ចិត្តសាស្រ្ត៖ មនុស្សមានសញ្ញា៥នេះបង្ហាញថា ពួកគេលាក់ទុក្ខកង្វល់ច្រើន តែប្រឹងសម្តែងធ្វើធម្មតា
Ping Chou EngJUNE 24 202410.4 K views

មនុស្សជាច្រើនតែងញញឹម ប៉ុន្តែយើងមិនដឹងទេថាតើគេកំពុងលាក់បាំងកង្វល់ក្នុងជីវិតអ្វីខ្លះរបស់គេ ខណៈការយល់ដឹងអំពីសញ្ញានៃមនុស្សប្រឹងសម្តែងធ្វើរីករាយធម្មតា ដើម្បីបិទបាំងទុក្ខព្រួយនេះ គឺសំខាន់ព្រោះយើងក៏អាចក្លាយជាចំណែកមួយផ្តល់ការគាំទ្រទៅកាន់ពួកគេផងដែរ។

យ៉ាងណាមិញខាងក្រោមនេះជាសញ្ញា៥យ៉ាងពីស្ថាប័ន Hack Spirit បញ្ជាក់ថាមនុស្សម្នាក់នោះកំពុងលាក់ទុក្ខកង្វល់ច្រើន តែប្រឹងសម្តែងធ្វើធម្មតា។

. ជាមនុស្សឆាប់ខឹងច្រើន៖ ពេលដែលនរណាម្នាក់តែងឆាប់ខឹង តូចចិត្តឬអន់ចិត្តញឹកញាប់ គឺជាសញ្ញាបញ្ជាក់ថាពួកគេជាមនុស្សដែលគិតច្រើននិងលាក់ទុក្ខកង្វល់ខ្លាំង ហើយជាធម្មតា សូម្បីតែរឿងបន្តិចបន្តួចក៏អាចនឹងប៉ះពាល់ផ្លូវចិត្តរបស់ពួកគេផងដែរ ពីព្រោះពួកគេមិនបានអប់រំចិត្តនិងឆ្លុះបញ្ចាំងអំពីខ្លួនឱ្យបានញឹកញាប់ជាប្រចាំនោះទេ។

. ជាមនុស្សពិបាកសម្រេចចិត្ត៖ ពេលដែលនរណាម្នាក់ ជាមនុស្សលាក់ទុក្ខកង្វល់  សូម្បីតែការសម្រេចចិត្តដ៏សាមញ្ញបំផុតក៏អាចក្លាយជាកិច្ចការដ៏គួរឱ្យភ័យខ្លាចនិងលំបាកសម្រាប់គេដែរនេះគឺដោយសារតែថាមពលផ្លូវចិត្តរបស់ពួកគេជាប់គាំងជាមួយនឹងការតស៊ូផ្នែកផ្លូវចិត្តដែលធ្វើឱ្យពួកគេមិនអាចសម្រេចចិត្តងាយបានសូម្បីតែរឿងតូចតាច។

. គេបាត់បង់ចំណាប់អារម្មណ៍៖ ការបាត់បង់ចំណាប់អារម្មណ៍លើសកម្មភាពដែលធ្លាប់ស្រឡាញ់ពីមុន គឺជាសញ្ញាមួយនៃមនុស្សដែលលាក់ទុក្ខព្រួយ នៅពេលដែលនរណាម្នាក់កំពុងដោះស្រាយជាមួយនឹងភាពចលាចលខាងក្នុងផ្លូវចិត្ត សូម្បីតែចំណង់ចំណូលចិត្តរបស់ពួកគេក៏អាចមានអារម្មណ៍ដូចជាការងារបន្ទុកការងារដ៏ស្មុគស្មាញដែរ។

. តែងដកឃ្លាចេញពីទំនាក់ទំនងសង្គម៖ នៅពេលដែលនរណាម្នាក់មិនសប្បាយចិត្ត ពួកគេតែងតែដកខ្លួនចេញពីសកម្មភាពសង្គម វាមិនមែនដោយសារតែពួកគេមិនរីករាយជាមួយអ្នកដទៃនោះទេ ប៉ុន្តែដោយសារតែពួកគេព្យាយាមលាក់ទុក្ខកង្វល់របស់ខ្លួនមិនឱ្យនរណាដឹង ជាពិសេសដើ​ម្បីប្រយុទ្ធនិងដោះស្រាយបញ្ហាទាំងនោះដោយខ្លួនឯង ព្រោះពួកគេយល់ថាគ្មាននរណាយល់ពីពួកគេ។

. តែងងងុយគេងនិងអស់កម្លាំងចិត្ត៖ ការគេងរបស់យើងអាចជាសូចនាករសំខាន់ដែលអាចវាស់ស្ទង់សុខភាពផ្លូវចិត្តរបស់យើង ខណៈការសិក្សាបានបង្ហាញថាបុគ្គល​ដែលមានជំងឺធ្លាក់ទឹកចិត្ត ​ច្រើន​តែ​ជួប​ការ​រំខាន​ដល់​ដំណេក។ ប៉ុន្តែសម្រាប់មនុស្សដែលលាក់ទុក្ខកង្វល់ច្រើន គិតច្រើន គឺជាមនុស្សដែលអាចគេងលក់ស្កប់ស្កល់ ប្រើការសម្រាកជាការរត់គេចពីបញ្ហាហើយពួកគេតែងងងុយគេង ឬត្អូញត្អែរអំពីការគេងមិនបានឆ្អែត ដែលសញ្ញាទាំងនេះវាលើសពីការអស់កម្លាំងកាយ ព្រោះវាជាការអត់កម្លាំងចិត្ត។

ជាការពិតណាស់សញ្ញាទាំងនេះគឺពាក់ព័ន្ធនឹងផ្លូវចិត្តរបស់បុគ្គលផ្ទាល់ខ្លួន ដែលបុគ្គលខ្លះខ្វះការអប់រំផ្លូវចិត្តដោយខ្លួនឯង គិតច្រើនជ្រុលលើសដែនគ្រប់គ្រងរបស់ខ្លួន មិនមានការគិតវិជ្ជមាននិងរក្សាតុល្យភាពចិត្ត ខ្វះការស្វែងរកជំនួយពីមិត្តយល់ចិត្ត និង​មិនបានចំណាយពេលវេលាមួយខ្លួនឯង។ ដូច្នេះដើម្បីកាត់បន្ថយនិងជម្នះបញ្ហានេះបុគ្គលគួរតែសិក្សាអំពីខ្លួនឯង ស្វែងរកមូលហេតុដែលធ្វើឱ្យអ្នកមានសុភមង្គលហើយចាប់ផ្តើមធ្វើវា៕

អត្ថបទដោយ៖​ ពីង ជូអេង

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia