នៅក្នុងការធ្វើការងារសព្វថ្ងៃនេះ ការធ្វើជាអ្នកដឹកនាំដ៏ល្អមួយរូប មិនមែនទាមទារឱ្យយើងតឹងតែងជាមួយបុគ្គលិកនោះទេ។ ការប្រាស្រ័យទាក់ទង ការនិយាយរាប់អាន និងភាពស្មោះត្រង់ គឺជាកត្តាសំខាន់ខ្លាំងណាស់ក្នុងការកសាងទំនុកចិត្ត និងបង្កើតបរិយាកាសធ្វើការដែលសប្បាយរីករាយ។ ប៉ុន្តែ ទន្ទឹមនឹងភាពស្និទ្ធស្នាលនេះ ប្រហែលជាអ្នកយល់ច្រឡំរវាង ការរាប់អាន និង ការចែករំលែករឿងផ្ទាល់ខ្លួនច្រើនហួសហេតុ។
នៅពេលដែលអ្នកដឹកនាំម្នាក់និយាយរឿងផ្ទាល់ខ្លួនដែលជ្រុលហួសហេតុដោយមិនបានគិតពិចារណាជាមុន នោះវាអាចប្រែក្លាយជាអាវុធមុខពីរដែលបំផ្លាញការគោរព និង ធ្វើឱ្យបុគ្គលិកមានអារម្មណ៍មិនល្អ។ ការស្គាល់ព្រំដែនច្បាស់ថាអ្វីដែលគួរនិយាយ និងអ្វីដែលមិនគួរនិយាយ ព្រោះវាជាជំនាញទំនាក់ទំនងដ៏ចាំបាច់បំផុតសម្រាប់អ្នកដឹកនាំគ្រប់រូប។
ដូច្នេះខាងក្រោមនេះជារឿងផ្ទាល់ខ្លួន ៥ ដែលអ្នកដឹកនាំគួរចៀសវាងកុំនិយាយនៅកន្លែងធ្វើការអោយសោះ ៖
១. បញ្ហាជម្លោះក្នុងគ្រួសារ ឬរឿងស្នេហា
ការយករឿងឈ្លោះប្រកែកគ្នាជាមួយប្តី ប្រពន្ធ ឬសង្សារខ្លួន មករអ៊ូរទាំប្រាប់បុគ្គលិក វាធ្វើឱ្យគេមើលឃើញថា យើងជាមនុស្សដែលមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ នៅពេលយើងយករឿងក្តៅក្រហាយពីផ្ទះមកនិយាយកន្លែងធ្វើការ កូនក្រុមនឹងបារម្ភថាអារម្មណ៍ខឹងរបស់យើង អាចនឹងប៉ះពាល់ដល់ការសម្រេចចិត្តលើការងារ ឬអាចជះកំហឹងលើបុគ្គលិកក្រោមបង្គាប់។ ស្របតាមការសិក្សាលើប្រធានបទមួយ Authentic Leadership and Professional Boundaries នៅក្នុងសារពត៌មានស្រាវជ្រាវ Journal of Applied Psychology បានបញ្ជាក់ថា ការចែករំលែករឿងរ៉ាវជម្លោះគ្រួសារជ្រុលហួសហេតុពេក អាចធ្វើឱ្យឥទ្ធិពល និងភាពជាអ្នកដឹកនាំមានការធ្លាក់ចុះ។
២. បញ្ហាហិរញ្ញវត្ថុផ្ទាល់ខ្លួន
ការដើរទៅរអ៊ូរទាំថាខ្លួនក្រ ខ្វះលុយ មានបំណុលច្រើន ឬផ្ទុយទៅវិញ ការដើរអួតអាងពីសម្ភារៈនិយម ទ្រព្យសម្បត្តិ និងឡានទំនើបជ្រុលពេក វាសុទ្ធតែជារឿងមិនល្អ។ មួយវិញទៀតការនិយាយរឿងខ្លួនខ្វះលុយ វាធ្វើឱ្យបុគ្គលិកបារម្ភពីស្ថេរភាព និងសមត្ថភាពគ្រប់គ្រងរបស់យើង។ ចំណែកការដើរអួតទ្រព្យ ធ្វើឱ្យបុគ្គលិកមានអារម្មណ៍អាក់អន់ចិត្ត និងមើលឃើញថាគ្មានសមភាព ខណៈពេលដែលពួកគេកំពុងខិតខំធ្វើការដើម្បីប្រាក់ខែដូចគ្នា។ ពីអត្ថបទស្រាវជ្រាវ Harvard Business Review (HBR) បានបង្ហាញថា ការនិយាយរឿងលុយកាក់ផ្ទាល់ខ្លួន វាអាចបំផ្លាញនូវសុវត្ថិភាពផ្លូវចិត្ត និងបង្កើតគម្លាតរវាងអ្នកដឹកនាំ និងបុគ្គលិក។
៣. ទស្សនៈនយោបាយ និងសាសនាដែលជ្រុលនិយម
