យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា ពន្ធលើ មធ្យោបាយដឹកជញ្ជូនត្រូវអនុវត្តលើមធ្យោបាយដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជាមានជាអាទិ៍មានដូចជា៖ កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ីមីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល។
ជាមួយគ្នានោះដែរ ពន្ធលើមធ្យោបាយដឹកជញ្ជូនក៏ត្រូវបានលើកលែងចំពោះមធ្យោបាយដឹកជញ្ជូនចំនួន ៥ប្រភេទដូចខាងក្រោម៖
១. រថយន្តគិលានសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យជាកម្មសិទ្ធិរបស់រដ្ឋ។
២. យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែលបម្រើការងារសម្រាប់គោលដៅនៃការការពារជាតិ សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមតែប៉ុណ្ណោះ។
៣. យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូតឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់ រដ្ឋាភិបាលនានា។
៤. ទោចក្រយានយន្តនិងត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រនិងគ្រឿងយន្តប្រហាក់ប្រហែល និងជលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់ ១៥០សេះ ឬតិចជាង។
៥. រថយន្តដែលបំប្លែងមកពីគោយន្ត និងរថយន្តកែច្នៃកង់បីដែលបំពាក់ម៉ាស៊ីន។
សូមរំលឹកផងដែរថា មធ្យោបាយដឹកជញ្ជូនទាំងឡាយណាដែលមានបង្កាន់ដៃបង់ពន្ធនាំចូលចេញមុនខែធ្នូ តែមានបណ្ណសម្គាល់យានជំនិះ ចេញលើកដំបូងក្នុងខែធ្នូនៃឆ្នាំជាប់ពន្ធចរន្ត ត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនក្នុងឆ្នាំនោះ ដោយទទួលបានការលើកលែងប្រាក់ពន្ធបន្ថែម។ ក្នុងករណីបណ្ណសម្គាល់យានជំនិះចេញលើកដំបូងក្នុងខែធ្នូនិងមានបង្កាន់ដៃបង់ពន្ធនាំចូលចេញក្នុងខែធ្នូឆ្នាំតែមួយត្រូវបានអនុញ្ញាតឱ្យបង់ពន្ធសម្រាប់ឆ្នាំបន្ទាប់៕