កាលពីថ្មីៗនេះ ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសលើកលែងការតម្រូវឲ្យកក់ប្រាក់ទិដ្ឋាការចំនួន ១៥,០០០ ដុល្លារ សម្រាប់អ្នកគាំទ្របាល់ទាត់មកពី ៥ប្រទេស ព្រោះនឹងពួកគេត្រូវធ្វើដំណើរមកសហរដ្ឋអាមេរិកដើម្បីទស្សនាការប្រកួត World Cup និងមានសំបុត្រចូលទស្សនាត្រឹមត្រូវ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន BBC ។
ប្រភពខាងលើបានចុះបន្តឱ្យដឹងថា ក្នុងចំណោមប្រទេសទាំងនោះមាន៥ប្រទេស រួមមាន អាល់ហ្សេរី(Algeria) កាប់វែរ(Cape Verde )អាយវ៉ូរីខូស(Ivory Coast) សេណេហ្គាល់(Senegal) និងទុយនីស៊ី(Tunisia)។

លោកស្រី Mora Namdar ដែលជាជំនួយការរដ្ឋលេខាធិការក្រសួងការបរទេសទទួលបន្ទុកកិច្ចការកុងស៊ុល បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន BBC ថា៖ យើងកំពុងលើកលែងការទាមទារប្រាក់កក់ទិដ្ឋាការ សម្រាប់អ្នកគាំទ្រដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលបានទិញសំបុត្រទស្សនា World Cup។
ទោះបីជាការតម្រូវនេះត្រូវបានផ្អាកសម្រាប់អ្នកគាំទ្របាល់ទាត់មកពីប្រទេសរងផលប៉ះពាល់ក៏ដោយ តែអ្នកដំណើរមកពីប្រទេសអ៊ីរ៉ង់ និងហៃទី នៅតែត្រូវបានហាមឃាត់ដដែល។ ប៉ុន្តែ កីឡាករ និងគ្រូបង្វឹកមកពីប្រទេសទាំងនោះ ត្រូវបានលើកលែងសម្រាប់ការធ្វើដំណើរដែលទាក់ទងនឹង World Cup។
ចំណែកអ្នកដំណើរមកពីប្រទេសអាយវ៉ូរីខូស និងសេណេហ្គាល់ ដែលប្រទេសទាំងពីរបានជាប់ទៅលេងនៅវគ្គផ្តាច់ព្រ័ត្រ World Cup នោះ កំពុងប្រឈមមុខនឹងការរឹតបន្តឹងមួយផ្នែក ក្រោមច្បាប់ហាមឃាត់ការធ្វើដំណើរដែលបានពង្រីកវិសាលភាព។

គួររំលឹកថា កាលពីចុងឆ្នាំមុន រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានប្រកាសផងដែរថា ភ្ញៀវទេសចរមកពីប្រទេសរ៥០អាចនឹងត្រូវតម្រូវឲ្យផ្តល់ប្រវត្តិប្រើប្រាស់បណ្តាញសង្គមរយៈពេល ៥ឆ្នាំ ជាលក្ខខណ្ឌក្នុងការចូលប្រទេស ដែលនេះជាគោលនយោបាយអន្តោប្រវេសន៍មួយផ្សេងទៀត ដែលអាចប៉ះពាល់ដល់អ្នកចូលទស្សនាដែលមកសហរដ្ឋអាមេរិកសម្រាប់កម្មវិធី World Cup។ ៕


