កុំមើលរំលងមុខរបរនៅតាមផ្សារអោយសោះ! ទោះមើលទៅសាមញ្ញ ប្រឡាក់ប្រឡូក និង ជាមុខរបរដែលរវល់បន្តិចមែន តែរបរទាំងនេះជាអាជីវកម្មដែលមានលំហូរទុនបង្វិលរហ័ស និងមានលុយចូលកុងរៀងរាល់ថ្ងៃតែម្តង ដោយជាក់ស្តែងរបរទាំងនេះមិនងាយដួលដោយសារវិបត្តិសេដ្ឋកិច្ចឡើយ ព្រោះជាតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅរបស់ប្រជាជន។
មុខរបរទាំង ៥ ខាងក្រោមនេះជាមុខរបរដែលត្រូវប៉ាន់សម្រាប់អ្នកកំពុងចង់លក់ដូរនៅផ្សារដែរ :
១. តូបលក់បន្លែ និងគ្រឿងទេស
មនុស្សគ្រប់រូបប្រាកដជាត្រូវទិញបន្លែ និងគ្រឿងទេស មកស្លរស្លុកជារៀងរាល់ថ្ងៃ ដោយមិនអាចមិនទិញបានឡើយ។ ទោះបីជាបច្ចេកវិទ្យាជឿនលឿន ឬមានផ្សារទំនើបច្រើនយ៉ាងណាក៏ដោយ ក៏ស្ត្រីមេផ្ទះភាគច្រើននៅតែនិយមដើរទិញពីផ្សារសាមញ្ញដោយសារតម្លៃធូរថ្លៃ និងបានម្ហូបស្រស់ៗ។ ទោះជាភាគរយចំណេញលើមុខរបរនីមួយៗបានតិច ប៉ុន្តែវាត្រូវបានចំណេញវិញនៅពេលដែលរបស់លក់បានច្រើន និងងាយបង្វិលដើមទុនបានលឿនជារៀងរាល់ព្រឹក ដោយមិនបារម្ភពីការគាំងរបស់លក់ឡើយ។
២. តូបលក់អាហារពេលព្រឹក (បាយស្រូប, គុយទាវ , របប…)
ឆ្លើយតបតាមតម្រូវការបស់អ្នកធ្វើការ សិស្សសាលា អ្នករត់កង់បី និងអាជីវករក្នុងផ្សារដែលពួកគាត់ត្រូវការអាហារក្តៅៗ ឆ្ងាញ់ និងលឿនរហ័ស អាជីវកម្មទាំងនេះជាប្រភេទមុខរបរប្រមូលលុយបានច្រើនខ្លាំងក្នុងពេលខ្លីត្រឹមតែ ៣ ទៅ ៤ ម៉ោងប៉ុណ្ណោះក្នុងមួយព្រឹក។ កម្រិតនៃប្រាក់ចំណេញមានខ្ពស់ខ្លាំងចន្លោះពី ៤០% ទៅ ៥០% នៃចំណូលសរុប ប្រសិនបើអ្នកមានស្នាដៃធ្វើម្ហូបឆ្ងាញ់ មានអនាម័យ និង លក់បានរហ័ស។
៣. តូបលក់ភេសជ្ជៈ (ទឹកអំពៅ, កាហ្វេ ,ទឹកសណ្តែក)
ដោយសារអាកាសធាតុនៅស្រុកយើងមានភាពក្តៅ ភេសជ្ជៈត្រជាក់ៗគឺជាតម្រូវការដំបូងបង្អស់របស់អ្នកដើរផ្សារ អ្នកដឹកជញ្ជូន ឬ អ្នកធ្វើដំណើរទូទៅមិនអាចខ្វះបាន។ អាជីវកម្មទាំងនេះងាយស្រួលលក់ ចំណាយដើមទុនបង្វិលទិញវត្ថុធាតុដើមតិចតួច ប៉ុន្តែទទួលបានភាគរយក្នុងការចំណេញខ្ពស់ខ្លាំង ជាពិសេសទឹកអំពៅ និងកាហ្វេហ្វីន ដែលចំណាយដើមតិច តែអាចប្រមូលលុយបានច្រើន និងលក់ដាច់រៀងរាល់ថ្ងៃ។
៤. តូបលក់សាច់ស្រស់ និងគ្រឿងសមុទ្រ
ការលក់សាច់ជ្រូក សាច់មាន់ ត្រី និងគ្រឿងសមុទ្រ គឺជារបស់មួយដែលមិនអាចខ្វះបានទេក្នុងការរធ្វើម្ហូបអាហារប្រចាំថ្ងៃរបស់គ្រួសារនីមួយៗ។ អត្ថប្រយោជន៍ដ៏ធំបំផុតនៃមុខរបរនេះ គឺការមានអតិថិជនជាម៉ូយថេរ និងម៉ូយធំៗ ដូចជា តូបលក់បាយ អាហារដ្ឋានធំតែម្តង ដែលទិញក្នុងបរិមាណច្រើនរៀងរាល់ថ្ងៃ។ ដោយសារការទិញលក់ក្នុងទំហំទឹកប្រាក់ច្រើន ធ្វើឱ្យអ្នកលក់សាច់អាចរកចំណូលបានរាប់រយដុល្លារក្នុងមួយថ្ងៃៗពីការលក់ដុំ និងរាយ។
៥. តូបលក់ប្រហិតបំពង និងគ្រឿងក្លែម
ចាប់ពីវេលាម៉ោង ៣ រសៀលឡើងទៅ មនុស្សម្នា ជាពិសេសក្រុមយុវវ័យ សិស្សសាលា និងអ្នកធ្វើការរោងចក្រ ឬ ក្រុមហ៊ុន ចាប់ផ្តើមស្វែងរកអាហារសម្រន់ ឬគ្រឿងក្លែមយកទៅញ៉ាំលេង។ របរប្រភេទនេះងាយស្រួលស្តុកទុក មិនងាយខូចខាតសល់ដើមទុនឡើយ បើចេះទុកដាក់បានត្រឹមត្រួវ ហើយបើអ្នកមានរូបមន្តធ្វើទឹកជ្រលក់ឆ្ងាញ់ និង ពូកែរករសជាតិប្លែកៗ ទៀតនោះអ្នកនឹងអាចទាក់ទាញម៉ូយឱ្យមកទិញរាល់ថ្ងៃជាមិនខាន។
ទោះជាមុខរបរទាំងនេះមានតម្រូវការទីផ្សារខ្ពស់ស្រាប់ក៏ដោយ ប៉ុន្តែអ្នកដែលមានលុយហូរចូលរាល់ថ្ងៃ គឺពួកគេតែងតែជ្រើសរើសទីតាំងលក់ល្អនៅជិតច្រកចេញ-ចូល, ការរក្សាបាននូវអនាម័យ និងភាពស្រស់នៃទំនិញ ព្រមទាំងការលក់ដូរអោយរហ័សរហួន និងមានសម្ដីផ្អែម នោះម៉ូយនឹងមកមិនចេះដាច់ជាមិនខាន។


