នៅពេលដែលនិយាយពីសមត្ថភាពខួរក្បាល ការគណនាលេខយ៉ាងរហ័ស និងភាពជោគជ័យលើវិស័យបច្ចេកវិទ្យា មនុស្សជាច្រើនតែងតែនឹកឃើញដល់ជនជាតិចិន។ ប៉ុន្តែតើភាពឆ្លាតវៃទាំងនេះកើតចេញពីហ្សែនពីកំណើត ឬជាផលនៃកត្តាផ្សេងៗទៀត? តាមការសិក្សា និងស្រាវជ្រាវជាច្រើនបានបង្ហាញថា ភាពឆ្លាតវៃ និងភាពជោគជ័យរបស់ជនជាតិចិនកើតចេញពីការរួមផ្សំគ្នាយ៉ាងរវាងភាសា វប្បធម៌ និងប្រព័ន្ធអប់រំរបស់ពួកគេ។
ខាងក្រោមនេះជាកត្តាសំខាន់ៗទាំង ៤ ដែលនៅពីក្រោយសមត្ថភាពខួរក្បាលរបស់ជនជាតិចិន៖
១. រចនាសម្ព័ន្ធភាសាចិនជួយជំរុញការគិត និងការគណនា
ភាសាចិនមានអត្ថប្រយោជន៍ដ៏អស្ចារ្យចំពោះការអភិវឌ្ឍដល់ខួរក្បាល។ ដូចជាការរាប់លេខក្នុងភាសាចិនគឺមានតក្កវិទ្យាច្បាស់លាស់ និង ខ្លី ដែលអាចជួយធ្វើឱ្យកុមារចិនយល់ពីប្រព័ន្ធទសភាគ និងចេះបូកដកលេខបានលឿនជាងកុមារលោកខាងលិចតាំងពីអាយុ ៣ ទៅ ៤ ឆ្នាំ។ លើសពីនេះ ការស្រាវជ្រាវប្រព័ន្ធប្រសាទវិទ្យារបស់ Tan et al. ឆ្នាំ 2001 ក្នុងទស្សនាវដ្តី NeuroImage បានបង្ហាញថា ការអាន និងសរសេរអក្សរតាមរូបភាព តម្រូវឱ្យខួរក្បាលទាំងពីរធ្វើការព្រមគ្នា ព្រោះវាទាមទារការចំណាំទម្រង់រូបភាព និងចលនាដៃ ដែលបង្កើតជាការហ្វឹកហាត់ខួរក្បាលជារៀងរាល់ថ្ងៃដោយមានប្រសិទ្ធិភាព និង គួរអោយចាប់អារម្មណ៍។
២. វប្បធម៌ដែលជឿជាក់លើ ការខិតខំប្រឹងប្រែង ជាជាង ទេពកោសល្យ
ផ្អែកលើទស្សនវិជ្ជាខុងជឺ សង្គមចិនមិនជឿថាភាពឆ្លាតវៃកើតឡើងពីកំណើតទាំងស្រុងនោះទេ។ ពួកគេមានជំនឿយ៉ាងមុតមាំថា ការខិតខំប្រឹងប្រែង និងភាពអត់ធ្មត់ អាចឈ្នះទេពកោសល្យពីកំណើតបាន។ ហើយនៅក្នុងសៀវភៅ The Learning Gap ក៏បានប្រៀបធៀបឥរិយាបថគ្រួសាររវាងលោកខាងលិច និងអាស៊ី ដោយរកឃើញថា ពេលកូនរៀនមិនពូកែ ឪពុកម្តាយអាមេរិកច្រើនតែបន្ទោសលើការខ្វះទេពកោសល្យ ឯឪពុកម្តាយចិនបែរជាបន្ទោសលើការមិនទាន់បានប្រឹងប្រែងអស់ពីសមត្ថភាពទៅវិញ ដែលជាហេតុជំរុញឱ្យកុមារចិនមិនងាយបោះបង់ក្នុងការដោះស្រាយបញ្ហាលំបាកៗឡើយ។
៣. ការហ្វឹកហាត់ក្នុងប្រព័ន្ធអប់រំដ៏តឹងរ៉ឹង
កុមារចិនត្រូវឆ្លងកាត់ការសិក្សា និងការប្រកួតប្រជែងយ៉ាងតឹងរឹងតាំងពីតូច ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងចូលសាកលវិទ្យាល័យ។ ជាក់ស្តែងតាមការសិក្សារបស់បណ្ឌិត Jin Li ឆ្នាំ 2012 ក្នុងសៀវភៅ Cultural Foundations of Learning បោះពុម្ពដោយ Cambridge University បានពិពណ៌នាអំពីសម្ពាធនៃការប្រឡងចូលសាកលវិទ្យាល័យចិនថាជាបរិបទដែលបង្ខំឱ្យសិស្សចំណាយពេលរៀនពី ១០ ទៅ ១៤ ម៉ោងក្នុងមួយថ្ងៃ ដែលចុងក្រោយវាបានប្រែជាការហ្វឹកហាត់ខួរក្បាលឱ្យមានសមត្ថភាពផ្ដោតអារម្មណ៍បានយូរ និងបង្កើនល្បឿននៃការគិតដោះស្រាយលំហាត់ស្មុគស្មាញបានលឿន និង ប្រកបដោយប្រសិទ្ធផលបំផុត។
៤. វិធីសាស្ត្រចិញ្ចឹមកូនប្រកបដោយភាពម៉ឺងម៉ាត់
គ្រួសារចិនភាគច្រើនប្រើប្រាស់វិធីសាស្ត្រអប់រំកូនយ៉ាងយកចិត្តទុកដាក់ ដោយកំណត់អាទិភាពលើមុខវិជ្ជាស្នូលដូចជា គណិតវិទ្យា វិទ្យាសាស្ត្រ និងតន្ត្រី។ ដោយផ្អែកលើការសិក្សាស្រាវជ្រាវចិត្តវិទ្យារបស់ បណ្ឌិត Ruth K. Chao ឆ្នាំ 1994 ក្នុងទស្សនាវដ្តី Child Development បានបង្ហាញថា ភាពម៉ឺងម៉ាត់ និងការតាមដានកិច្ចការផ្ទះយ៉ាងម៉ត់ចត់របស់ឪពុកម្តាយចិន កើតចេញពីគំនិតវប្បធម៌នៃការគ្រប់គ្រង និងតម្រង់ទិសដោយក្ដីស្រឡាញ់ ដើម្បីធានាថា កូនៗនឹងបង្កើតបានជាទម្លាប់ធ្វើការងារច្បាស់លាស់ និងរឹងប៉ឹងមិនងាយបោះបង់ចោលការងារកណ្តាលទីឡើយ។
សរុបមក ភាពឆ្លាតវៃ និងភាពជោគជ័យខាងចំណេះដឹងរបស់ជនជាតិចិន មិនមែនជាសំណាងដែលកើតមានពីកំណើតនោះទេ ប៉ុន្តែវាជាផលកើតចេញពីការដុះខាត់យ៉ាងសកម្មតាមរយៈភាសានិយាយ វប្បធម៌គ្រួសារ និងការតស៊ូក្នុងប្រព័ន្ធអប់រំ។ ការបង្កើតទម្លាប់អាន ការរៀនគណិតវិទ្យាតាំងពីតូច និងការមានវិន័យតឹងរឹង គឺជាគ្រឹះយ៉ាងរឹងមាំដែលធ្វើឱ្យខួរក្បាលរបស់ពួកគេត្រូវបានហ្វឹកហាត់ឱ្យគិតបានរហ័ស និងបានទូលំទូលាយ។


