នៅក្នុងសង្គមរស់នៅសព្វថ្ងៃនេះមិនថាធ្វើអ្វីៗសុទ្ធតែមានក្បួនច្បាប់ត្រឹមត្រូវមិនថា ការធ្វើការងារ ចាប់ផ្ដើមអាជីវកម្មខ្លួនឯង ឬសូម្បីតែការសងបំណុលគេក៏ត្រូវការក្បួនច្បាប់ និងវិធីសាស្ត្រដែរ។ បើអ្នកជ្រើសរើសយុទ្ធសាស្រ្តត្រូវ អ្នកនឹងអាចសងបំណុលគេបានងាយតែបើរើសខុសការសងនឹងច្របូកច្របល់ ព្រោះវាអាចធ្វើឱ្យបំណុលកាន់តែធ្ងន់ឡើងៗ។ ចង់ដោះបំណុលឱ្យមានប្រសិទ្ធភាព ត្រូវមានផែនការច្បាស់លាស់ និងសមស្របនឹងស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ ខាងក្រោមនេះជាវិធីដោះបំណុល ៤ ប្រភេទដែលងាយយល់ អ្នកអាចជ្រើសប្រើតាមស្ថានភាពរបស់ខ្លួន៖
១. សុទ្ធសាស្ត្រ Snowball (សងពីបំណុលតូចទៅធំ)៖ នេះជាវិធីសាស្ត្រមួយដែលល្បីល្បាញខ្លាំងមែនទែន ដោយវិធីនេះគឺតម្រូវឱ្យអ្នកសងបំណុលដែលមានចំនួនតិតជាងគេមុន បន្ទាប់មកចាំចាប់ផ្ដើមសងបំណុលដែលធំបន្តបន្ទាប់ (នេះបើករណីអ្នកមានបំណុលច្រើនកន្លែង)។ ហេតុផលដែលអ្នកគួរធ្វើបែបនេះ ព្រោះនៅពេលអ្នកសងបំណុលតូចៗអស់ អ្នកនឹងមានកម្លាំងចិត្ត និងទំនុកចិត្តបន្តសងបំណុលធំៗផ្សេងទៀតបានងាយជាងមុន។ វាសមស្របសម្រាប់អ្នកចង់ឃើញលទ្ធផលលឿន និងបន្ថយសម្ពាធផ្លូវចិត្ត។
២. យុទ្ធសាស្ត្រ Avalanche (សងបំណុលដែលមានការប្រាក់ខ្ពស់មុន)៖ វិធីនេះផ្ដោតលើការសងបំណុលដែលមានការប្រាក់ខ្ពស់ជាងគេជាមុន ដើម្បីកាត់បន្ថយការខាតលុយពីការប្រាក់រយៈពេលវែង ព្រោះថាបំណុលការប្រាក់ខ្ពស់ទុកកាន់តែយូរ អ្នកកាន់តែខាតដោយសារការប្រាក់ខ្ពស់របស់វា ហេតុនេះហើយទើបគេដោះបំណុលដែលមានការប្រាក់ខ្ពស់មុន។
៣. យុទ្ធសាស្ត្រ Consolidation (បង្រួមបំណុលច្រើនទៅតែមួយ)៖ មានន័យថា អ្នកអាចទៅខ្ចីលុយពីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុណាមួយដែលមានការប្រាក់ទាប ឬថេរក្នុងកម្រិតទាបជាងការប្រាក់នៃបំណុលដែលអ្នកកំពុងមាន ដើម្បីយកទៅសងបំណុលទាំងអស់ដែលអ្នកកំពុងមាន។ នេះហើយជាយុទ្ធសាស្ត្រ Consolidation គឺប្ដូរពីការសងបំណុលច្រើនច្រក មកជាសងសរុបតែមួយច្រក ជួយឱ្យអ្នកចំណេញទាំងពេលវេលា និងកាត់បន្ថយភាពស្មុគស្មាញ។
៤. យុទ្ធសាស្ត្រ Debt Management Plan (រៀបចំផែនការសងបំណុល)៖ វិធីនេះគឺអ្នកត្រូវរៀបចំផែនការសងបំណុលប្រចាំខែឱ្យមានរបៀប និងវិន័យ។ ជាពិសេសសម្រាប់អ្នកមានបំណុលកាតឥណទាន ឬបំណុលច្រើន វាអាចជួយកាត់បន្ថយភាពច្របូកច្របល់ និងជួយឱ្យការសងបំណុលមានលំដាប់លំដោយត្រឹមត្រូវ និងមិនរញ៉េរញ៉ៃ។
គួរបញ្ជាក់ថា យុទ្ធសាស្ត្រទាំង ៤ នេះមិនស្របសម្រាប់មនុស្សគ្រប់គ្នាទេ ប៉ុន្តែអ្នកអាចសាកល្បងបានដោយជ្រើសរើសវិធីសាស្ត្រណាមួយដែលអ្នកយល់ថាសមស្របជាមួយប្រាក់ចំណូល ការចំណាយ និងស្ថានភាពបំណុលរបស់អ្នក។ ពេលមានអ្នកផែនការច្បាស់ ការដោះបំណុលនឹងកាន់តែងាយ និងឆាប់ឃើញលទ្ធផល៕


