កុំភ្លេចខ្លួនឱ្យសោះ! នេះជាបុគ្គលិក៥ប្រភេទ ដែលជាមុខសញ្ញាក្រុមហ៊ុនបញ្ឈប់ ពេលសេដ្ឋកិច្ចធ្លាក់ចុះ
Ping Chou EngFEBRUARY 28 20248 K views

ក្នុងស្ថានភាពសេដ្ឋកិច្ចដែលហាក់មានភាពមិននឹងនរ មានក្រុមហ៊ុនធំៗជាច្រើននៅបរទេស បានកាត់បុគ្គលិកអស់ជាច្រើនម៉ឺននាក់ ដោយងាកមកប្រើបច្ចេកវិទ្យា ដើម្បីកាត់បន្ថយចំណាយ។ យ៉ាងណាមិញមិនថានៅទីណានោះទេ នៅពេលចំណូលអាជីវកម្មមានអត្រាធ្លាក់ចុះ បុគ្គលិកមុខសញ្ញាទាំង៥ប្រភេទនេះនឹងត្រូវក្រុមហ៊ុនពិចារណាបញ្ឈប់តែម្តង ដើម្បីកាត់ចំណាយ។

 

ប្រភេទទី១ បុគ្គលិកចំណាយមិនបានចំណូល៖​​ ជាប្រភេទបុគ្គលិកដែលក្រុមហ៊ុនត្រូវចំណាយថ្លៃប្រាក់ខែលើគាត់ច្រើន​ ហើយតួនាទីការងារគាត់មិនបានទាញចំណូលដោយផ្ទាល់ឬប្រយោលមកកាន់ក្រុមហ៊ុនវិញ។ មួយវិញទៀតប្រសិនបើតួនាទីរបស់គាត់ មានភាពមិនបត់បែន ប្រើកម្លាំងច្រើនតែមិនសកម្ម គឺជាមុខសញ្ញាដែលជាក្រុមហ៊ុនអាចពិចារណានឹងបញ្ឈប់ផងដែរ។

 

ប្រភេទទី២ បុគ្គលិកឆ្មាខ្មៅ៖ ជាប្រភេទបុគ្គលិកដែលមិនមានភាពស្មោះត្រង់ជាមួយក្រុមហ៊ុន កេងប្រវ័ញ្ចធនធានក្រុមហ៊ុន បក្សពួកនិយម មិនដើរតាមចក្ខុវិស័យស្ថាប័ន គ្មានក្ដីស្រមៃជាមួយក្រុមហ៊ុនដែលខ្លួនកំពុងធ្វើ មានលេសដោះសារច្រើន និងគ្មានស្មារតីទទួលខុសត្រូវចំពោះការងាររបស់ខ្លួនឯង។

 

ប្រភេទទី៣ បុគ្គលិកខ្ជិល៖ ជាប្រភេទបុគ្គលិកខ្ជិលច្រអូស បដិសេធមិនអភិវឌ្ឍន៍ខ្លួនឯងលើជំនាញការងារដែលខ្លួនកំពុងធ្វើ ពេលថ្នាក់លើដាក់ឱ្យ មានភាពខ្ជិលច្រអូសច្រើន ម៉ោងធ្វើការមិនធ្វើឱ្យបានល្អបែរជាធ្វើការឱ្យរួចៗពីដៃជាដើម។

 

ប្រភេទទី៤ បុគ្គលិកលួចម៉ោងក្រុមហ៊ុន៖​ ជាប្រភេទបុគ្គលិកធ្វើការងារស្នូលដែលកំណត់ឱ្យមិនទាន់បានល្អ តាមគោលដៅក្នុងការងារស្រួលបួលផង បែរជាលួចម៉ោងការងារទៅធ្វើសកម្មភាពផ្សេងៗ ដែលមិនពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុមហ៊ុន។

 

ប្រភេទទី៥ បុគ្គលិកបែងជើង៖ ជាប្រភេទបុគ្គលិកមានអំនួតខ្លាំង មិនចុះសម្រុងជាមួយក្រុមការងារ ចូលចិត្តបង្កជម្លោះ ច្រណែនឈ្នានីស ល្មើសវិន័យក្រុមហ៊ុនញឹកញាប់ និយាយដើមមេនិងមិត្តរួមការងារច្រើន។

 

ក្នុងនោះបើតាមប្រភពពី Yahoo Finance បានឱ្យដឹងថាមិនថាអ្នកជាបុគ្គលិកសិ្ថតក្នុងឧស្សាហកម្មបែបណានោះទេ ទំហំការងារនឹងត្រូវបានផ្លាស់ប្តូរយ៉ាងខ្លាំងពី៥ទៅ១០ឆ្នាំខាងមុខ ដោយសារបច្ចេកវិទ្យាមានការិវត្តន៍ខ្លាំង។ ដូច្នេះការពិពណ៌នាអំពីប្រវត្តិការងារ ក្នុងCV របស់អ្នកអាចនឹងត្រូវពិនិត្យនិងជ្រើសរើសយ៉ាងតឹងរឹងពីសំណាក់ក្រុមហ៊ុនដែលអ្នកដាក់ពាក្យធ្វើការ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia