ធ្វើការយូរៗ នៅតែដដែល? 4 វិធីក្នុងការអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជាបុគ្គលិកដែលក្រុមហ៊ុនខ្វះមិនបាន
Pen SodalenAUGUST 28 2026172 views

ធ្វើការច្រើនឆ្នាំហើយ តែតំណែង និងប្រាក់ខែនៅតែដដែលមែនទេ? មនុស្សជាច្រើនតែងរង់ចាំឱ្យក្រុមហ៊ុនមើលឃើញតម្លៃខ្លួនឯង តែការពិតគឺយើងខ្លួនឯងត្រូវតែបង្កើនតម្លៃមុនគេអោយគេមកអោយតម្លៃយើង។ បើចង់ឱ្យគេមើលឃើញ ហើយក្លាយជាមនុស្សដែលគេខ្លាចបាត់បង់ សូមសាកល្បង ៤ វិធីងាយៗខាងក្រោមនេះ : 


១. កុំចាំតែគេប្រាប់


បុគ្គលិកធម្មតាចាំតែមេប្រាប់ឱ្យធ្វើអ្វី ទើបធ្វើហ្នឹង។ តែបើអោយខ្លួនឯងលេចធ្លោ ពេលជួបបញ្ហាការងារ កុំរត់ទៅប្រាប់មេត្រឹមតែខ្លួនកំពុងជួបបញ្ហាឱ្យសោះ។ ត្រូវតែព្យាយាមក្នុងការរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាដោយការច្រកចេញដ៏ល្អបំផុត ដោយការយកវាទៅជជែកជាមួយមេដឹកនាំ។ ធ្វើបែបនេះ មេដឹកនាំនឹងមើលឃើញថាអ្នកជាមនុស្សមានគំនិត រហ័សរហួន និងអាចពឹងផ្អែកបានគ្រប់ពេលសម្រាប់ក្រុមហ៊ុន។ 


២. ចេះជំនាញខ្លួនឯងច្បាស់ និង រៀនយល់ពីការងារអ្នកដទៃ


ការចេះតែការងាររបស់ខ្លួនឯងមួយមុខ មិនទាន់គ្រប់គ្រាន់ឱ្យយើងឡើងតំណែងធំបានទេ។ ក្រៅពីធ្វើការងារផ្ទាល់ខ្លួនឱ្យស្ទាត់ហើយនោះ អ្នកគួររៀនយល់ដឹងបន្ថែមពីការងារផ្នែកផ្សេងទៀត ដូចជា របៀបប្រកួតប្រជែងទីផ្សារ ការប្រាស្រ័យទាក់ទង ឬរបៀបធ្វើការរបស់ផ្នែកផ្សេងៗក្នុងក្រុមហ៊ុនរបស់អ្នក។ ពេលអ្នកយល់ពីរូបភាពធំនៅក្នុងក្រុមហ៊ុន អ្នកនឹងធ្វើការត្រូវជើងជាមួយគេ ហើយមានឥទ្ធិពលជាងមុននៅក្នុងក្រុមហ៊ុនមិនខាន។ 


៣. បង្កើនជំនាញថ្មីៗ 


សម័យនេះអ្វីៗផ្លាស់ប្តូរលឿនណាស់ បើចេះតែរឿងចាស់ៗ មិនយូរទេគេនឹងអោយអ្នកថ្មីមកជំនួសអ្នកមិនខាន    ដូច្នេះសុំព្យាយាមរៀនប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដូចជា AI ឬកម្មវិធីជំនួយការងារផ្សេងៗ និងចូលរួមរៀនសូត្របន្ថែម។ ពេលអ្នកចេះជំនាញថ្មីៗដែលអ្នកផ្សេងទៀតធ្វើមិនទាន់បាន អ្នកនឹងក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃដែលក្រុមហ៊ុនស្រឡាញ់បំផុត។


៤. ធ្វើការចុះសម្រុងជាមួយអ្នកដទៃ 


ធ្វើការពូកែតែម្នាក់ឯង ដោយមិនចេះសម្របសម្រួលជាមួយក្រុម គឺពិបាកទៅមុខឱ្យឆ្ងាយណាស់។ ត្រូវរាប់អានមិត្តរួមការងារ បើកចិត្តស្តាប់ការរិះគន់ដើម្បីកែលម្អ ហើយអ្វីដែលសំខាន់បំផុត គឺត្រូវធ្វើការឱ្យចេញជាលទ្ធផលច្បាស់លាស់ ឧទាហរណ៍៖ ជួយជម្រុញការលក់ឱ្យកើនឡើង ឬជួយកាត់បន្ថយពេលធ្វើការ។ ពេលមានលទ្ធផលជាក់ស្តែងមកបង្ហាញ គ្មាននរណាម្នាក់អាចមើលរំលងសមត្ថភាពអ្នកបានឡើយ។

 

ការព្យាយាមអភិវឌ្ឍន៍ក្នុងអាជីពការងារ ហើយ មានភាពជោគជ័យ មិនមែនមកពីសំណាងទេ តែមកពីការប្រឹងប្រែងកែប្រែខ្លួនឯងរៀងរាល់ថ្ងៃ។ ពេលណាដែលអ្នកឈប់ធ្វើការអោយរួចតែពីដៃ ហើយផ្លាស់ប្តូរមកធ្វើការឱ្យលឿន ហើយមានភាពច្បាស់លាស់ ពេលនោះហើយសមត្ថភាពរបស់អ្នកនឹងបើកទូលាយ ហើយក្រុមហ៊ុននឹងខំប្រឹងថែរក្សា និង លើកតម្កើនអ្នកជាពុំខាន។ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia