ជីវិតគូ អាចកាន់ដៃគ្នាដល់ចាស់ព្រឹទ្ធចាស់ព្រេង ផ្នែកធំមួយគឺអាស្រ័យលើពាក្យសម្តីឆ្លើយឆ្លងគ្នា និងសកម្មភាពផ្តល់ឲ្យគ្នាទៅវិញទៅមក។ យោងតាមអ្នកជំនាញ ខាងក្រោមនេះជាពាក្យ ៥ឃ្លា ជួយឲ្យជីវិតគូកាន់តែផ្អែមល្ហែម ស្រលាញ់និងយល់ចិត្តគ្នារឹតតែខ្លាំង៖
១/. អរគុណណា៎
លោក John និងអ្នកស្រី Julie Gottman ជាអ្នកចិត្តសាស្រ្ត បានសួរទៅកាន់ប្តីប្រពន្ធ ៤០,០០០គូ ថា៖ «តើអ្វីធ្វើឱ្យស្នេហាស្ថិតស្ថេរ?»។ ចម្លើយដែលគូស្នេហ៍ជោគជ័យភាគច្រើនឆ្លើយគឺ ការប្រើពាក្យ “អរគុណ” ឲ្យបានញឹកញាប់បំផុត។ ពួកគេនិយាយថា ទំនាក់ទំនងដែលរីកចម្រើនទាមទារឲ្យមានវប្បធម៌ចេះសាទរ និងដឹងគុណ ចំពោះរាល់អំពើល្អមិនថាតូចឬធំរបស់ដៃគូ រួមទាំងការបើកចិត្តស្តាប់ការណែនាំពីដៃគូម្ខាងទៀត។
២/. តើអាចពន្យល់ បង/អូន ឲ្យច្បាស់ពីរឿងនេះបានទេ?
ជារឿយៗយើងតែងសន្មត់ថាយើងដឹងគ្រប់យ៉ាងពីអ្វីដែលដៃគូចង់និយាយ តែតាមពិតគាត់អាចនឹងកំពុងបង្ហាញអ្វីមួយកាន់តែច្បាស់ ឬខុសគ្នាទាំងស្រុង។ លោក Cortney Warren អ្នកចិត្តសាស្រ្តនៅសាកលវិទ្យាល័យ Harvard បាននិយាយថា៖ «ប្រសិនបើដៃគូរបស់អ្នកមានប្រតិកម្មចំពោះស្ថានភាពមួយតាមរបៀបដែលអ្នកមិនយល់ ចូរឲ្យគាត់ពន្យល់អ្នកឲ្យកាន់តែច្បាស់ កុំទាន់ខឹងច្រឡោត វាគឺជាគន្លឹះក្នុងការដោះស្រាយជម្លោះ និងទំនាក់ទំនងក្នុងកម្រិតកាន់តែស៊ីជម្រៅ»។
៣/. ខ្ញុំអាចអត់ទោសឲ្យអ្នកបាន! តើអាចអភ័យទោសឲ្យខ្ញុំបានទេ?
នៅពេលស្ថិតក្នុងស្ថានភាពនៃការឈ្លោះប្រកែកគ្នា ឬនៅចង់បញ្ចប់នៃជម្លោះ វាអាចពិបាកពោលពាក្យសុំអភ័យទោសទៅកាន់គ្នាទៅវិញទៅមកណាស់។ យ៉ាងណា តាមការសិក្សាបានបង្ហាញថាគូស្នេហ៍ដែលអនុវត្តការអភ័យទោសទំនងជាមានទំនាក់ទំនងកាន់តែយូរ និងកាន់តែយល់ចិត្តគ្នា។
៤/. ខ្ញុំមានការប្តេជ្ញាចិត្តខ្ពស់ចំពោះអ្នក
អ្នកចិត្តសាស្រ្តនៅសាកលវិទ្យាល័យ Harvard បានឲ្យដឹងថា៖ «ការមានទំនាក់ទំនងគឺជាជម្រើសមួយ។ ប៉ុន្តែរឿងសំខាន់បំផុតមួយទៀត គឺការធានាដៃគូថា អ្នកប្តូរផ្តាច់ជ្រើសរើសនៅជាមួយគាត់ ហើយព្រមឆ្លងកាត់ឧបសគ្គនាថ្ងៃខាងមុខរួមគ្នា នឹងជួយបង្កើតអារម្មណ៍សុវត្ថិភាព និងស្ថិរភាពនៃចំណងស្នេហា»។
៥/. ខ្ញុំពេញចិត្តនូវអ្វីគ្រប់យ៉ាងដែលអ្នកមាន
លោក Cortney Warren បានថ្លែងថា៖ «គូស្នេហ៍ដែលមានសុខុមាលភាពល្អបំផុត មិនត្រឹមតែស្រលាញ់គ្នានោះទេ ពួកគេក៏ពេញចិត្តនូវអ្វីគ្រប់យ៉ាងដែលដៃគូមានផងដែរ»។ ការពេញចិត្តភាពជាខ្លួនឯងរបស់ដៃគូ រួមទាំងបើកចិត្តទទួលស្គាល់លក្ខណៈសម្បត្តិរបស់ពួកគេទាំងល្អនិងអាក្រក់ គឺជាចំណងដ៏តឹងនៃជីវិតគូ។
យ៉ាងណាមិញ ចង់បានដៃគូល្អ សម្តីពីរោះ មិនត្រគោះបោះបោក ចូរប្រព្រឹត្តខ្លួនឲ្យល្អទាំង កាយ វាចា ចិត្ត ជាមុនសិន នោះទើបជីវិតគូសមតាមបំណង ស្រលាញ់គ្នាដល់ចាស់កោងខ្នងរហូតរៀងទៅ ត្បិតពាក្យចាស់ខ្មែរបុរាណលោកបានពោលថា “ឆ្នាំណា គ្របហ្នឹង”៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម https://t.me/hangchhengH24


