នៅវ័យ២០-២៥ឆ្នាំយុវជនភាគច្រើនអាចនឹងកំពុងធ្វើការដើម្បីរកចំណូលផ្គត់ផ្គង់ខ្លួនឯង ការសិក្សា និងគ្រួសារ ដោយមិនរាប់បញ្ចូលអ្នកដែលរៀបការមានប្តីមានប្រពន្ធកសាងគ្រួសារហើយនោះទេ។ យ៉ាងណាមិញខាងក្រោមនេះជាដើមចមធ្វើ ឱ្យយុវវ័យភាគច្រើនមិនអាចសល់លុយសម្រាប់សន្សំ រស់នៅចុងខែចេះតែថប់ៗដង្ហើម ខ្វះខាតមុខក្រោយ៖
១. មិនមានជំនាញដឹកនាំខ្លួនឯង
ដឹកនាំខ្លួនឯងគឺជាជំនាញទន់មួយដែលមនុស្សទាំងអស់គួរតែមានដើម្បីអាចជួយខ្លួនឯងឱ្យឆាប់ដល់គោលដៅ។ ការដឹកនាំខ្លួនឯងហេតុអ្វីពាក់ព័ន្ធនឹងការមិនសល់លុយសល់កាក់របស់យើង? ព្រោះភាពជាអ្នកដឹកនាំខ្លួនឯង បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅរបស់យើងប្រចាំថ្ងៃ ដូចជាវិន័យ សណ្តាប់ធ្នាប់ ផ្នត់គំនិត អត្តចរិត របៀបដោះស្រាយនិងការប្រឈមមុខជាមួយបញ្ហាក្នុងជីវិត។
ឧទាហរណ៍ បើបងប្អូនកំពុងជួបបញ្ហាខ្វះលុយ យើងសាកសង្កេតខ្លួនឯងបន្តិចថា នៅពេលដែលយើងមានលុយយើងបែរជាចាយមិនបានគិត តែនៅពេលអស់លុយទើបយើងចាប់ផ្តើមចេះគិត ហើយនេះជាចំណុច១មានទំនាក់ទំនងគ្នាជាមួយវិន័យ យើងខ្វះលុយវាអាចមកពីពេលយើងមានលុយ យើងមិនមានវិន័យផ្ទាល់ខ្លួនក្នុងការចាយវាយ មិនមានផ្នត់គំនិតសន្សំសំចៃជាដើម។
២. មានតម្រូវការសង្គមច្រើន
តម្រូវការសង្គមត្រង់ចំណុចនេះមិនមែនសម្តៅដល់ការចាយលុយជ្រុលនិយមទៅលើសម្ភារៈទំនើបដើម្បីសម្ងែងញាតិមិត្តនោះទេ តែជាតម្រូវការមួយចំនួនក្នុងជីវិតរស់នៅប្រចាំថ្ងៃ សាមញ្ញៗតែច្រើនលើសលុប ហើយភ្លេចគិតដល់រឿងទុកដាក់លុយ១កាក់១សេន។
ឧទាហរណ៍ ដូចជាការមើលឥវ៉ាន់លេងៗ តែទិញមែនទែន ចេញពីធ្វើការបាយល្ងាចក្រៅផ្ទះញឹកញយ ជំនួបច្រើនដងក្នុងមួយខែៗ ទិញសម្ភារៈប្រើប្រាស់ចាំបាច់ច្រើនដងក្នុង១ខែៗ ដូចជ អាហារថ្លៃៗ ទទួលទានកាហ្វេជាប្រចាំ សម្លៀកបំពាក់ កាបូបឬស្បែកជើងជាដើម ហើយកត្តាទាំងនេះ អាចធ្វើឱ្យយើងខ្លួនឯងយល់ច្រឡំថាជាវាការចំណាយចាំបាច់ ទាន់តម្រូវការសង្គម។
៣. មិនយល់ចិត្តលុយ
ពេលយើងស្រឡាញ់សង្សារយើង បើយើងមិនយល់ចិត្តគេតើគេនៅជាមួយយើងបានយូរឬទេ? ដូចគ្នាជាមួយលុយដែលគឺវាមិនចូលចិត្តមនុស្សដែលមិនយល់ពីវា ហើយលោក Robert Kiyosaki អ្នកនិពន្ធអំពីលុយកាក់ដ៏ល្បីឈ្មោះ តែងនិយាយថាមិនមនុស្សភាគច្រើនមិនអាចក្លាយជាអ្នកសល់ទ្រព្យ សល់លុយដោយសារពួកគេមិនបានរៀនអំពីចិត្តសាស្រ្តនៃលុយ។
