កម្ពុជានឹងកាន់តែរីកមុខមាត់ខ្លាំង ខណៈអ្នកផលិតមាតិកា និងជាInfluencer ល្បីៗ មកពីប្រទេសធំៗចំនួន៥ ដូចជា៖ អាមេក បារាំង អង់គ្លេស ចិន ហ្គាណា និងនីហ្សេរីយ៉ា ដែលបានស្រលាញ់ និងសម្រេចចិត្តរស់នៅកម្ពុជារហូត បានប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនខ្លួន និងពិភពលោក។
ជាក់ស្តែង កាលពីកន្លងទៅនេះឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យក្រុមអ្នកផលិតមាតិកា និងជា Influencer បរទេសល្បីៗ នៅប្រទេសកម្ពុជា ដែលដឹកនាំដោយឯកឧត្តម Jesse McCaul ចូលជួបសម្តែងការគួរសម ដើម្បីស្នើសុំអនុសាសន៍ដឹកនាំបន្តពីលើការផលិតមាតិកាព្រមទាំងសំណើកិច្ចសហប្រតិបត្តិការជួយផ្សព្វផ្សាយអំពីកម្ពុជានិងសក្តានុពលទេសចរណ៍ នាទីស្តីការក្រសួង។
ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សកម្មលើការផលិត និងចែករំលែកមាតិកាល្អៗ ពីកម្ពុជានិងសក្តានុពលទេសចរណ៍កម្ពុជាកន្លងមកដល់ប្រជាជននៅប្រទេសកំណើតរបស់ខ្លួន និងប្រជាជនពិភពលោកទាំងមូល។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើដល់អ្នកផលិតមាតិកា និងជា Influencer ដែលមកពីប្រទេសផ្សេងៗ គ្នាតែមានចិត្តរួមគ្នាស្រលាញ់រស់នៅលើទឹកដីកម្ពុជាទាំងអស់យកចិត្តទុកដាក់ផលិតឱ្យបានល្អនូវមាតិកាអំពីប្រទេសកម្ពុជា ជាពិសេសការធានាសុខសុវត្ថិភាពភ្ញៀវទេសចររបស់រាជរដ្ឋាភិបាលកម្ពុជាការចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយដល់ Followers រាប់លាននាក់របស់ខ្លួនដែលនៅគ្រប់ទិសទីនៃពិភពលោក។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសន្យារៀបចំលិខិតថ្លែងអំណរគុណ នឹងផ្តល់ជូនអ្នកផលិតមាតិកា និងជា Influencers ទាំងនេះ សម្រាប់ការដឹងគុណពីការចូលរួមចំណែកដ៏សំខាន់ និងវិជ្ជមានពីប្រទេសកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជារហូតមកដល់ពិភពលោកតាមរយៈការផ្សព្វផ្សាយដល់ Followers រាប់លាននាក់ពីគ្រប់ទិសទីនៃពិភពលោក៕