របរក្រៅម៉ោងធំៗ៤ ធ្វើការតិចជាង៤ម៉ោង/១ថ្ងៃ អាចទាញចំណូលខ្ពស់ខ្លាំង នៅខ្មែរក៏អាចធ្វើបាន
Kan DaraAPRIL 4 20239.5 K views

«ចង់ធូរធារ ត្រសៀលក្បែរមាន ត្រូវបណ្តុះលំហូរលុយចាប់ពីពីរច្រកឡើងទៅ» ចំណូលបន្ថែមខ្ទង់ពាន់ដុល្លារ អាចរកបានគ្រាន់តែធ្វើការពីផ្ទះ ដោយមិនចាំបាច់ឈប់ពីការងារពេញម៉ោង ស្តាប់ទៅហាក់មិនគួរឲ្យជឿតែវាជាការពិត។ អ្វីដែលអ្នកត្រូវការបំផុតត្រឹមមានអ៊ីនធឺណេតគ្រប់គ្រាន់ និងជំនាញច្បាស់លាស់មួយប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជារបរក្រៅម៉ោងខ្លឹមទាំង៤ ដែលអ្នកគួរសម្លឹងមើល បន្ទាប់ពីប្រាក់ខែគោលក្នុងក្រុមហ៊ុន៖

១/. លក់គំនិត និងជំនាញ

អ្នកស្រី Thursday Bram ស្ថាបនិក Hyper Modern បាននិយាយថា៖ «ប្រសិនបើអ្នកមានជំនាញនៅក្នុងទីផ្សារពិសេសមួយ អ្នកអាចបង្កើតផលិតផល ដូចជាសៀវភៅអេឡិចត្រូនិច ឬបង្កើតវគ្គសិក្សាដាក់លក់លើអ៊ីនធឺណេត ដោយចំណាយសាច់ប្រាក់ក្នុងការផលិតតិចបំផុត»។ ជាក់ស្តែងក្នុងឆ្នាំ២០១០ លោក Graham Cochrane បានបង្កើតនិងលក់វគ្គសិក្សាតាមអនឡាញដំបូង ដែលបង្រៀនអតិថិជនពីរបៀបប្រើកម្មវិធីថតសំឡេងដ៏ពេញនិយម Pro Tools ក្នុងតម្លៃ ៤៥ដុល្លារ។ Graham បានលើកឡើងថា៖ «មុនពេលថត ខ្ញុំបានសរសេរគ្រោងជាមូលដ្ឋាននៃផ្នែកណាមួយនៃកម្មវិធីដែលខ្ញុំចង់ចែករំលែក និងតាមលំដាប់លំដោយ បន្ទាប់មកចំណាយពេលពី ៣-៤ម៉ោងក្នុងការថត និងកែសម្រួលខ្លឹមសារ»

2

២/. ចាប់លុយលើមេឃ

ត្រឹមរយៈពេល៥ឆ្នាំ យុវជន Ghiorghiu អាចរកចំណូលបានខ្ទង់ ២០ម៉ឺនដុល្លារ ចេញពីគណនី Youtube ផ្ទាល់ខ្លួនរបស់លោកដោយការផុសវីឌីអូផ្តោតលើអាជីវកម្មអនឡាញ សម្រាប់អ្នកដែលចង់បង្កើតឱកាសរកចំណូលផ្សេងៗលើអ៊ីនធឺណេតដូចជា YouTube, Drop Shipping, Ebay, Shopify និងប្រភេទអាជីវកម្មផ្សេងទៀត។ មិនតែប៉ុណ្ណោះ បច្ចុប្បន្នលោកបានក្លាយជាសហគ្រិនឌីជីថល ស្ថាបនិក និងជានាយកប្រតិបត្តិនៃទីភ្នាក់ងារទីផ្សារផ្សាយពាណិជ្ជកម្មរបស់ Google ថែមទៀតផង។

