ជាការពិត ការរកប្រាក់បន្ថែមដោយមិនចាំបាច់វិនិយោគទុនច្រើន គឺជារឿងមួយ ដែលឆ្លាតវៃបំផុត ក្នុងកាលៈទេសៈមនុស្សកំពុងទ័លលុយ ឬខ្វះខាតក្នុងការចំណាយប្រចាំថ្ងៃ។ ជាវិធីល្អ ក្នុងការដោះស្រាយនូវបញ្ហានេះ យើងអាចគ្រាន់តែប្រើប្រាស់របស់របរដែលមានស្រាប់ក្នុងផ្ទះ របស់ដែលយើងគិតថាលែងចង់ប្រើប្រាស់ទៀត យើងអាចច្នៃវាឲ្យកើតជាប្រយោជន៍ជាលុយកាក់វិញបាន។ ខាងក្រោមនេះជាគន្លឹះ និងគំនិតល្អៗមួយចំនួន ដែលអ្នកអាចអនុវត្តតាមបាន៖
១. លក់របស់របរប្រើប្រាស់រួច ៖ ពិនិត្យមើលនៅក្នុងផ្ទះរបស់អ្នក ប្រសិនបើរបស់ខ្លះលែងត្រូវការ ប៉ុន្តែវាអាចមានតម្លៃសម្រាប់អ្នកផ្សេង ដូចជា ខោអាវ និងកាបូប ឬស្បែកជើង បើអ្នកមានសម្លៀកបំពាក់ច្រើនដែលលែងពាក់ (តែនៅថ្មី និងស្អាត) អ្នកអាចថតរូប ហើយផុសលក់នៅលើ Facebook, Telegram, TikTok ឬ Khmer24។ ឧបករណ៍អេឡិចត្រូនិក៖ ទូរស័ព្ទចាស់ៗ Tablet កាស ឬកាមេរ៉ាដែលលែងប្រើ អាចយកទៅលក់ត ឬប្តូរយកលុយសុទ្ធបាន។ សៀវភៅ និងសម្ភារសិក្សា៖ សៀវភៅប្រលោមលោកដែលអានរួច ឬសម្ភារលំអផ្ទះ អាចប្រមូលមកលក់ជាកញ្ចប់ក្នុងតម្លៃសមរម្យ។
២. ជួលរបស់របរដែលអ្នកមាន៖ ប្រសិនបើអ្នកមិនចង់លក់ដាច់ ព្រោះនៅស្តាយរបស់ អ្នកអាចដាក់វាឲ្យគេជួលបាន ដូចជាមធ្យោបាយធ្វើដំណើរ ម៉ូតូ ឡាន កង់ ដែលទុកចោល ច្រើនជាងប្រើ អ្នកអាចដាក់ឲ្យគេជួលជាថ្ងៃ ឬជាខែ (សម្រាប់អ្នកទេសចរ ឬអ្នកធ្វើការ)។ កាមេរ៉ាថតរូប ឬវីដេអូ៖ ជាទូទៅកាមេរ៉ាថតរូបមានតម្លៃថ្លៃ ដូច្នេះមានមនុស្សច្រើនណាស់ដែលប្រាថ្នាចង់ជួលជាជាងទិញដាច់។ សម្លៀកបំពាក់ប្រពៃណី ឬរ៉ូបញ៉ាំការ៖ ខោអាវញ៉ាំការ ហូល ផាមួង ឬរ៉ូបស្អាតៗដែលពាក់តែមួយដងពីរដង អាចដាក់ឲ្យមិត្តភក្តិ ឬអ្នកជិតខាងជួលបាន។
៣. បង្កើតអាជីវកម្មតូចតាចនៅផ្ទះ៖ ប្រសិនបើអ្នកមានសមត្ថភាពធ្វើម្ហូប ឬភេសជ្ជៈ៖ ធ្វើម្ហូប ឬនំលក់តាមអនឡាញ ដោយប្រើប្រាស់ផ្ទះបាយ និងចានឆ្នាំងដែលមានស្រាប់ ដើម្បីធ្វើនំ អាហារសម្រន់ ឬភេសជ្ជៈលក់តាមរយៈការកុម្ម៉ង់មុន (Pre-order) ដោយមិនបាច់បើកហាងឡើយ។ មួយវិញទៀត បើអ្នកមានទីធ្លាមុខផ្ទះ ឬបន្ទប់ទំនេរ អ្នកអាចបែងចែកជាកន្លែងផ្ញើអីវ៉ាន់ កន្លែងចតយានយន្ត ឬជួលជាឃ្លាំងស្តុកទំនិញតូចតាចបានផងដែរ។
៤. ប្រើចំណេះដឹងនិងសម្ភារទៅជាសេវាកម្ម៖ ប្រសិនបើអ្នកមានកុំព្យូទ័រ និងសេវាអ៊ីនធើណេតនៅផ្ទះ អ្នកអាចទទួលការងារ Freelance ដូចជា រចនារូបភាព (Graphic Design) កាត់តវីដេអូ វាយអត្ថបទ បកប្រែភាសា ឬគ្រប់គ្រង Page Facebook ឬ TikTok ឲ្យអាជីវកម្មផ្សេងៗ។ មួយវិញទៀត ការប្រើទូរស័ព្ទដែលមានកាមេរ៉ាច្បាស់ ដើម្បីថតរូបភាពស្អាតៗ រួចលក់នៅលើគេហទំព័ររូបថត ដូចជា Shutterstock, Adobe Stock ឬធ្វើជាអ្នកបង្កើតមាតិកា (Content Creator) ក៏ជារឿងដែលអាចរកចំណូលបានផងដែរ។
គួរបន្ថែមផងដែរថា ក្នុងចំណោមរបស់របរទាំងអស់ដែលមានក្នុងផ្ទះ សុទ្ធតែមានតម្លៃ ប៉ុន្តែប្រសិនបើរបស់ខ្លះ វាលែងចាំបាច់ហើយ ស្របពេលដែលហិរញ្ញវត្ថុផ្ទាល់ខ្លួនកំពុងមានវិបត្តិដែរ មានតែសម្រេចចិត្តលក់ ដើម្បីបានចំណូលមកទប់ទាល់ការចំណាយជាប្រចាំថ្ងៃ៕


