បច្ចុប្បន្នឃើញថាមានមនុស្សជាច្រើនកំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុដោយមិនដឹងខ្លួន ដូចជាជាប់គាំងក្នុងបំណុល រកចំណូលបានមិនគ្រប់សម្រាប់ការចំណាយប្រចាំថ្ងៃ តែពួកគេមានគោលដៅជីវិតជាច្រើនដែលចង់ធ្វើដូចជា ទិញផ្ទះ ទិញឡាន ឬរៀបចំជីវិតនៅពេលក្រោយចូលនិវន្តន៍ ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្ដើមបែបណា ឬក៏ពេលណា ជាដើម។ ដូច្នេះក្នុងអត្ថបទនេះនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីវិធីសាស្ត្រសំខាន់ចំនួន ៤ ដែលអាចជួយអ្នកគ្រប់គ្រងហិរញ្ញាវត្ថុឱ្យត្រឹមត្រូវ និងមានប្រសិទ្ធភាព៖
១. រៀបចំលុយឱ្យច្បាស់៖ អ្នកត្រូវដឹងថាចំណូលរបស់អ្នកបានមកពីណា ហើយត្រូវចំណាយទៅលើអ្វីខ្លះ នៅពេលអ្នកមានការរៀបចំថវិកាច្បាស់លាស់ វាងាយស្រួលក្នុងការចាត់ចែងលុយ ហើយនៅពេលចុងខែអ្នកអាចសល់លុយបានទៀតផង។ ដើម្បីបង្កើតថវិកា អ្នកគួរចាប់ផ្តើមដោយកត់ត្រាប្រាក់ចំណូល និងចំណាយទាំងអស់ បន្ទាប់មកប្រៀបធៀបគ្នាដើម្បីដឹងថា អ្នកកំពុងចំណាយលើសពីអ្វីដែលបានកំណត់ដែរទេ។ នៅដើមខែនីមួយៗ គួរមានផែនការថវិកាថ្មី ហើយតាមដានការចំណាយរបស់ខ្លួនជាប្រចាំ។ នៅចុងខែ ត្រូវត្រួតពិនិត្យឡើងវិញថា អ្នកបានចំណាយទៅតាមអ្វីដែលអ្នកបានកំណត់ឬអត់ វិធីនេះនឹងជួយអ្នកកែប្រែទម្លាប់ចាយវាយខ្ជះខ្ជាយ ឱ្យប្រែមកចេះសន្សំសំចៃជាងមុន។
២. កាត់បន្ថយការចំណាយប្រចាំខែ៖ នេះមិនរាប់បញ្ចូលការចំណាយថេរដូចជា ថ្លៃបង់ផ្ទះ ថ្លៃទឹកភ្លើង សងបំណុលប្រចាំខែនោះទេ តែសម្ដៅលើការចំណាយផ្សេងៗដែលមិនសូវចាំបាច់ដូចជា ការដើរលេងកម្សាន្ត សម្លៀកបំពាក់ថ្លៃ ឬការទិញរបស់ដែលមិនចាំបាច់ផ្សេងៗ ប្រសិនបើអ្នកពិតជាចង់សន្សំលុយទុកសម្រាប់សម្រេចក្ដីប្រាថ្នាធំនៅពេលអនាគត វិធីនេះគឺមានប្រសិទ្ធភាពបំផុត។
៣. ចាប់ផ្ដើមរៀនសន្សំ៖ មនុស្សជាច្រើនគិតថា ត្រូវតែមានលុយច្រើនសិនទើបអាចសន្សំបាន ប៉ុន្តែជាក់ស្តែង ការសន្សំគឺគេចាប់ផ្ដើមពីតិចតួចទៅ ការសន្សំតិចតួចបើធ្វើជាប្រចាំអាចបង្កើតជាទ្រព្យសម្បត្តិធំ ក្នុងពេលអនាគត។ ចំពោះការសន្សំអ្នកអាចបើកគណនីប្រាក់សន្សំ ហើយដាក់ប្រាក់ចូលជាប្រចាំ មិនថារាល់សប្តាហ៍ រាល់ខែ ឬនៅពេលមានប្រាក់បន្ថែមក៏ដោយ។ ទោះបីជាចំនួនតិចក៏ដោយ ប្រសិនបើអ្នកធ្វើវាជាប់ ការប្រាក់នឹងកើនឡើងទៅតាមពេលវេលា។
៤. ក្លាយជាអ្នកវិនិយោគ៖ ការរកលុយមិនចាំបាច់ទាល់តែអ្នកប្រើកម្លាំង ទៅធ្វើការឱ្យគេទេ ប៉ុន្តែអ្នកក៏អាចឱ្យលុយធ្វើការជំនួសអ្នកបានដែរ គឺតាមរយៈការវិនិយោគ។ ការវិនិយោគក្នុងភាគហ៊ុន មូលបត្របំណុល មូលនិធិ ឬអចលនទ្រព្យ អាចផ្តល់ផលចំណេញក្នុងរយៈពេលវែង តែអ្នកក៏ត្រូវច្បាស់ពីការវិនិយោគដូចជា និងបែងចែកហានិភ័យឱ្យបានត្រឹមត្រូវ។
សម្រាប់អ្នកដែលមិនទាន់មានបទពិសោធន៍ គួរចាប់ផ្ដើមសិក្សាពីមូលដ្ឋានគ្រឹះនៃការវិនិយោគ ឬពិគ្រោះជាមួយអ្នកជំនាញ ជាមុនសិន។ ហើយបើទោះបីជាការវិនិយោគមានហានិភ័យខ្លះក៏ដោយ តែបើអ្នកមានការយល់ដឹងច្បាស់ និងមានផែនការច្បាស់លាស់ វាអាចជួយកសាងហិរញ្ញាវត្ថុរបស់អ្នកនៅពេលអនាគតឱ្យមានស្ថិរភាព និងសុវត្ថិភាព៕
អត្ថបទដោយ៖ សារួ


