ក្រ.តជំនាន់! ទោះលក់ដីសល់លុ.យ១លាន$ ក៏អាចធ្លាក់ខ្លួនក្រមកវិញ បើនៅធ្វើរឿងទាំង៥នេះ
Kan DaraNOVEMBER 29 20232 K views

ធ្លាប់ឃើញទេ មនុស្សខ្លះកើតជាអ្នកមានមួយភ្លេត ល្បីពីដើមភូមិដល់ចុងភូមិ ប៉ុន្មានឆ្នាំក្រោយមកជីវភាពយ៉ាប់យ៉ឺនដដែល។ មានដោយចៃដន្យ ត្រូវប៉ាន់ដីឥតព្រៀងទុក ឬឈ្នះឆ្នោតមួយលានដុល្លារ ក៏អាចធ្លាក់ខ្លួនក្រមកវិញ។ ជាក់ស្តែង តាមការស្រាវជ្រាវពីសាលា Harvard បានបង្ហាញថា «ទោះឈ្នះឆ្នោត២០លានដុល្លារក្តី ក្រោយរយៈពេលមួយឆ្នាំ អ្នកឈ្នះឆ្នោតនឹងត្រឡប់ទៅរកចំណុចដើមរបស់ខ្លួន។ អ្នកខ្លះធ្លាក់ក្នុងស្ថានភាពកាន់តែលំបាកជាងមុនទៀតក៏ថាបាន ព្រោះសប្បាយភ្លើតភ្លើនភ្លេចខ្លួន»។

 

ខាងក្រោមនេះគឺជារឿងធំៗទាំង៥ដែលមនុស្សភាគច្រើនប្រហែសខ្លួនពេលមានទ្រព្យច្រើន បង្កើតចន្លោះប្រហោងឲ្យលុយហូរចេញរីងដល់បាត ក្រតជំនាន់៖

 

១/. មានលុយ តែខ្វះសមត្ថភាព (ទ្រព្យធំជាងគំនិត)

 

មានលុយច្រើនតែខ្វះគំនិតបណ្តុះ បង្កាត់បង្កើតចំណូលបន្ថែម សុខចិត្តទុកលុយឲ្យផ្អូមចោលពីងពាងរុំជិត សឹកតម្លៃព្រោះអតិផរណា។ បិតាស្ថាបនិកសហរដ្ឋអាមេរិក លោក Benjamin Franklin បានលើកឡើងយ៉ាងដូច្នេះថា៖ «ការវិនិយោគលើគំនិតខ្លួនឯង ផ្តល់ការប្រាក់ខ្ពស់បំផុត»។ ជាឧទាហណ៍ មនុស្សពីរនាក់ត្រូវបានគេផ្តល់ប្រាក់ម្នាក់ ១០០០ដុល្លារ។ រយៈពេលពីរឆ្នាំក្រោយមក អ្នកទី១សល់ម៉ូតូចាស់មួយគ្រឿងនិងបំណុលបង់រំលោះ រីឯអ្នកទី២សល់អាជីវកម្មមួយតម្លៃស្មើ១ម៉ឺនដុល្លារ នេះក៏ព្រោះតែផ្នត់គំនិតនិងសមត្ថភាពខុសគ្នា។

 

២/. ចំណាយហួសហេតុលើចំណង់ (សប្បាយដាច់បង្ហៀរ)

 

ចំណាយតាមចំណង់ ចង់តាមចំណូល លុយហូរចេញដូចទឹកបាក់ទំនប់។ បានលុយដល់ដៃចង់សាកអ្វីដែលថ្មីមើលមកឃើញឡូយ ហក់លោតខ្លាំងប្រើរបស់ប្រេន ឡានសេរីខ្ពស់កប់ ទិញទាំងរបស់មិនចាំបាច់ហើយបង្កើតបន្ទុកបំណុលបន្ថែមទៀត។ ជាក់ស្តែង ប្រហែល៥% នៃបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់បំផុតលើលោកមានទូកកម្សាន្តផ្ទាល់ខ្លួន។ នាវាទំនើបទំហំ ១៨០" ត្រូវចំណាយ ៤.៧៥លានដុល្លារក្នុងមួយឆ្នាំដើម្បីថែទាំ និងដំណើរការ។ លោក Kitty McGowan ប្រធានសមាគម Superyacht របស់សហរដ្ឋអាមេរិកនិយាយថា ក្នុងចំណោមការចំណាយទាំងអស់ អ្នកត្រូវចំណាយថវិកា ៤០០០,០០០ដុល្លារសម្រាប់ប្រេងឥន្ធនៈ ៣៥០.០០០ដុល្លារសម្រាប់ការចត ២៤០,០០០ដុល្លារសម្រាប់ការធានារ៉ាប់រងលើនាវា ១លានដុល្លារសម្រាប់ការថែទាំ និងជួសជុល ចុងក្រោយ ១.៤លានដុល្លារសម្រាប់ប្រាក់ខែនាវិក។

 

៣/. មិនជជែករឿងលុយកាក់ជាមួយ ប្តី/ប្រពន្ធ

 

