ការសិក្សាពីអ្នកជំនាញចិត្តសាស្រ្តមកពីទីភ្នាក់ងារចែករំលែកព័ត៌មានស្តីអំពីសុមាលភាពផ្លូវកាយ&ផ្លូវចិត្តសហរដ្ឋអាមេរិក Hack Sprite អ្នកស្រី Jeanette Brown បានសិក្សាឱ្យដឹងថាមេរៀនជីវិតដ៏សំខាន់៥យ៉ាងខាងក្រោមនេះ មនុស្សស្ទើរតែ៩៥% គិតខុស និងបានភ្ញាក់រឭកយឺតពេលបន្តិច នៅក្នុងជីវិតរបស់ពួកគេ។
១. ទ្រព្យសម្បត្តិជាជោគជ័យតែ១មុខ៖ មេរៀនសំខាន់មួយ ដែលមនុស្សភាគច្រើនតែងរៀនសូត្រពីវាយឺតពេលបន្តិចក្នុងជីវិត គឺការមានក្តីសុខជាជម្រើសរបស់យើងមិនមែនពឹងផ្អែកទៅលើលទ្ធផលនៃភាពជោគជ័យ ទ្រព្យសម្បត្តិឬកត្តាខាងក្រៅតែម្យ៉ាងប៉ុណ្ណោះទេ ដែលអាចជួយឱ្យយើងសប្បាយរីករាយបាន។ ការពិតទៅតាមចិត្តវិទ្យា ក្តីសុខជាជម្រើសដែលមនុស្សអាចរើសបានពីអាកប្បកិរិយាដែលយើងចង់បាន ជ្រើសរើសភាពស្កប់ស្កល់ជាមួយអ្វីដែលយើងមាន និងការស្វែងរកភាពរីករាយក្នុងរឿងតូចតាចនៃដំណើរជីវិត ជាជាងរង់ចាំដល់គោលដៅធំទើបមានសេចក្តីសុខបាន។
២. ផ្តល់ឱ្យខ្លួនឯងមុន ជារឿងអាត្មានិយម៖ ការផ្តល់ឱ្យខ្លួនឯង និងថែរក្សាខ្លួនឯងមុនអ្នកដទៃ មនុស្សភាគច្រើន តែងយល់ខុសថាវាជារឿងអាត្មានិយម។ ប៉ុន្តែការពិតយើងនឹងមិនអាចផ្តល់ឱ្យអ្នកដទៃបានឡើយប្រសិនបើយើងមិនបានយកចិត្តទុកស្រឡាញ់និងមើលថែខ្លួនឯងជាមុន។ ដូច្នេះកុំធ្វេសប្រហែសក្នុងការថែទាំខ្លួនឯង ចូរចំណាយពេលសម្រាប់ខ្លួនឯងមុន បង្កើនថាមពលឱ្យខ្លួនឯងមុន ទើបយើងអាចចាក់ថាមពលឱ្យអ្នកដទៃបាន។
៣. ខ្វល់អតីតកាលនិងបារម្ភអនាគតពេក៖ នៅក្នុងសង្គមដែលមានការប្រកួតប្រជែង និងតម្រូវឱ្យមានការប្រឹងប្រែងឱ្យបានខ្លាំងជាងគេ បានបង្រៀនឱ្យយើងត្រូវតែប្រញាប់ប្រញាល់ ខិតខំ បារម្ភខ្វល់ខ្វាយពីអនាគតជាខ្លាំង រហូតដល់ភ្លេចចំណាយពេលខ្លះរីករាយក្នុងដំណើរជីវិតតាមធម្មតា និងភ្លេចផ្តោតលើបច្ចុប្បន្នភាពកំពុងមានឱ្យបានល្អ។ មនុស្សភាគច្រើនភ្លេចខ្លួននឹងប្រឹងប្រែងនិងខ្វល់ខ្វាយពីអនាគតខ្លាំងពេក រហូតដល់ភ្លេចគិតថាការពិតអនាគត កំពុងកើតឡើងនៅខណៈពេលនេះ។
៤. ការបដិសេធជារឿងខុសឆ្គង៖ ចំពោះការអញ្ជើញ សំណើនិងឱកាសមួយចំនួន មនុស្សភាគច្រើនបែរជាខ្លាចនិងរអៀសចិត្តមិនហ៊ាននិយាយបដិសេធ ខណៈដឹងថាឱកាសទាំងនោះមិនស័ក្តិសមនឹងខ្លួនឡើយ។ ប៉ុន្តែយ៉ាងណាមិញតាមចិត្តវិទ្យាបានឱ្យដឹងថា ការនិយាយបដិសេធចំពោះអ្វីដែលធ្វើមិនពេញចិត្តមិនមែនជារឿងខុសឆ្គងនោះទេ តែការនិយាយថាយល់ព្រមចំពោះអ្វីៗទាំងអស់នៅជុំវិញខ្លួនទៅវិញទេដែលជារឿងខុស ព្រោះយើងមិនបានរស់នៅមានព្រំដែនធ្វើជាខ្លួនឯងខ្លះ នៅក្នុងស្ថានភាពខ្លះ។
៥. ភាពឥតខ្ចោះអាចកើតឡើងបាន៖ មនុស្សភាគច្រើនបានយល់ខុសថា ភាពឥតខ្ចោះនិងការស្មើភាពពិតជាមាន ប៉ុន្តែវាគ្រាន់តែជារបស់បំភាន់ភ្នែកប៉ុណ្ណោះ។
អ្វីដែលយើងឃើញនៅក្នុងស្ថានភាពជុំវិញខ្លួន នៅតាមបណ្តាញសង្គម ដូចជារូបរាងស្អាតៗ សម្ភារៈនិយមល្អៗ និងសកម្មភាពឡូយៗរបស់គេ ក៏ចាត់ទុកថាជាជីវិតដែលមានភាពឥតខ្ជោះ តែជាក់ស្តែងសមនុស្សសុទ្ធគ្រប់រូបមានការតស៊ូ និងឧបសគ្គរៀងៗខ្លួន អ្វីដែលអ្នកឃើញថាល្អឥតខ្ចោះនៅលើប្រព័ន្ធផ្សព្វផ្សាយ ជាអ្វីដែលគេបានរៀបចំយ៉ាងយកចិត្តទុកដាក់ ហើយក៏មានរបស់មិនល្អឥតខ្ចោះខ្លះ ត្រូវបានលាក់មិនបង្ហាញដែរ៕
អត្ថបទដោយ៖ ពីង ជូអេង