ប្រយ័ត្ន! ភ្លេចខ្លួនកើនតែអាយុ តែមិនកើនទ្រព្យ ៤ រឿងគួរធ្វើមុនអាយុ ៣០ ឆ្នាំ ដើម្បីឱ្យសល់លុយ
Pen SodalenAUGUST 21 2026221 views

 ការឈានចូលដល់អាយុ ៣០ ឆ្នាំ គឺជាពេលមួយដែលសំខាន់ខ្លាំងណាស់។ មនុស្សច្រើនណាស់ពេលនៅអាយុ ២០ ជាង ចាយលុយអស់ៗតាមតែចិត្ត តែដល់ពេលចូលដល់អាយុ ៣០ ឆ្នាំ បានទើបភ្ញាក់ខ្លួនថាអាយុចាស់ទៅៗ តែលុយក្នុងកុងធនាគារអត់មានសល់សោះ ឬមានតែបំណុលជុំទិសទៅវិញ។ ដើម្បីកុំឱ្យស្តាយក្រោយ និង ចង់មានលុយកាក់ច្រើនពេលអាយុ ៣០ ឆ្នាំ នេះជារឿង ៤ ងាយៗដែលអ្នកគួរអនុវត្ត៖


១. ទម្លាប់ "សន្សំមុន ចាយក្រោយ"

កុំចាំចាយសល់ទើបសន្សំ ព្រោះភាគច្រើនគឺមិនសល់ទេ។ ឱ្យតែបានលុយមកភ្លាម ត្រូវដកទុកសន្សំភ្លាម ហើយលុយដែលនៅសល់ទើបយកទៅចាយ។ អ្នកអាចបែងចែកលុយងាយៗ ដោយយក ៥០% ចាយលើរឿងចាំបាច់ ដូចជាថ្លៃហូបចុក ថ្លៃផ្ទះ ទឹក ភ្លើង និងធ្វើដំណើរ យក ៣០% ចាយតាមចិត្ត ដូចជាទិញខោអាវ ញ៉ាំកាហ្វេ ដើរលេង ឬទិញរបស់ដែលចូលចិត្ត និងទុក ២០% សម្រាប់អនាគត ដោយដកទុកសន្សំ ឬយកទៅរកស៊ីបន្ត។ លើសពីនេះ ត្រូវមានលុយបម្រុងអាសន្នប្រហែល ៣ ទៅ ៦ ខែទុកក្នុងដៃ ក្រែងលរមានរឿងបន្ទាន់ ដូចជាបាត់បង់ការងារ ឬឈឺថ្កាត់ ហើយពេលនោះមិនបាច់ទៅជំពាក់លុយគេទេ។



២. យកលុយទៅបង្កើតលុយ

បើទុកលុយចោលក្រោមពូក ឬក្នុងធនាគារធម្មតាៗ  ពេលទំនិញកាន់តែថ្លៃ ឯលុយវិញកាន់តែចាយមិនគ្រាន់។ ដូច្នេះអ្នកត្រូវរៀនយកលុយទៅធ្វើឱ្យវាកើនឡើង ដូចជាទិញដី ទិញមាស ឬដាក់ហ៊ុនរកស៊ីជាដើម។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ ត្រូវរៀនយល់ពីវាឱ្យច្បាស់ជាមុនសិន មុននឹងដាក់លុយទៅធ្វើអ្វីមួយ កុំធ្វើតាមគេតាមឯងផ្តេសផ្តាសអោយសោះ។



៣. រកលុយឱ្យបានច្រើនផ្លូវ

ការសង្ឃឹមលើប្រាក់ខែតែមួយមុខគឺពិតជាប្រថុយប្រថានណាស់ បើគេដេញចេញ ឬក្រុមហ៊ុនមានបញ្ហា យើងនឹងមានបញ្ហាភ្លាម។ អ្នកអាចរកការងារក្រៅម៉ោង ដោយប្រើជំនាញដែលមានស្រាប់ទៅរកលុយបន្ថែមចុងសប្តាហ៍ ឬពេលទំនេរពីម៉ោងធ្វើការ ព្រមទាំងខិតខំរកប្រភពរកលុយ ដូចជាមានផ្ទះ ឬដីឱ្យគេជួល ដែលអាចរកលុយឱ្យយើងបាន ទោះពេលយើងកំពុងគេងក៏ដោយ។



៤. ទិញរបស់ដែលបង្កើតលុយ កុំទិញរបស់ដែលស្រូបលុយ

មុននឹងទិញអ្វីមួយ ត្រូវសួរខ្លួនឯងថា វាជួយរកលុយឱ្យយើង ឬវាស្រូបលុយចេញពីហោប៉ៅយើង? របស់ជួយរកលុយយើងបាន មានដូចជា ដីធ្លី ផ្ទះជួល ភាគហ៊ុន ឬអាជីវកម្ម   រីឯរបស់បឺតលុយ មានដូចជា ខោអាវប្រ៊េនៗ ទូរស័ព្ទស៊េរីទំនើបបង់រំលស់ ឬឡានថ្លៃៗដែលទិញលើសលទ្ធភាពដែលយើងមាន គ្រាន់តែជិះបង្អួតគេប៉ុណ្ណោះ។ ដូចនេះ ត្រូវឈប់ទិញរបស់ថ្លៃៗដើម្បីតែបង្អួតអ្នកដទៃ ហើយងាកមកសន្សំ និងបង្កើតទ្រព្យសម្បត្តិពិតប្រាកដវិញប្រសើរជាង។

 

អាយុ ២០ ជាង គឺជាពេលដែលត្រូវខំកសាងខ្លួន ការដែលមានលុយសល់ពេលអាយុ ៣០ ឆ្នាំ មិនមែនមកពីសំណាងទេ គឺមកពីការចេះរៀបចំផែនការ និង ចេះគ្រប់គ្រងខ្លួនមិនអោយចាយវាយខ្ជះខ្ជាយចាប់ពីពេលនេះតទៅ!

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia