារ ឬភេសជ្ជៈ ឬគុណភាពសេវាកម្មមិនថេរ (ថ្ងៃខ្លះឆ្ងាញ់ ថ្ងៃខ្លះអត់) បុគ្គលិកគ្មានការបណ្តុះបណ្តាលច្បាស់លាស់ ឬម្ចាស់ហាងគ្មានបទពិសោធន៍គ្រប់គ្រង។ ជាមេរៀន ការទាក់ទាញអតិថិជនមកទិញ លើកទី១ ជាការងាររបស់ Marketing ប៉ុន្តែការធ្វើឲ្យអតិថិជន ត្របប់មកទិញលើកទី២ ទី៣ គឺជាការងាររបស់ Operations និង សេវាកម្ម។ បើគ្មានអតិថិជនចាស់មកទិញវិញទេ អាជីវកម្មមិនអាចរស់បានឡើយ។
៥.ធ្វើតាមអារម្មណ៍ ដោយគ្មានប្រព័ន្ធទិន្នន័យ៖ ម្ចាស់អាជីវកម្មតូចៗភាគច្រើន ប្រើប្រាស់អារម្មណ៍ក្នុងការគ្រប់គ្រង ដោយមិនបានកត់ត្រាបញ្ជីហិរញ្ញវត្ថុច្បាស់លាស់ ដោយមិនគិតពីចំណាយតូចតាចនានា ថ្លៃចំណេញ ឬខាតពិតប្រាកដ ហើយច្រឡំយកលុយហាង ទៅប្រើប្រាស់ផ្ទាល់ខ្លួន។ ជាមេរៀន អាជីវកម្មត្រូវតែដំណើរការដោយ ប្រព័ន្ធ និងទិន្នន័យ។ បើអ្នកមិនដឹងថា ផលិតផលណាបង្កើតចំណេញច្រើនជាងគេ ឬចំណាយណាច្រើនជាគេទេ អ្នកនឹងមិនអាចកែប្រែស្ថានភាពទាន់ពេលវេលាឡើយ។
ទោះយ៉ាងណាក៏ដោយ ការបរាជ័យក្នុងឆ្នាំដំបូង មិនមែនមកពី សំណាងល្អឬអាក្រក់ នោះទេ ប៉ុន្តែវាជាលទ្ធផលនៃការ ខ្វះការត្រៀមខ្លួន ការរៀបចំផែនការ និងការគ្រប់គ្រងហិរញ្ញវត្ថុ។ មុននឹងសម្រេចចិត្តបោះទុនធ្វើអាជីវកម្ម អ្វីដែលអ្នកត្រូវវិនិយោគមុនគេ គឺ ចំណេះដឹងអាជីវកម្ម និងការសិក្សាទីផ្សារ។ បើអ្នកធ្វើបាន នោះអាជីវកម្មរបស់អ្នក ច្បាស់ជាអាចឈរជើងបានរាប់សិបឆ្នាំមិនខាន៕


