កាលពីសម័យមុនគេតែងនិយាយថា ស្រ្តីនៅតែផ្ទះបង្វិលចង្រ្កាន្តមិនជុំ ដែលខុសស្រឡះពីសម័យនេះស្ត្រីមានការអប់រំខ្ពស់ អាចចេញធ្វើការងាររកចំណូលបានដោយខ្លួនឯង ជាពិសេស គឺអាចបំពេញការងារនៅតាមស្ថាប័ន ក្រុមហ៊ុនផ្សេងៗដូចជាបុរសដែរ។ ការវិវត្តន៍ពីមួយឆ្នាំទៅមួយឆ្នាំ បច្ចេកវិទ្យាកាន់តែទំនើបមានការងារជាច្រើនដែលមនុស្សស្រីអាចធ្វើការបាន តាម រយៈ Resume Genius ដែលបានចេញផ្សាយនៅថ្ងៃទី ៣ ខែមីនា បានពិពណ៍នាអំពីអាជីពការងារចំនួន ៥ ដែលអាចទទួលបានប្រាក់ខែខ្ពស់និងមានមនុស្សស្រីស្ទើរតែជិត ១០០% ដែលកំពុងធ្វើការ៖
១. អ្នកគ្រប់គ្រងហិរញ្ញវត្ថុ៖ អាជីពនេះគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ក្រុមហ៊ុននីមួយៗ។ ពួកគេមានភារកិច្ចចម្បងក្នុងការតាមដានរាល់លំហូរ សាច់ប្រាក់ និងការធ្វើរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវបំផុត និងត្រូវប្រើប្រាស់ទិន្នន័យទាំងនោះដើម្បីរៀបចំផែនការវិនិយោគ និងបង្កើតយុទ្ធសាស្ត្រកាត់បន្ថយចំណាយដែលមិនចាំបាច់ ដើម្បីធានាថាអាជីវកម្មអាចរីកចម្រើនទៅមុខប្រកបដោយចីរភាព និងមានប្រាក់ចំណេញខ្ពស់។ ជាមធ្យម ប្រាក់ប្រចាំឆ្នាំអាចមាន ១៦១,៧០០ ដុល្លារ។
២. អ្នកគ្រប់គ្រងធនធានមនុស្ស៖ ការងារនេះមិនត្រឹមតែផ្តោតលើការរើសបុគ្គលិកថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកសម្របសម្រួលរាល់ជម្លោះ និងកសាងវប្បធម៌ការងារឱ្យមានផាសុខភាព។ ហើយក៏ត្រូវរៀបចំប្រព័ន្ធប្រាក់បៀវត្សរ៍ ការបណ្តុះបណ្តាលសមត្ថភាព និងការវាយតម្លៃលទ្ធផលការងារ ដើម្បីឱ្យបុគ្គលិកម្នាក់ៗបញ្ចេញសមត្ថភាពបានពេញលេញ និងមានភាពស្មោះត្រង់ជាមួយស្ថាប័នក្នុងរយៈពេលវែង។ ជាមធ្យម ប្រាក់ប្រចាំឆ្នាំអាចទទួលបាន ១៤០,០៣០ ដុល្លារ។
៣. ឱសថការី៖ ជាអ្នកជំនាញខាងឱសថ ដែលមានតួនាទីផ្តល់ថ្នាំតាមវេជ្ជបញ្ជា និងផ្តល់ប្រឹក្សាដល់អ្នកជំងឺអំពីរបៀបប្រើប្រាស់ថ្នាំឱ្យមានសុវត្ថិភាព។ ពួកគេក៏ត្រូវត្រួតពិនិត្យពីប្រតិកម្មរវាងថ្នាំ និងថ្នាំផងដែរ។ អាជីពនេះ ប្រាក់ប្រចាំឆ្នាំជាមធ្យមអាចទទួលបាន ១៣៧,៤៨០ ដុល្លារ។
៤. គិលានុបដ្ឋាយិកា៖ ជាអ្នកថែទាំអ្នកជំងឺដោយផ្ទាល់។ ពួកគេផ្តល់ថ្នាំ តាមដានស្ថានភាពសុខភាពជារៀងរាល់ថ្ងៃ និងផ្តល់ការគាំទ្រដល់អ្នកជំងឺ ក៏ដូចជាសហការយ៉ាងជិតស្និទ្ធជាមួយវេជ្ជបណ្ឌិត។ ជាមធ្យមអាចទទួលបានប្រាក់ប្រចាំឆ្នាំ ១៣២,០៥០ ដុល្លារ។
៥. អ្នកគ្រប់គ្រងទំនាក់ទំនងសាធារណៈ និងរៃអង្គាសថវិកា៖ អ្នកគ្រប់គ្រងទំនាក់ទំនងសាធារណៈ និងរៃអង្គាសថវិកា ទទួលខុសត្រូវក្នុងការបង្កើតរូបភាពសាធារណៈរបស់អង្គភាព និងកសាងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធសំខាន់ៗ។ ពួកគេរចនាយុទ្ធសាស្ត្រទំនាក់ទំនង ត្រួតពិនិត្យយុទ្ធនាការផ្សព្វផ្សាយ និងដឹកនាំគំនិតផ្តួចផ្តើមរៃអង្គាសថវិកា។ អាជីពនេះទទួលបានប្រាក់ប្រចាំឆ្នាំជាមធ្យម ១៣២,៨៧០ ដុល្លារ។
អាជីពទាំង ៥ នេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏ជោគជ័យមួយនៅក្នុងកម្លាំងពលកម្ម ដោយមានស្ត្រីកាន់តែច្រើនឡើងៗបានបោះជំហានចូលទៅក្នុងតួនាទីជាអ្នកដឹកនាំដែលមានប្រាក់ខែខ្ពស់នៅទូទាំងឧស្សាហកម្មសំខាន់ៗ។ ខណៈពេលដែលអង្គភាពនានាផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើភាពចម្រុះ ការរួមបញ្ចូល និងប្រាក់ខែសមរម្យ ស្ត្រីកំពុងទទួលបានសិទ្ធិចូលកាន់តំណែងកាន់តែរឹងមាំដែលរួមបញ្ចូលគ្នានូវភាពជោគជ័យផ្នែកហិរញ្ញវត្ថុជាមួយនឹងអំណាចធ្វើការសម្រេចចិត្ត។ យ៉ាងណាមិញក៏សូមបញ្ជាក់ដែរថា ប្រាក់ចំណូលដែលទទួលបាននៅក្នុងអាជីពមួយៗគឺអាចខុសគ្នាទៅតាមក្រុមហ៊ុន និងបទពិសោធន៍របស់បុគ្គលម្នាក់ៗ៕


