ការខំប្រឹងធ្វើការពីព្រលឹមទល់ព្រលប់នៅកន្លែងតែមួយចំណូលបានតែមួយច្រក មិនមែនជាជម្រើសដ៏ល្អនោះទេ។ ជំនាញដែលអ្នកមានរាល់ថ្ងៃ អ្នកអាចបង្កើតជាប្រភពចំណូលបានច្រើនច្រក ប្រសិនបើអ្នកចេះច្នៃវាឱ្យចំគោលដៅ។ ខាងក្រោមនេះជាប្រភពចំណូលធំៗទាំង៤ ដែលអ្នកអាចទាញចេញពីជំនាញការងារប្រចាំថ្ងៃដែលកំពុងមាន៖
១. ប្រាក់ខែ៖ ប្រាក់ខែ គឺជាចំណូលគោលនិងដំបូងគេដែលអ្នកបានមកពីការលក់កម្លាំងពលកម្ម ចំណេះដឹង និងពេលវេលាឱ្យទៅស្ថាប័ន ឬក្រុមហ៊ុន។ វាជាចំណូលទៀងទាត់ដែលជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ ចំនួនប្រាក់ខែតិចឬច្រើន គឺអាស្រ័យលើសមត្ថភាព និងការទទួលខុសត្រូវក្នុងតួនាទីរបស់អ្នក។
២. ប្រាក់ឧបត្ថម្ភ និងរង្វាន់លើកទឹកចិត្ត៖ ក្រៅពីប្រាក់ខែគោល អ្នកអាចទទួលបានចំណូលបន្ថែមពីកន្លែងការងារតាមរយៈការខិតខំប្រឹងប្រែង។ វាអាចជាប្រាក់រង្វាន់ចុងឆ្នាំ ប្រាក់លើកទឹកចិត្តតាមគម្រោង ឬប្រាក់ឧបត្ថម្ភផ្សេងៗដែលកើតចេញពីលទ្ធផលការងារដ៏ល្អរបស់អ្នក។ នេះគឺជាផ្លែផ្កានៃភាពសកម្ម និងការយកចិត្តទុកដាក់ក្នុងវិជ្ជាជីវៈ។
៣. ប្រាក់កម្រៃជើងសារ៖ នៅពេលអ្នកមានទំនាក់ទំនងល្អ និងមានជំនាញចរចាល្អ អ្នកអាចបង្កើតចំណូលប្រភេទទី៣ នេះបាន។ វាមិនមែនជាការងារពេញម៉ោងទេ ប៉ុន្តែជាការប្រើប្រាស់បណ្តាញទំនាក់ទំនងដើម្បីជួយសម្រួលការលក់ ដូចជាការណែនាំអតិថិជនឱ្យទិញ ឬជួលអចលនទ្រព្យជាដើម។ "ទំនាក់ទំនងល្អ គឺជាទ្រព្យសម្បត្តិ" ដែលអាចបំប្លែងជាសាច់ប្រាក់បានយ៉ាងងាយ។
៤. ប្រាក់ចំណេញ៖ នេះគឺជាប្រភពចំណូលដែលមានឥទ្ធិពលបំផុត ដែលកើតចេញពីការធ្វើឱ្យលុយ "បង្កើតកូនចៅ"។ វាអាចបានមកពីការសហការភាគហ៊ុនអាជីវកម្ម ការវិនិយោគលើផ្សារមូលបត្រ ឬការទិញ-លក់អចលនទ្រព្យដែលឡើងថ្លៃ។ ដើម្បីឈានដល់ចំណុចនេះ អ្នកត្រូវប្រើប្រាស់ប្រាក់សន្សំពីប្រាក់ខែ យកមកធ្វើជាដើមទុនវិនិយោគដោយឈ្លាសវៃ។
ជីវិតនឹងកាន់តែប្រសើរឡើងចាប់ផ្ដើមដោយប្រើប្រាស់ប្រាក់ខែឱ្យចំគោលដៅមិនថាប្រាក់ខែនោះតិចឬច្រើន ពង្រឹងទំនាក់ទំនងឱ្យរឹងមាំ និងហ៊ានចាប់យកឱកាសវិនិយោគ កុំខ្លាចក្នុងការប្រថុយដើម្បីបង្កើតចំណូលអកម្មសម្រាប់អនាគតរបស់អ្នក៕


