និយាយអោយចំណេញ! នេះជា 5 តិចនិច របៀបនិយាយទាក់ទាញភ្ញៀវ សម្រាប់អ្នកដែលទើបតែបើកអាជីវកម្មថ្មីថ្មោង
Pen SodalenAUGUST 10 202653 views

ពេលទើបតែបើកហាង ឬលក់ដូរដំបូងៗ មនុស្សភាគច្រើនខំរៀបចំហាងឲ្យស្អាត រៀបចំអីវ៉ាន់ឲ្យមានរបៀប និងរកទំនិញល្អៗមកលក់។ ប៉ុន្តែ បញ្ហាធំបំផុតដែលអ្នកលក់ថ្មីថ្មោងតែងតែជួប គឺ«មិនដឹងត្រូវនិយាយយ៉ាងណាឲ្យភ្ញៀវទិញ»។ ពេលខ្លះអៀនប្រៀន និយាយមិនត្រូវចិត្តភ្ញៀវ ​និង​និយាយមិនមានលំដាប់លំដោយ រហូតធ្វើឲ្យភ្ញៀវមានអារម្មណ៍ថាធុញ ហើយដើរចេញទៅបាត់។

ដើម្បីកុំឲ្យខាតភ្ញៀវ និងជួយឲ្យលក់ដាច់ជាងមុន ទាំងនេះជា ៥ តិចនិចនិយាយបែបទាក់ទាញភ្ញៀវ ដែលអ្នកអាចយកទៅអនុវត្តនិយាយជាមួយភ្ញៀវបាន៖

៥ តិចនិចនិយាយទាក់ទាញចិត្តភ្ញៀវឲ្យទិញភ្លាមៗ

១. ប្រាប់ពីផលប្រយោជន៍ ជាជាងរៀបរាប់តែពីទំនិញលក់

 កុំប្រញាប់រៀបរាប់ពីផលិតផល ឬគ្រឿងផ្សំរបស់ផលិតផលច្រើនពេក ព្រោះភ្ញៀវចង់ដឹងតែមួយគត់គឺ ប្រើទៅបានផលអីខ្លះ​ ជំនួសឲ្យការនិយាយថា អាវនេះសាច់ Cotton 100%​ អ្នកគួរប្តូរមកនិយាយថា អាវនេះសាច់ទន់ត្រជាក់ ពាក់ទៅមិនស្អុះស្អាប់ទេបង ត្រូវធាតុអាកាសក្តៅស្រុកយើងខ្លាំងណាស់។ នៅពេលភ្ញៀវឃើញថាទំនិញហ្នឹងជួយដោះស្រាយបញ្ហាគេបាន គេនឹងសម្រេចចិត្តទិញភ្លាមៗតែម្តង។
២. ស្តាប់ភ្ញៀវឲ្យច្រើន ជាជាងនិយាយម្នាក់ឯង

អ្នកលក់ខ្លះនិយាយមិនឈប់រហូតដល់ភ្ញៀវធុញ វិធីដ៏ល្អគឺសួរសំណួរសិន ដើម្បីអោយដឹងថាភ្ញៀវចង់បានអី ឧទាហរណ៍៖ បងរកមើលអីដែរ? សម្រាប់ប្រើប្រចាំថ្ងៃ ឬទៅកម្មវិធី?រួចចាំស្តាប់ភ្ញៀវនិយាយសិន ពេលយើងដឹងចិត្ត និងតម្រូវការច្បាស់ យើងហើយ  យើងនឹងអាចណែនាំអីទៅក៏ត្រូវចិត្តភ្ញៀវដែរ​។
៣. និយាយដោយស្មោះត្រង់ មិនភូតភរ

មនុស្សឥឡូវឆ្លាតណាស់ បើនិយាយអួតហួសហេតុពេក គេដឹងភ្លាម ហើយគេនឹងលែងទុកចិត្ត។ បើអីវ៉ាន់ណាខ្លះមិនសូវត្រូវជាមួយភ្ញៀវទេ គួរនិយាយប្រាប់គេត្រង់ៗ ហើយណែនាំជម្រើសផ្សេងដែលត្រូវជាងជូនគេ។ ការធ្វើបែបនេះ ធ្វើឲ្យភ្ញៀវមានអារម្មណ៍ថា យើងបារម្ភពីគេពិតប្រាកដ ហើយថ្ងៃក្រោយគេនឹងត្រឡប់មកទិញម្ដងទៀត។
៤. ប្រើពាក្យសរសើរ

មនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តស្តាប់ពាក្យផ្អែម និងការសរសើរ។ ពេលភ្ញៀវសាក ឬមើលអីវ៉ាន់ អ្នកអាចនិយាយសរសើរជម្រើសរបស់គេដូចជា៖ បងជ្រើសរើសពណ៌នេះពិតជាភ្នែកមុតមែនទែន ព្រោះពណ៌ហ្នឹងកំពុងពេញនិយម ហើយស៊ីជាមួយស្បែកបងទៀត។ ពាក្យសរសើរខ្លីៗនេះ ធ្វើឲ្យភ្ញៀវសប្បាយចិត្ត និងដាច់ចិត្តទិញភ្លាមៗតែម្តង។

៥. បញ្ជាក់ពីចំនួនផលិតផលដែលនៅសល់តិច និង ផ្តល់ការថែមជូនពិសេស

បើភ្ញៀវស្រឡាញ់ហើយ ប៉ុន្តែនៅស្ទាក់ស្ទើរមិនទាន់ហ៊ានទិញ អ្នកអាចបន្ថែមសម្ពាធស្រាលៗដើម្បីជួយគេសម្រេចចិត្តទិញ។ ឧទាហរណ៍ថា ម៉ូដនេះនៅសល់តែ ២ ចុងក្រោយទេណាបង បើយកថ្ងៃនេះ ខ្ញុំមានបញ្ចុះតម្លៃពិសេស និង​​ កាដូថែមជូនបន្ថែមទៀតផង។ ការនិយាយបែបនេះធ្វើឲ្យភ្ញៀវខ្លាចស្តាយក្រោយ បើមិនប្រញាប់ទិញភ្លាមៗ។

និយាយតាមត្រង់ទៅ គ្មានអ្នកណាដែលកើតមកចេះលក់ដាច់ភ្លាមៗនោះទេ! សម្រាប់អ្នកទើបតែបើកហាងថ្មីថ្មោង ការនិយាយស្តីជាមួយភ្ញៀវអាចជារឿងដែលពិបាក និងអៀនប្រៀនបន្តិច ប៉ុន្តែបើអ្នកខំប្រឹងរៀនកែសម្រួលពាក្យសម្តីជារៀងរាល់ថ្ងៃនោះ អ្នកនឹងមើលឃើញពីលទ្ធផលប្លែកភ្លាមៗ។

សំខាន់ឲ្យតែយើងនិយាយចេញពីចិត្ត ស្មោះត្រង់ និងយល់ពីចិត្តភ្ញៀវ នោះភ្ញៀវមិនត្រឹមតែទិញអីវ៉ាន់យើងម្តងនោះទេ តែគេនឹងក្លាយជាភ្ញៀវប្រចាំថ្ងៃក្រោយទៀតផង។ សាកយកតិចនិចទាំង ៥ នេះទៅប្រើទៅមើល ចាំមើលថាតើភ្ញៀវចូលចិត្តជាងមុនឬអត់!

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia