ការសម្រេចចិត្តរៀបការ និងកសាងគ្រួសារទាំងនៅវ័យក្មេង គឺជាបំណងប្រាថ្នា និងជាក្តីស្រមៃ របស់គូស្នេហ៍ជាច្រើន។ ទោះជាយ៉ាងណា បញ្ហាប្រឈមដ៏ធំបំផុតដែលធ្វើឱ្យមនុស្សវ័យក្មេងជាច្រើនតែងមានក្តីកង្វល់នឹងរឿង គឺ រឿងថវិកា។ ការរៀបអាពាហ៍ពិពាហ៍ទាមទារឱ្យមានការរៀបចំហិរញ្ញវត្ថុអោយបានច្បាស់លាស់ ដើម្បីជៀសវាងបញ្ហាបំណុលបន្ទាប់ពីថ្ងៃមង្គលការ។ ប្រសិនបើអ្នក និងគូស្នេហ៍មិនដឹងត្រូវចាប់ផ្តើមសន្សំលុយតាមរបៀបណាឱ្យសល់ និងទាន់ពេលវេលានោះទេ អ្នកអាចអនុវត្តតាម ៤ វិធីសន្សំប្រាក់ដែលមានប្រសិទ្ធភាពខាងក្រោមនេះបាន៖
១. កំណត់គោលដៅឱ្យច្បាស់ និងបើកគណនីសន្សំរួមគ្នា
ជំហានដំបូងដែលសំខាន់បំផុតគឺ ការអង្គុយពិភាក្សាគ្នាដោយបើកចំហ និងស្មោះត្រង់ ហើយនិយាយពីពេលវេលា និងចំនួនថវិកាដែលនឹងត្រូវរៀបការ។ អ្នកទាំងពីរត្រូវកំណត់ឱ្យច្បាស់ថាតើចង់រៀបការនៅឆ្នាំណា ហើយត្រូវការកញ្ចប់ថវិការៀបការសរុបប្រហែលប៉ុន្មាន ឧទាហរណ៍ថា ២ ឆ្នាំទៀត ដោយត្រូវការថវិកា $10,000។ នៅពេលមានតួលេខច្បាស់លាស់ អ្នកនឹងអាចគណនាឃើញចំនួនប្រាក់ដែលត្រូវសន្សំប្រចាំខែបានភ្លាមៗហើយ។ បន្ទាប់មក ត្រូវទៅបើកគណនីធនាគាររួមគ្នាមួយដាច់ដោយឡែកសម្រាប់តែកញ្ចប់អាពាហ៍ពិពាហ៍ ហើយអនុវត្តវិធានការគឺ សន្សំមុន ចាយក្រោយ។ មានន័យថា ឱ្យតែប្រាក់ខែចេញភ្លាម យើងត្រូវដក ២០% ទៅ ៣០% នៃចំណូល ហើយផ្ទេរចូលកុងនោះភ្លាមៗ ដោយមិនបាច់រង់ចាំសល់ចុងខែទើបសន្សំឡើយ។
២. កាត់បន្ថយការចំណាយតូចតាច និងស្វែងរកប្រភពចំណូលបន្ថែម
ដើម្បីឱ្យប្រាក់សន្សំកើនលឿនជាងមុននោះ អ្នកទាំងពីរត្រូវពិនិត្យមើលទម្លាប់នៃការចំណាយប្រចាំថ្ងៃឡើងវិញ។ ចូលកាត់បន្ថយការចំណាយលើកញ្ចប់សេវាកម្ម ឬសម្ភារដែលមិនចាំបាច់ ដូចជា ការញ៉ាំអាហារនៅហាងទំនើបៗញឹកញាប់ពេក ការទិញរបស់របរតាមអារម្មណ៍ដែលចង់បាន ឬការដើរលេងកម្សាន្តហួសកម្រិត។ លុយតូចតាចទាំងនេះ ដែលនៅពេលបូកសរុបចូលគ្នាក្នុងមួយខែៗ គឺជាចំនួនមួយដ៏
ច្រើន។ ជាមួយគ្នានេះដែរ គួរប្រើប្រាស់ពេលវេលាទទំនេរចុងសប្តាហ៍ ឬក្រោយម៉ោងធ្វើការ ដើម្បីទទួលការងារបន្ថែម ដូចជាការធ្វើការ Freelance ឬធ្វើអាជីវកម្មតូចតាចតាមអនឡាញ។ ប្រាក់ចំណូលបន្ថែមដែលរកបានពីប្រភពទី ២ នេះ គួរតែចាក់បញ្ចូលទៅក្នុងកញ្ចប់លុយសន្សំការទាំងស្រុង។
៣. រៀបចំពិធីតាមលទ្ធភាពជាក់ស្តែង និងកាត់បន្ថយចំណាយលើសលប់
ការរៀបអាពាហ៍ពិពាហ៍ដ៏ល្អឥតខ្ចោះ មិនមែនទាមទារទំហំរោងការធំ ឬការចំណាយខ្ជះខ្ជាយដើម្បីបង្អួតអ្នកដទៃនោះទេ ប៉ុន្តែជាពិធីដែលរៀបចំឡើងដោយភាពកក់ក្តៅ និងសមស្របទៅនឹងសមត្ថភាពហិរញ្ញវត្ថុយើងពិតប្រាកដ។ គួរគប្បីត្រូវរៀបចំផែនការពិធីការឱ្យសមស្របទៅនឹងថវិកាដែលសន្សំបានជាក់ស្តែង ដោយផ្តោតលើពិធីការសំខាន់ៗតាមប្រពៃណី សាមញ្ញ និងមានរបៀបរៀបរយ។ ចូរកាត់បន្ថយចំណាយលើកញ្ចប់សេវាកម្មណាដែលលើសលប់ ឬមិនចាំបាច់។ ការចាប់ផ្តើមជីវិតគូក្នុងវ័យក្មេងដោយគ្មានបំណុល គឺជាអំណោយដ៏មានតម្លៃបំផុត និងជាគ្រឹះយ៉ាងរឹងមាំសម្រាប់អនាគតគ្រួសារ ព្រោះវាផ្តល់នូវក្តីសុខផ្លូវចិត្ត និងសេរីភាពហិរញ្ញវត្ថុក្នុងការកសាងជីវិតយើងទៅមុខទៀត។
៤. ពិភាក្សារឿងហិរញ្ញវត្ថុដោយស្មោះត្រង់
ការសន្សំលុយរៀបការមិនមែនជាបន្ទុករបស់ភាគីណាម្នាក់តែម្នាក់ឯងនោះទេ ប៉ុន្តែវាទាមទារឱ្យមានការចូលរួម និងការប្តេជ្ញាចិត្តខ្ពស់ពីមនុស្សទាំងពីរនាក់។ អ្នកទាំងពីរត្រូវនិយាយគ្នាឱ្យបានច្បាស់លាស់អំពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ប្រាក់ចំណូល និងបំណុលផ្សេងៗ បើជាមាន។ ត្រូវចេះជួយរំលឹកគ្នាក្នុងការរៀបចំកញ្ចប់ថវិកា និង ជួយណែនាំគ្នាទៅវិញទៅមក នៅពេលដែលភាគីណាម្នាក់ចង់ចំណាយលើរបស់ដែលឥតប្រយោជន៍។ ការដែលរួមដៃគ្នាតស៊ូសន្សំប្រាក់តាំងពីបាតដៃទទេក្នុងវ័យក្មេងបែបនេះ មិនត្រឹមតែធ្វើឱ្យអ្នកសម្រេចគោលដៅរៀបការបានលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តុះស្មារតីទទួលខុសត្រូវ និងធ្វើឱ្យទំនាក់ទំនងស្នេហាកាន់តែមានភាពរឹងមាំ និងយល់ចិត្តគ្នាកាន់តែច្បាស់។
សរុបមក ការរៀបការទាន់នៅក្មេង ឬ នៅមានអាយុតិច មិនមែនជារឿងលំបាកហួសពីសមត្ថភាពយើងនោះឡើយ! ឱ្យតែអ្នក និងដៃគូមានគោលដៅច្បាស់លាស់ ចេះគ្រប់គ្រង និងសន្សំលុយបានត្រូវវិធី ព្រមទាំងមានការយល់ចិត្តនិងសហការគ្នា។ ប្រសិនបើអ្នកទាំងពីរចាប់ផ្តើមរៀបចំផែនការ និងអនុវត្តវិធីទាំងនេះចាប់ពីថ្ងៃនេះតទៅ យើងជឿថានោះថ្ងៃពិសេសរបស់អ្នកទាំងពីរនឹងមកដល់យ៉ាងរលូន ពេញលេញដោយស្នាមញញឹម និងគ្មានការព្រួយបារម្ភរឿងបំណុលឡើយ។