111

/. លក់ផ្ទះនិងជួលអចលនទ្រព្យ

បុរសវ័យ២៤ឆ្នាំ Sebastian Ghiorghiu ដែលមានអ្នកតាមដាន ៨៣៥,០០០នាក់ លើបណ្តាញសង្គម YouTube មិនទុកហ្វេនទំនេរចោលឡើយ។ ក្រៅពីការចែករំលែក លោកបានច្នៃហ្វេនឲ្យក្លាយទៅជាអតិថិជន ដោយដាក់លក់ផ្ទះ និងជួលអចលនទ្រព្យផ្សេងៗ។ របរក្រៅម៉ោងនេះ គឺជាប្រភពចំណូលអកម្មដ៏ធំមួយជួយឲ្យ Ghiorghiu ក្លាយជាសេដ្ឋីទាំងនៅវ័យក្មេងល្ហក់។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំចង់មានសេរីភាពធ្វើអ្វីដែលខ្ញុំចង់បាន ហើយក្លាយជាអ្នកមាន»

៤/. ប្រើលុយសន្សំពីការងារពេញម៉ោង វិនិយោគលើក្តិបអចលនទ្រព្យ

Rachel Richards បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុ និងធ្វើការរយៈពេលពីរឆ្នាំជាអ្នកប្រឹក្សាហិរញ្ញវត្ថុដោយប្រាក់ខែឆ្នាំទី១បាន ៣៦,០០០ដុល្លារ និងឆ្នាំទី២បាន ៤២,០០០ដុល្លារ។ នាង​និយាយ​ថា​៖ «​ការ​ចំណាយ​របស់​ខ្ញុំ​មាន​ប្រហែល ១,៥០០ដុល្លារ​ក្នុង​មួយ​ខែ ​ដោយសារ​ខ្ញុំ​មិន​មាន​កម្ចី​និស្សិត ហើយ​ខ្ញុំ​ពូកែ​សន្សំសំចៃ ខ្ញុំ​អាច​សន្សំ​ប្រាក់​បាន​ជាង​ពាក់​កណ្តាល​សូម្បី​តែ​ពេល​នោះ»

ក្នុងឆ្នាំ២០១៧ Richards បានចាប់ផ្តើមផ្តោតលើមធ្យោបាយបង្កើតប្រាក់ចំណូលអកម្ម។ នាង​និយាយ​ថា​៖ «គ្រា​នោះ យើង​គ្មាន​ចំណូល​ផ្សេង​ទៀត​ទេ​ យើង​ទាំង​ពីរ(គូដណ្ដឹង) ​កំពុង​តែ​ធ្វើ​ការយ៉ាងមមាញឹកពីម៉ោង ​៩am​-៥pm»។ នៅឆ្នាំដដែល គូស្នេហ៍មួយគូនេះបានទិញអចលនទ្រព្យដំបូងគឺ អគារពីរនៅ Louisville ដែលមានតម្លៃ ១០០,០០០ដុល្លារ ដោយលុយនេះបានមកពីការសន្សំជាច្រើនឆ្នាំរបស់ពួកគេបូកបញ្ចូលគ្នា។ អ្នកទាំងពីរបានបន្តវិនិយោគលើអចលនទ្រព្យយ៉ាងគឃ្លើន ដោយបានទិញអចលនទ្រព្យចំនួនប្រាំមួយ (សរុបប្រហែល ៤០យូនីត) ក្នុងរយៈពេលត្រឹមពីរឆ្នាំប៉ុណ្ណោះ និងយូនីតខ្លះអាចរកចំណូលបានចន្លោះពី ២០០-៣០០ដុល្លារក្នុងមួយយូនីត។ ជំនួសឲ្យការធ្វើការពេញម៉ោង ឥឡូវនេះពួកគេចំណាយពេលប្រហែល ៥-១០ម៉ោងក្នុងមួយសប្តាហ៍ក្នុងការគ្រប់គ្រងអចលនទ្រព្យដោយប្រមូលបានប្រាក់សរុបប្រមាណ ៨០០០ដុល្លារក្នុងមួយខែ។

២

យ៉ាងណាមិញ ចំពោះរបរក្រៅម៉ោងទាំងបួនខាងលើនេះ នៅក្នុងបរិបទកម្ពុជាយើងក៏អាចអនុវត្តបានដូចគ្នា។ ចូររៀនចាប់ឱកាសនៅក្នុងសម័យកាលឧស្សាហកម្ម ៤.០ ប្រឹងសម្រួចជំនាញទាញចំណូល រៀនបង្កើតលំហូរសាច់ប្រាក់ក្រៅពីប្រាក់ខែគោល និងចេះចាត់ចែងធនធានដែលអ្នករកបាន ទៅបង្កាត់កូនពូនជាចៅ នោះអនាគតអ្នកនឹងធូរធារក្នុងសម័យជឿនលឿនមិនខាន៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia