ប៉ាម៉ាក់ធ្លាប់ឆ្ងល់ដែរឬអត់ អោយតែដល់ម៉ោងបង្រៀនកូននៅផ្ទះម្តងៗ ដូចចូលសមរភូមិសង្គ្រាមចឹង! ស្រែកផង គំរាមផង ចុងក្រោយកូនយំ ឯប៉ាម៉ាក់ឡើងឈាម ឡើងផ្អើលពេញផ្ទះ។ ប៉ុន្តែដឹងអត់ថា ការស្រែកបង្ខំ មិនត្រឹមតែធ្វើឲ្យយើងហត់មាត់ទេ ថែមទាំងធ្វើឲ្យកូនខ្លាច និង លែងចង់រៀនទៀតផង។
បើយើងចង់ឲ្យកូនរៀនឆាប់ចេះ ហើយរៀនដោយរីករាយ អាចមកសាកល្បង ៤ តិចនិកប្លែកៗ និងគួរឲ្យចាប់អារម្មណ៍ ខាងក្រោមនេះទាំងអស់៖
១. ប៉ាម៉ាក់ប្តូរធ្វើជាសិស្ស ឲ្យកូនធ្វើគ្រូវិញម្តង
អានទៅអាចនឹងប្លែក តែជំនួសឲ្យការអង្គុយបង្រៀន ឬ បញ្ជាកូន ប៉ាម៉ាក់អាចសុំឲ្យកូនធ្វើជាអ្នកពូកែវិញម្តង! ប៉ាម៉ាក់គួរតែសាកល្បងសួរកូនថា មេរៀននេះមើលទៅប្លែកម៉្លេះ? កូនអាចធ្វើជាគ្រូ បង្រៀនម៉ាក់ប៉ា វិញបានអត់? នៅពេលកូនប្រឹងពន្យល់យើង ខួរក្បាលរបស់គាត់នឹងប្រឹងគិត និងចងចាំមេរៀននោះបានរហូតដល់ទៅ ៩០% ដោយមិនដឹងខ្លួនតែម្តង វិធីនេះមិនត្រឹមតែជួយឲ្យកូនយល់មេរៀនកាន់តែជ្រៅ និងឆាប់ចាប់បានប៉ុណ្ណោះទេ ថែមទាំងបង្កើតបរិយាកាសរីករាយ និងធ្វើឲ្យកូនមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងថែមទៀតផង។
២. ប្រើរូបមន្ត «រៀនខ្លី សម្រាកខ្លី» ដើម្បីកុំឲ្យធុញ
កុំបង្ខំឲ្យកូនអង្គុយស្ងៀម ១-២ ម៉ោងអី ព្រោះក្មេងងាយនឹងឆាប់ធុញណាស់។ សាកកំណត់នាឡិការោទ៍រៀនតែ ១៥-២០ នាទី រួចឲ្យគាត់សម្រាក ឬញ៉ាំនំ ៥ នាទី។ ការដឹងពីពេលវេលាច្បាស់លាស់ នឹងធ្វើឲ្យកូនខិតខំផ្ដោតអារម្មណ៍ធ្វើឲ្យហើយលឿនៗ មិនអង្គុយរវើរវាយឡើយ។ នៅពេលមានពេលវេលាសម្រាកច្បាស់លាស់ ខួរក្បាលរបស់កូននឹងទទួលបានថាមពលឡើងវិញ ហើយធ្វើឲ្យការរៀននៅពេលបន្ទាប់នៅតែមានប្រសិទ្ធភាពខ្ពស់ និង មិនមានអារម្មណ៍ថាតានតឹងឡើយ។ ប៉ាម៉ាក់ក៏មិនបាច់ហត់មាត់អង្គុយចាំដេញ ឬតាមទារឲ្យកូនអង្គុយរៀនរហូតនោះដែរ។
៣. បំប្លែងមេរៀនដេលគួរអោយធុញៗ ឲ្យទៅជា បេសកកម្មដ៏ពិតប្រាកដ
កុំឲ្យកូនមើលសៀវភៅរាប់ម៉ោងដែលធ្វើឲ្យធុញ ប្រើក្រដាសពណ៌ ឬកាតតូចៗ បំបែកលំហាត់ជា ល្បែងសិក្សា ឧទាហរណ៍៖ បើកូនធ្វើលំហាត់ ១ប្រអប់នេះបាន គឺរំដោះបាន ១កោះ វិធីនេះធ្វើឲ្យកូនមានអារម្មណ៍ចង់ប្រកួត និងចង់ធ្វើវាឲ្យចប់ដោយសប្បាយចិត្ត។ ការបំប្លែងមេរៀនទៅជាល្បែងកម្សាន្ត នឹងជួយកាត់បន្ថយសម្ពាធពីការរៀនសូត្របានយ៉ាងច្រើន កូននឹងមើលឃើញថាកិច្ចការផ្ទះជាការប្រកួតប្រជែងដ៏រីករាយ មិនមែនជារឿងគួរឲ្យធុញទ្រាន់ឡើយ។ ចំណុចនេះជួយឲ្យកូនផ្លាស់ប្តូរទម្លាប់ពីការរៀនដោយបង្ខំ មកជាការចង់រៀនដោយខ្លួនឯងវិញ។
៤. សរសើរ ចំណុចត្រូវ មុនធ្វើការកែសម្រួល
ពេលកូនធ្វើលំហាត់ ១០ ខុស ៣ ត្រូវ ៧ កុំអាលប្រញាប់ខឹងពេក ត្រូវតែសរសើរលំហាត់ ៧ ដែលត្រូវនោះមុន ដូចជាការនិយាយ «ពូកែណាស់! ត្រូវបាន ៧ ហើយ!» រួចចាំជួយកែ ៣ លំហាត់ដែលខុសតាមក្រោយ។ ការទទួលបានការសរសើរ នឹងធ្វើឲ្យកូនមានកម្លាំងចិត្ត និងចង់ធ្វើឲ្យបានល្អជាងមុននៅលើកក្រោយ។ នៅពេលកូនមានអារម្មណ៍ថាការខិតខំប្រឹងប្រែងរបស់គាត់ត្រូវបានប៉ាម៉ាក់ទទួលស្គាល់ គាត់នឹងមិនភ័យខ្លាចក្នុងការធ្វើខុស ហើយក្លាហានក្នុងការសាកល្បងដោះស្រាយលំហាត់ថ្មីៗ។ នេះជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការបណ្ដុះទំនុកចិត្ត និងស្មារតីតស៊ូរៀនសូត្ររបស់កូនៗ។
សរុបមកវិញ កូនមិនមែនមិនចង់រៀនទេ គាត់គ្រាន់តែចង់បាន វិធីរៀនដែលសប្បាយ តែប៉ុណ្ណោះ នៅពេលប៉ាម៉ាក់ប្តូរពីការស្រែកបង្ខំ មកជាការលេងល្បែងសិក្សា និងការលើកទឹកចិត្ត នោះការរៀននៅផ្ទះ នឹងក្លាយជាពេលវេលាដ៏រីករាយ ហើយកូនក៏រៀនឆាប់ចេះដោយស្វ័យប្រវត្តិ!