រឿងនយោបាយ និងសាសនា គឺជាប្រធានបទដ៏រសើបដែលមនុស្សម្នាក់ៗមានជំនឿ និងការយល់ឃើញផ្សេងៗគ្នា។ ប្រសិនបើអ្នកដឹកនាំយកទស្សនៈផ្ទាល់ខ្លួនមកនិយាយជជែកដេញដោល ឬរិះគន់ភាគីណាមួយ នោះបុគ្គលិកដែលមានទស្សនៈផ្ទុយ នឹងមានអារម្មណ៍ថាត្រូវគេរើសអើង គ្មានសុវត្ថិភាពក្នុងការបញ្ចេញមតិ និងមួយវិញទៀតវាអាចបង្កជាជម្លោះបែកបាក់ក្នុងក្រុមមិនខាន។ របាយការណ៍របស់ស្ថាប័ន Society for Human Resource Management (SHRM) បានរកឃើញថាបើអ្នកដឹកនាំនិយាយប្រធានបទនយោបាយ និងសាសនាហួសហេតុ ដោយមិនបានពិចារណាមុន វាអាចនឹងបង្កើតឱ្យមានការបែកបាក់ស្មារតីជាក្រុម។
៤. ការអ៊ូរទាំ ឬការនិយាយដើមថ្នាក់លើប្រាប់កូនក្រុម
នៅពេលអ្នកដឹកនាំមិនពេញចិត្តថ្នាក់លើ ឬក្រុមហ៊ុន ហើយយករឿងអវិជ្ជមានទាំងនោះមកនិយាយរអ៊ូរទាំប្រាប់បុគ្គលិក
វាគឺជាការបង្ហាញពីភាពមិនមានវិជ្ជាជីវ:ក្នុងខ្លួន។ ទង្វើនេះអាចបំផ្លាញទំនុកចិត្តរបស់បុគ្គលិកលើក្រុមហ៊ុនទាំងមូល ដោយធ្វើឱ្យពួកគេមានអារម្មណ៍ថា ក្រុមហ៊ុនគ្មានស្ថេរភាព គ្មានទិសដៅច្បាស់លាស់ និងបង្កើតបរិយាកាសធ្វើការដែលពោរពេញដោយការខ្វែងគំនិតគ្នា។ ការស្រាវជ្រាវរបស់ "Organizational Trust" របស់ស្ថាប័ន Center for Creative Leadership (CCL) បានបញ្ជាក់ថា អ្នកដឹកនាំដែលនិយាយដើមថ្នាក់លើប្រាប់កូនក្រុម វាជាមូលហេតុក្នុងការបំផ្លាញស្មារតីធ្វើការ និងធ្វើឱ្យសមត្ថភាពការងាររបស់ក្រុមធ្លាក់ចុះដោយមិនដឹងខ្លួន។
៥. ការនិយាយដើម ឬការរិះគន់បុគ្គលិកម្នាក់ ឱ្យបុគ្គលិកម្នាក់ទៀតស្តាប់
ការយករឿងផ្ទាល់ខ្លួន កំហុស ឬចរិតលក្ខណៈរបស់បុគ្គលិកផ្សេង ទៅនិយាយប្រាប់បុគ្គលិកផ្សេងមួយទៀត វាគឺជាទម្លាប់ដែលបំផ្លាញការទុកចិត្តធ្ងន់ធ្ងរបំផុត។ នៅពេលដែលបុគ្គលិកម្នាក់ឃើញថាយើងនិយាយពីបុគ្គលិកម្នាក់ទៀត ពួកគេនឹងគិតភ្លាមថា យើងក៏អាចយករឿងសម្ងាត់ ឬកំហុសរបស់គេទៅនិយាយដើមប្រាប់អ្នកផ្សេងដូចគ្នា ដែលធ្វើឱ្យទំនាក់ទំនងក្នុងក្រុមមានភាពមិនទុកចិត្តគ្នា។ តាមការសិក្សារបស់ American Psychological Association (APA) បានរកឃើញថា ការនិយាយដើមចេញពីមាត់អ្នកដឹកនាំ គឺជាដើមហេតុចម្បងដែលបំផ្លាញភាពជឿជាក់ និងធ្វើឱ្យបុគ្គលិករត់ចោលការងារកាន់តែច្រើន។
ការធ្វើជាអ្នកដឹកនាំដែលមានឥទ្ធិពល និង ទទួលបានការគោរព មិនមែនទាមទារឱ្យយើងធ្វើខ្លួនជាមនុស្សតឹងរឹងលើការធ្វើការងារ ឬធ្វើជាមនុស្សគ្មានបេះដូងនោះទេ។ ប៉ុន្តែការបង្ហាញការយកចិត្តទុកដាក់ចំពោះបុគ្គលិក វាគឺជាកម្លាំងចលករដ៏សំខាន់ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ការស្គាល់ពេលវេលា និងព្រំដែននៅក្នុងការនិយាយស្តីនៅកន្លែងការងារ។


