គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២៦ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ស្ថិតក្នុងឆ្នាំទី២ សម្រេចបានវឌ្ឍនភាពការងារជារួមប្រមាណ ៣៨% ហើយ។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងនោះដែរកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារអនុវត្តគម្រោង ចុះពិនិត្យការងារសាងសង់ និងវឌ្ឍនភាពគម្រោង ជាមួយតំណាងមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដឹកនាំដោយលោក Koo Bonhyun (Country Director) នៅក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ។
ការចុះពិនិត្យនេះ មានការចូលរួមពី ឯកឧត្តមនាយករងគម្រោង ប្រធានគ្រប់គ្រងគម្រោង សមាជិក-សមាជិកាក្រុមការងារគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល មន្ត្រីជំនាញ ក្រុមការងារទីប្រឹក្សាគម្រោង Dohwa-Seoyoung Joint Venture ក្រុមហ៊ុនសាងសង់ Joint Venture of KUMHO-TECHCROSS និងភាគីពាក់ព័ន្ធ។
គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីចូលរួមជាមួយតំណាង EDCF ក្នុងបេសកកម្មត្រួតពិនិត្យ និងប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារ លើកទី៤ (4th Joint Monitoring Meeting) ព្រមទាំងពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៦ នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល៕