គូស្វាមីភរិយារាប់លាននាក់មិននិយាយអំពីលុយទេ ប្រសិនបើសុខៗស្រាប់តែមានទ្រព្យច្រើនទាំងមិនបានព្រៀងទុកទៀត វានឹងធ្វើឲ្យពួកគេបង្កើតការចំណាយតាមចិត្តរៀងៗខ្លួន ហើយចុងក្រោយអាចនាំទៅរកការឈ្លោះប្រកែកគ្នាធ្វើឲ្យធ្លាក់ខ្លួនក្រ។ ក្នុងនោះអ្នកមិនអាចក្លាយជាអ្នកមានជាប់លាប់បានទេ លុះត្រាតែអ្នកពិភាក្សារឿងហិរញ្ញវត្ថុជាមួយប្តីឬប្រពន្ធរបស់អ្នក។ លុយកាក់​នឹង​កើន​ឡើង​នៅពេលដែល​ស្នេហា​មាន​ភាព​ចម្រុះ ហើយ​មេ​គ្រួសារ​ទាំងពីរ​នាក់មាន​ការយល់ដឹង​ច្បាស់លាស់​អំពី​ហិរញ្ញវត្ថុ​របស់​ខ្លួន។

 

៤/. ប្រហែសខ្លួនភ្លេចកញ្ចប់សង្គ្រោះបន្ទាន់

 

មនុស្សភាគច្រើនផ្លុំលុយរបស់ពួកគេទៅលើទំនិញផ្សេងៗ ជាពិសេសអ្នកមានដោយដៃដន្យ។ គ្រប់អ្នកសន្សំមិនសុទ្ធតែក្លាយជាអ្នកមាន ប៉ុន្តែគ្រប់អ្នកមានសុទ្ធតែពូកែសន្សំ។ លោក Dave Ramsey អ្នកជំនាញហិរញ្ញវត្ថុ បញ្ជាក់ច្បាស់ៗថា៖ «ច្បាប់មួយដែលមនុស្សគួរតែមានគឺ ដកលុយដែលអ្នករកបានទុកខ្លះសិនមុននឹងចំណាយ»។ ប្រសិនបើអ្នកមិនដកទុកទេ ទោះជាអ្នករកបានប៉ុន្មានក៏ចាយអស់ដែរ បើអ្នកមិនកំណត់ខ្ទង់ដែលត្រូវចំណាយទេ អ្នកប្រាកដជាមានរបស់ចាំបាច់ត្រូវការទិញមិនចេះចប់មិនចេះហើយ។

 

ហេតុនេះហើយ​អ្នកជំនាញហិរញ្ញវត្ថុខាងលើ បានណែនាំឱ្យមានការរៀបចំផែនការចំណាយឱ្យបានត្រឹមត្រូវ ហើយផ្ដើមពីការកត់ចំនួនលុយដែលលអ្នករកបាន រួចដកចំណែកដែលអ្នកត្រូវសន្សំ សល់ប៉ុន្មានចាំចាត់ចែងលើការចំណាយ។ លោកបានបន្ថែមទៀតថា លុយសន្សំ ប្រៀបដូចជាឆ័ត្រ ឬអាវភ្លៀងអ៊ីចឹង វាអាចជួយអ្នកមិនឱ្យទទឹក ពេលដែលមេឃភ្លៀងដោយចៃដន្យ។ បើអ្នកមានលុយសន្សំ អ្នកនឹងអាចការពារខ្លួន ពេលដែលអ្នកបាត់បង់ប្រភពចំណូល ឬមានវិបត្តិអ្វីមួយ។ ក្រៅពីធ្វើជាកញ្ចប់សង្គ្រោះបន្ទាន់ លុយសន្សំក៏អាចជួយអ្នកឱ្យចាប់ឱកាសវិនិយោគបង្កើនទ្រព្យផងដែរ។

 

៥/. គ្មានផែនការជីវិត

 

ចុងក្រោយរឿងមួយដ៏អាក្រក់បំផុតក្នុងផ្នែកហិរញ្ញវត្ថុ មិនថាអ្នកមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណានោះទេ អ្នកត្រូវឆ្លងកាត់ដំណើរដ៏វិលវល់អាចធ្លាក់ខ្លួនក្រវិញបានគ្រប់ពេល ប្រសិនបើគ្មានផែនការជីវិត។ មនុស្សគ្រប់គ្នាត្រូវមានផែនការច្បាស់លាស់ ថាតើយើងត្រូវការលុយប៉ុន្មានដើម្បីរស់នៅក្នុងពេលបច្ចុប្បន្ន? និងត្រូវមានលុយប៉ុន្មាននាថ្ងៃអនាគតដើម្បីអាចរស់នៅក្នុងជីវិតដែលខ្លួនប្រាថ្នាចង់បាន?។ យើងត្រូវការរូបភាពនេះជាក់ច្បាស់ បើមិនដូច្នេះទេទោះមានលុយប៉ុន្មានក៏មិនសល់ដែរ។

 

យ៉ាងណាមិញ ដើម្បីឲ្យដំណើរជីវិតស្រស់បំព្រង មានបានយូរអង្វែង ក្រមិនហ៊ានមកក្បែរ លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី លើកទឹកចិត្តឲ្យយើងទាំងអស់គ្នាគួរគប្បីហ៊ានចេញរកស៊ី ឈប់យកលុយទៅលេងល្បែង ឬធ្វើរឿងទាំងឡាយណានាំឲ្យអន្តរាយ និងមិនកើតជាប្រយោជន៍ដល់ខ្លួន ត្រូវបណ្តុះទម្លាប់ឧស្សាហ៍ព្យាយាម ប្រឹងប្រែងធ្វើការ បើកចិត្តរៀនសូត្រអ្វីថ្មីៗ និងបន្តអភិវឌ្ឍខ្លួនជានិច្ច។ ត្រូវចាំថា «មានសំណាងតែមិនចេះរក្សា មានលុយតែមិនចេះគ្រប់គ្រង ស្រលាញ់លុយតែមិនចេះថ្នាក់ថ្នម មិនយូរមិនឆាប់លុយគង់រត់ចោលអស់មិនខាន»

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

 

ាា Large