មនុស្សភាគច្រើនសុទ្ធតែមានក្ដីស្រមៃរៀងៗខ្លួន ប៉ុន្តែនៅពេលដែលមានគ្រួសារ ក្ដីស្រមៃរបស់មនុស្សម្នាក់ៗ ក៏បានរួមបញ្ចូលគ្នាក្លាយជាគោលដៅនៃជីវិតគ្រួសាររបស់ពួកគេម្នាក់ៗ។ ហេតុនេះហើយពេលមានគូស្រករ មនុស្សគ្រប់រូបនឹងត្រូវគិតកាន់តែស៊ីជម្រៅ ពីអ្វីដែលគួរតែមានសម្រាប់គ្រួសារដូចជា ផ្ទះ ឡាន ឬប្រាក់កាសសម្រាប់ផ្គង់ផ្គង់កូនចៅជាដើម។
ពាក់ព័ន្ធនឹងគោលដៅជីវិតគ្រួសារនេះដែរ គ្រូបង្គោលផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាសមាជិកក្នុងក្រុមសន្សំប្រាក់នារី អ្នកស្រី ប្រាក់ លឹមហ៊ាង បានបង្ហើបពីកញ្ចប់លុយ៤ប្រភេទ ដែលគ្រួសារនីមួយៗគួរមាន បើចង់ឱ្យឆាប់កើនចំណូល និងសល់ទ្រព្យបានច្រើន។ កញ្ចប់លុយទាំង៤ប្រភេទនោះរួមមាន៖
ទី១. កញ្ចប់សន្សំ៖ ដាក់ផែនការសន្សំប្រាក់ប្រចាំខែឱ្យបាន យ៉ាងតិច ២០%ទៅ៣០% នៃចំណូលប្រចាំខែ ដើម្បីទុកសម្រេចគោលដៅ តែបើអាចសន្សំកាន់តែច្រើនរឹតតែល្អ។
ទី២. កញ្ចប់ចំណាយ៖ គ្រប់គ្រងប្រាក់ចំណាយ ប្រកបដោយការសន្សំសំចៃ ដូចជា ថ្លៃទឹក ថ្លៃភ្លើង ការលំហែរដែលអស់លុយតិច ឬនៅផ្ទះជាមួយឪពុកម្ដាយ ឬស្នាក់នៅផ្ទះជួលសិន ដើម្បីទុកលុយសន្សំ និងកាត់បន្ថយការចំណាយដែលមិនចាំបាច់ឱ្យបានកាន់តែច្រើន។
ទី៣. កញ្ចប់បង្កើតចំណូល៖ ដកយកចំណូលមួយផ្នែក សម្រាប់បង្កើតចំណូលបន្ថែមដែលអាចផ្ដល់ផលក្នុងរយៈពេលខ្លី ដូចជាការលក់ផលិតផល ឬលក់អនឡាញនៅផ្ទះ ឬកូនមាន់កូនទា ចិញ្ចឹមនៅផ្ទះបន្ថែមជាដើម។
ទី៤. កញ្ចប់អនុវត្តន៍តាមផែនការ៖ កញ្ចប់នេះអាចបានមកពីលុយដែលផ្សេងៗក្រៅពីប្រាក់ខែ ដូចជាការងារក្រៅម៉ោង ការកាន់គម្រោងខ្លីៗ ដែលអាចបង្កើតចំណូលបានច្រើនដោយការប្រើប្រាស់ជំនាញសដែលអ្នកមាន។
អ្នកជំនាញផ្នែកហិរញ្ញវត្ថុរូបនេះ បានគូសបញ្ជាក់ផងដែរថា “ចំណេះដឹងហិរញ្ញវត្ថុពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប បើអ្នកចេះពីវិធីចាត់ចែងនិងប្រើប្រាស់លុយកាក់ អ្នកនឹងអាចនាំខ្លួនឯងទៅរកជីវិតមួយដែលល្អប្រសើរ នឹងលែងឈឺក្បាលរឿងលុយ”។ អ្នកអាចទាញយកចំណេះដឹងហិរញ្ញវត្ថុ តាមរយៈការអាន ការទស្សនា ការស្ដាប់ និងការរៀនសូត្រពីអ្នកជំនាញជាដើម៕
អត្ថបទដោយ៖ សូ សុខលី