ដូច្នេះក្រៅតែអំពីការរៀន ចំណេះដឹង ជំនាញផ្សេងៗដែលនាំឱ្យយើងអាចរកលុយបាន យុវជន-យុវតីគួរតែរៀនសូត្រពីចំណេះដឹងហិរញ្ញាវត្ថុ រៀនពីការវិនិយោគហើយការវិនិយោគ នេះទៀតសោតមិនមែនចាំតែមានលុយច្រើនទៅទិញដីទិញផ្ទះនោះទេ តែយើងអាចសន្សំលុយពីប្រាក់ខែដែលរកបានឱ្យបានទៀងទាត់តែ១ខែ២០-៣០$ ក្នុងមួយឆ្នាំក៏យើងអាចមើលឃើញលុយដែរ ទោះវាកើនតិចតែវាកើតចេញពីការវិនិយោគចំណេះដឹង កម្លាំងកាយចិត្ត ពេលវេលារបស់យើងទៅលើការងារ។
៤. ស្ថានភាពគ្រួសារ អាចបង្កើតជាបន្ទុក
នៅពេលដែលគ្រួសារផ្តត់ផ្គង់នឹងចំណាយប្រាក់កាក់ចិញ្ចឹមយើងឱ្យយើងរៀនសូត្រ ពេលមានស្លាបហើររកចំណីបានហើយយើងប្រហែលជាមិនអាចបិទភ្នែក មិនជួយសម្រាលបន្ទុកគ្រួសារនោះទេ ហើយសិនជាគ្រួសារជាប់បំណុលទៀតនោះកាន់តែលំបាក។
ដូច្នេះហើយនេះក៏អាចក្លាយជាមូលហេតុមួយដែលធ្វើឱ្យអ្នកធ្វើការមួយចំនួនមិនអាចសល់លុយកសាងអនាគតឱ្យខ្លួនឯង។ ប៉ុន្តែចំពោះបញ្ហានេះដំណោះស្រាយមានតែ១ប៉ុណ្ណោះគឺខិតខំប្រឹងប្រែងដុសខាត់ចំណេះជំនាញខ្លួនឯងឱ្យកាន់តែមានសមត្ថភាព ធ្វើការឱ្យបានប្រាក់ខែខ្ពស់ រកស៊ីឱ្យមានលទ្ធផលបង្កើនចំណូលច្រើនប្រភព ដើម្បីបន្ធូរបន្ទុក បង្កើនគុណភាពជីវិត រស់នៅឱ្យមានស្តង់ដារ។
៥. មិនមានគោលដៅសន្សំ
គោលដៅនិងវិន័យជាគូរនិស្ស័យនឹងគ្នាគ្រប់ពេលពេល គ្រប់ភព គ្រប់ជាតិ គោលដៅមិនអាចចេញជាផ្លែផ្កាបានទេប្រសិនបើគ្មានវិន័យ។ អញ្ចឹងហើយការសន្សំលុយក៏ត្រួវមានគោលដៅ មានវិន័យជាមួយវាដែរ ឧទាហរណ៍ដូចជាយើងដាក់គោលដៅសន្សំ កំណត់ពេលវេលា បង្កើតវិន័យឱ្យខ្លួនឯង ធ្វើផែនការសកម្មភាព តាមដានការចំណាយឱ្យជាប់លាប់ កុំឱ្យដូចពាក្យដែលបងប្អូនយើងមួយចំនួនចំណាំនិយាយលេងថាផ្លូវទៅរកលុយពិបាកដូចផ្លូវទៅផ្ទះម៉ែក្មេក ផ្លូវទៅចាយលុយស្រួលដូចផ្លូវហាយវេ។
សរុបមកវិញមូលហេតុដែលធ្វើឱ្យយើងមិនអាចសល់លុយវាអាចបណ្តាលមកពីខ្លួនយើងផង ពីកត្តាជុំវិញយើងផង ដូច្នេះហើយដើម្បីកុំឱ្យបញ្ហាក៏ជាដូចមូលហេតុមួយចំនួនប្រែក្លាយទៅមហារីកលេសបាន យើងត្រូវព្យាយាមស្វះស្វែងរកដំណោះស្រាយ ចោលនូវបញ្ហាណាដែលអាចធ្វើទៅបានឱ្យបានល្អបំផុត៕
អត្ថបទដោយ៖ ពីង ជូអេង


