ជាទូទៅក្នុងអាជីវកម្មមិនថាអាជីវកម្មតូចឬធំ ការលំបាកក្នុងការជួបអតិថិជនគឺជៀសមិនរួចឡើយ ខណៈដែលអតិថិជនមួយចំនួនក្រឡុកអ្នកលក់ឱ្យវិលក្បុងក៏មានដែរ។ទាក់ទងទៅនឹងបញ្ហានេះ ថ្ងៃនេះ Business Cambodia សូមលើកយកអ្នកទិញទាំងបួនប្រភេទ ដែលអ្នកលក់ភាគច្រើនតែងតែជួបជាមួយនឹងវិធីសាស្ត្រលក់ដ៏មានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងពួកគេ៖
១.អ្នកទិញចូលចិត្តតម្លៃថោក
មែនទៅអ្នកទិញប្រភេទនេះអ្នកលក់ច្បាស់ជាជួបច្រើនហើយ គឺពួកគេនឹងសម្រេចចិត្តទិញប្រសិនបើតម្លៃថោក ពោលគឺមិនមែនផ្អែកលើគុណភាពទំនិញនោះទេ។ ទន្ទឹមនឹងនោះ ដើម្បីឆ្លើយតបនឹងពួកគេ អ្នកត្រូវតែបង្ហាញពួកគេនូវអ្វីដែលចំណេញ ដោយអ្នកអាចដំឡើងតម្លៃទំនេញ រួចធ្វើការបញ្ចុះតម្លៃឱ្យពួកគាត់វិញ ហើយកំុព្យាយាមប្រាប់ពីគុណភាពរបស់ទំនិញអីពួកគេមិនចង់ដឹងឡើយ ពួកគេចង់ដឹងត្រឹមតែបរិមាណ និងតម្លៃតែប៉ុណ្ណោះ។
៣. អ្នកទិញដ៏ឆ្លាតវៃ
ប្រភេទអ្នកទិញដ៏ឆ្លាតវៃនេះ ពួកគេទិញដោយយោងទៅលើគុណភាពទំនិញ ហើយពួកគេចេះធ្វើការស្រាវជ្រាវនឹងសើបមើល អាចតាមរយៈអនឡាញ ឬបានប្រាស្រ័យទៅកាន់មនុស្សច្រើននាក់ផ្សេងទៀតមុនពេលពួកគេធ្វើការទិញអ្វីមួយដ៏សំខាន់ ហើយពួកគេដឹងនូវអ្វីដែលពួកគេសំដៅចូលទិញ។
ហេតុនេះហើយ នៅពេលដែលអ្នកជួបអ្នកទិញប្រភេទនេះ អ្វីដែលអ្នកមិនគួរធ្វើគឺប្រាប់អ្វីៗច្រើនពេកទៅកាន់ពួកគេ អ្នកមិនត្រូវអ៊ួតពីផលិតផល ហើយណែនាំគេឱ្យទិញអីវ៉ាន់មួយនេះ និងមិនគួរទិញអីវ៉ាន់មួយនោះទេ ដោយទុកឱ្យពួគេសម្រេចគិតដោយខ្លួនរបស់ពួកផ្ទាល់។ ទន្ទឹមនឹងនេះដែរអ្នកគួរតែប្រាប់ពួកគេនូវអ្វីដែលផលិតផលរបស់អ្នកមិនអាចធ្វើបាន ព្រោះពួកគេដឹងថាគ្រប់ផលិតផលទាំងអស់តែងតែមានភាពអវិជ្ជមាននៅក្នុងនោះ ដូច្នេះពេលដែលអ្នកប្រាប់ពួកគេនូវអ្វីដែលទំនិញរបស់អ្នកធ្វើមិនបាន នោះវានឹងធ្វើឱ្យពួកគេនឹងកាន់តែទុកចិត្តអ្នកថែមទៀត។
៣. អ្នកទិញនាំតែរឿងឈឺក្បាល
អ្នកទិញប្រភេទទីបីនេះ គឺមានតួរនាទីមួយ ធ្វើឱ្យអ្នកលក់ក្រពុលមុខសិនទើបអស់ចិត្ត បើទោះបីជាពេលខ្លះអ្នកខំព្យាយាមផ្តល់ព័ត៌មានឱ្យគេយ៉ាងច្រើនក៏ដោយ ក៏ពួកគេមិនសម្រេចចិត្តទិញដែរ ហើយពួកគេត្រឹមតែចង់ឈ្នះអ្នកតែប៉ុណ្ណោះ ដូច្នេះហើយអ្នកមិនគួរខាតពេលវាលារបស់អ្នកជាមួយមនុស្សប្រភេទនេះទេ។
៤. អតិថិជនជាអ្នកមាន
អតិថិជនចុងក្រោយនេះ ជាប្រភេទមនុស្សដែលមានលុយ ដូច្នេះពួកគេមិនសាញរឿងតម្លៃឡើយ ហើយក៏មិនសូវខ្វល់អំពីមុខងារទំនិញដែរ ប៉ុន្តែពួកគេនឹងទិញនូវអារម្មណ៍ ភាពងាយស្រួល និងត្រូវចិត្តផងដែរ ដូច្នេះអ្វីដែលអ្នកអាចធ្វើទៅបានអ្នកត្រូវគិតថា អ្នកអាចផ្តល់ភាពងាយស្រួលជូនគាត់ជាងមុនបន្តិចទៀតដោយវិធីណា ព្រោះពួកគេស្អប់ភាពមិនត្រូវចិត្ត និងរញ៉េរញ៉ៃច្រើន។
គួរជម្រាបផងដែរថា អ្នកអាចពិនិត្យមើលអាជីវកម្មដែលអ្នកកំពុងដំណើរការជារៀងរាល់ថ្ងៃ តើអតិថិជនប្រភេទណាដែលអ្នកជួបច្រើនជាងគេ រួចកំណត់យកពួកគេធ្វើជាអតិថិជនគោលដៅ ជាមួយដំណោះស្រាយឱ្យត្រូវតាមប្រភេទអតិថិជននិមួយៗ៕


