បំណុលជាបញ្ហាដែលមនុស្សជាច្រើនកំពុងជួបប្រទះ អ្នកខ្លះក៏ប្រហែលជាកំពុងស្មុគស្មាញគិតរកផ្លូវដោះស្រាយមិនចេញផងដែរ។ តែការពិតវាមិនមែនជារឿងស្មុគស្មាញខ្លាំងដូចអ្វីដែលអ្នកគិតនោះទេ ប្រសិនបើអ្នកដឹងពីរបៀបរៀបចំផែនការ និងមានវិន័យហិរញ្ញវត្ថុច្បាស់លាស់។ ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រ ៤ យ៉ាងអាចជួយអ្នកឱ្យឆាប់មានសេរីភាពហិរញ្ញវត្ថុឡើងវិញ៖
១. រៀបបចំផែនការប្រចាំខែ៖ មុននឹងចាប់ផ្ដើមដោះស្រាយបញ្ហា អ្នកត្រូវតែហ៊ានប្រឈមមុខនឹងតួលេខពិតប្រាកដជាមុនសិន។ មានន័យថា អ្នកត្រូវកត់ត្រារាល់បំណុលទាំងអស់ដែលមាន មិនថាតិចឬច្រើន ដោយបញ្ជាក់ពីអត្រាការប្រាក់ និងកាលបរិច្ឆេទត្រូវបង់ឱ្យបានច្បាស់លាស់។ នៅពេលអ្នកឃើញរូបភាពជារួមនៃបំណុល វានឹងជួយឱ្យអ្នកឈប់មានអារម្មណ៍ភ័យខ្លាច ហើយចាប់ផ្ដើមរៀបចំផែនការវាយលុករកចំណុចខ្សោយនៃបំណុលទាំងនោះវិញម្ដង។ វាក៏ជួយឱ្យអ្នកដឹងថា តើចំណាយប្រចាំថ្ងៃណាខ្លះដែលលើសកម្រិត ហើយអាចកាត់បន្ថយបាន ដើម្បីយកលុយទាំងនោះមកបង្កើនល្បឿននៃការសងបំណុលវិញ។
២. ជ្រើសរើសវិធីសាស្ត្រសងដែលមានប្រសិទ្ធភាព៖ អ្នកគួរកំណត់អាទិភាពនៃការសងឱ្យបានច្បាស់លាស់។ អ្នកអាចជ្រើសរើស "ការសងបំណុលដែលមានការប្រាក់ខ្ពស់មុនគេ" ដើម្បីកាត់បន្ថយការខាតបង់ប្រាក់ ឬ "ការសងបំណុលតិចជាងគេឱ្យដាច់មុនគេ" ដើម្បីឱ្យខ្លួនឯងមានកម្លាំងចិត្តសងបំណុលដែលនៅសល់ទៀត។
៣. ប្រើបច្ចេកទេសចរចា និងបង្រួបបង្រួមបំណុល៖ កុំខ្លាចក្នុងការពិភាក្សាជាមួយម្ចាស់បំណុល ឬធនាគារដើម្បីស្នើសុំបន្ធូរបន្ថយអត្រាការប្រាក់ ឬពន្យារពេលបង់។ ប្រសិនបើអ្នកមានបំណុលច្រើនកន្លែង អ្នកគួររកកម្ចីតែមួយដែលមានការប្រាក់ទាបជាងមុន ដើម្បីយកមកសងបំណុលរាយប៉ាយទាំងនោះឱ្យអស់។ ការធ្វើបែបនេះហៅថា "ការបង្រួបបង្រួមបំណុល" ដែលជួយឱ្យអ្នកងាយស្រួលគ្រប់គ្រង និងកាត់បន្ថយសម្ពាធការប្រាក់បានច្រើន។
៤. បង្កើនចំណូលបន្ថែម៖ ការសន្សំសំចៃតែមួយមុខគឺមិនគ្រប់គ្រាន់ទេ អ្នកត្រូវស្វែងរកចំណូលបន្ថែមតាមរយៈជំនាញ ឬការលក់របស់របរដែលមិនចាំបាច់។ លុយដែលរកបានបន្ថែមត្រូវយកទៅ "បុក" សងបំណុលជាអាទិភាព។ អ្វីដែលសំខាន់បំផុតនោះគឺ អ្នកត្រូវដាច់ខាតឈប់បង្កើតបំណុលថ្មីក្នុងកំឡុងពេលដោះស្រាយបំណុលចាស់ ដើម្បីកុំឱ្យធ្លាក់ចូលក្នុងរណ្តៅដែលជ្រៅជាងមុន៕


