ឈប់បន្ទោសថាខ្លួនឯងខួរក្បាលមិនល្អ! ទម្លាប់ទាំង 4 នេះហើយដែលធ្វើឱ្យអ្នករៀនហើយឆាប់ភ្លេច និងធ្វើអោយគាំងគំនិត
Pen SodalenAUGUST 14 2026129 views

 

ប្រសិនបើអ្នកតែងតែរៀនហើយឆាប់ភ្លេចទៅវិញ វាមិនមែនមកពីកម្រិតការចាប់បានរបស់អ្នកខ្សោយនោះទេ ប៉ុន្តែវាជាសញ្ញាដែលបញ្ជាក់ថា វិធីសាស្ត្រសិក្សា និងទម្លាប់រស់នៅ របស់អ្នកកំពុងមានចំណុចខ្វះខាត ដែលទាមទារការយកចិត្តទុកដាក់ និងផ្លាស់ប្តូរជាបន្ទាន់។ ខាងក្រោមនេះជាទម្លាប់រស់នៅដែលអាចប៉ះពាល់ដល់ការចងចាំរបស់អ្នក :

១. ការរៀនបែបអកម្ម គ្មានការអនុវត្ត

ការដែលអង្គុយស្តាប់ អាន ឬគូសបន្ទាត់អោយចំណាំដោយមិនបានសរសេររំលឹក សួរដេញដោល ឬចែករំលែកដល់អ្នកដទៃ វាធ្វើឱ្យអ្នកមានអារម្មណ៍ថា យល់ តែពេលបិទសៀវភៅភ្លាម អ្នកនឹងនឹកអ្វីមិនឃើញឡើយ។ ការប្រើតែភ្នែកនិងត្រចៀក ដោយមិនឱ្យខួរក្បាលគិត ប្រាកដជាធ្វើឱ្យព័ត៌មានទាំងនោះមិនអាចរក្សាទុកបានទេ។ លោក Hermann Ebbinghaus ជាអ្នកចិត្តវិទ្យា បានបង្ហាញថាខួរក្បាលនឹងលុបទិន្នន័យចោល ៥០% ទៅ ៧០% ក្នុង ២៤ ម៉ោង បើមិនបានយកមកប្រើ ឬរំលឹកឡើងវិញ។

 

២. កង្វះការគេង និងការសម្រាកខួរក្បាល

ទម្លាប់រៀនយប់ជ្រៅទល់ភ្លឺ ហើយគេងតិចជាង ៦ ម៉ោង វាធ្វើឱ្យខួរក្បាលស្ពឹក ទោះព្យាយាមអានដដែលៗច្រើនដងក៏ពិបាក្នុងការចងចាំដែរ។ ការដែលមិនបានគេងគ្រប់គ្រាន់ នឹងធ្វើឱ្យខួរក្បាលបាត់បង់សមត្ថភាពផ្ទេរទិន្នន័យទៅជាការចងចាំរយៈពេលវែង។ លោក Dr. Matthew Walker ដែលជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រខួរក្បាល  និង ជាអ្នកនិពន្ធសៀវភៅ Why We Sleep បានបញ្ជាក់ថា អំឡុងពេលដែលយើងគេងលក់ស្ងប់ ខួរក្បាលរបស់យើងនឹងផ្ទេរទិន្នន័យបង្កើតជាការចងចាំរយៈពេលវែង។ បើគេងមិនគ្រប់ ខួរក្បាលប្រៀបដូចកុំព្យូទ័រពេញ Memory ដែលមិនអាចទទួលទិន្នន័យថ្មីបានអញ្ចឹង។


៣. ការធ្វើការងារច្រើនក្នុងពេលតែមួយ និង មានការរំខាន

ការអានសៀវភៅបណ្តើរ មើលសារទូរស័ព្ទ ឬលេងបណ្តាញសង្គមបណ្តើរ ធ្វើឱ្យអ្នកងាយបាត់បង់ការផ្តោតអារម្មណ៍ និងត្រូវការពេលយូរដើម្បីទាញអារម្មណ៍មកវិញ ព្រោះកម្រិតនៃផ្តោតអារម្មណ៍ត្រូវបែកជាបំណែកតូចៗទៅហើយ។ លោក Dr. Adam Gazzaley ជាអ្នកវិទ្យាសាស្ត្រខួរក្បាលនៅ UCSF និង ជាអ្នកនិពន្ធសៀវភៅ The Distracted Mind បញ្ជាក់ថា ខួរក្បាលមិនត្រូវបានបង្កើតមកដើម្បីធ្វើការងារគិតស៊ីជម្រៅច្រើនក្នុងពេលតែមួយនោះទេ។ ការប្តូរការផ្តោតអារម្មណ៍ញឹកញាប់ពេក គឺធ្វើឱ្យខាតបង់ថាមពល ចាប់បានតែព័ត៌មានបន្តិចបន្តួច និងងាយរលុបបាត់ទៅវិញ។


៤. កម្រិតស្រ្តេស និងកង្វល់ផ្លូវចិត្ត

អារម្មណ៍ដែលភិតភ័យ ព្រួយបារម្ភពីការប្រឡង ឬមានសម្ពាធផ្លូវចិត្ត វាអាចបង្កើតឱ្យមានអាការៈ គាំងគំនិត  បេះដូងលោតញាប់ និងតានតឹង ដែលជាសញ្ញាថាផ្លូវចិត្តស្ថិតក្នុងស្ថានភាពអាសន្ន បណ្តោលអោយមានការរារាំងខួរក្បាលមិនឱ្យទទួល និងរក្សាទុកព័ត៌មាន។ លោកស្រី Dr. Elizabeth Gould ជាអ្នកស្រាវជ្រាវផ្នែកសរសៃប្រសាទ  បានរកឃើញថា ភាពស្រ្តេសខ្លាំងនឹងបញ្ចេញអ័រម៉ូនកម្រិតខ្ពស់ ទៅបំផ្លាញកោសិកាសរសៃប្រសាទក្នុង Hippocampus ដែលជាផ្នែកគ្រប់គ្រងការចងចាំ។ ពេលដែលយើងស្រ្តេស ខួរក្បាលនឹងប្តូរទៅជា របៀបការពារខ្លួន ដោយទប់ទល់នឹងសម្ពាធផ្លូវចិត្ត ជាជាងការចងចាំ។

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia