យើងមើលឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការបើកអាជីវកម្មហាក់មានលក្ខណៈប្រកួតប្រជែងគ្នាយ៉ាងខ្លាំង។ហើយអាជីវកម្មដែលមានការប្រកួតប្រជែងគ្នាខ្លាំងបែបនេះក៏មិនមែនការល្អប៉ុន្មាននោះឡើយ ព្រោះថាបើរកធ្វើអ្វីដែលមានដៃគូប្រកួតប្រជែង ធ្វើឲ្យអតិថិជនដែលធ្លាប់មានពីមុនមានការធ្លាក់ចុះ លើសពីនេះទៅទៀតថែមទាំងអាចធ្វើឲ្យអាជីវកម្មឈានទៅរកការបិទទ្វាផងដែរ។
ថ្ងៃនេះ Business Cambodia នឹងលើកយករបររកស៊ី ៤ប្រភេទ ដែលកំពុងមានការប្រកួតប្រជែងគ្នាខ្លាំងបំផុតនៅមួយរយៈចុងក្រោយនេះ ដែលរួមមាន៖
១.ដីឡូត៍ ៖បើនិយាយពីអាជីវកម្មដីឡូវិញ នាពេលបច្ចុប្បន្នកំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។វិស័យដីឡូជារបរដែលអាចរកចំណូលបានច្រើនមិនធម្មតា មិនចាញ់ការងារផ្សេងៗនោះឡើយ។តែទន្ទឹមនិងការរកចំណូលបានច្រើននេះហើយទើប ធ្វើឲ្យមានអ្នករកស៊ីរបរនេះចេះតែកើនឡើងជាបន្តបន្ទាប់ រហូតធ្វើឲ្យកម្រៃដែលទទួលបានគឺមិនសូវជាច្រើនដូចពីមុននោះទេ។
២.Cosmetic ៖ មុខរបរមួយនេះវិញក៏ហាក់ដូចជាមានការប្រកួតប្រជែងច្រើនមិនធម្មតាដែលក្នុងសង្គមខ្មែរបច្ចុប្បន្ននេះ ព្រោះថាអ្នកលក់ចេះតែមានការកើនឡើងជាលំដាប់ រហូតអាចជួយបង្កើនឱកាសការងារទៅដល់ស្រ្តីមេផ្ទះកម្ពុជាអាចរកចំណូលបានយ៉ាងច្រើន ប៉ុន្តែទន្ទឹមជាមួយគ្នានេះកាលណាអ្នកលក់ចេះតែកើនឡើង អត្រាអ្នកទិញក៏មានការថយចុះដែរ ព្រោះថាមានអ្នកលក់កាន់តែច្រើន អតិថិជនក៏មានជម្រើសច្រើនសម្រាប់ទិញទំនិញដូចគ្នា ។
៣.ការ៉ាសសាំង ៖ របរបើកការ៉ាសសាំងអាចមើលទៅហាក់ដូចជាមានភាពសាមញ្ញ ក៏ប៉ុន្តែបើសិក្សាឲ្យស៊ីជម្រៅ ទើបដឹងថាវាពិតជាមានការប្រកួតប្រជែងច្រើន។ក្នុងនោះការនាំចូលនូវយីហោក្រុមហ៊ុនលក់ប្រេងសាំងចេះតែកើនឡើងច្រើនហូរហែល ដែលធ្វើឲ្យការ៉ាសសាំងខ្លះត្រូវប្រឈមនឹងការបិទទ្វា ព្រោះតែមានដៃគូជែងច្រើនពេករហូតមិនអាចបន្តបើកបានយូរទៀតបាន ព្រោះតែមិនសូវមានអតិថិជនចូលចាក់ដូចពីមុនៗ។
៤.កាហ្វេ ៖បើនិយាយពីមុខរបរហាងកាហ្វេវិញ កម្រិតនៃការប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុកបច្ចុប្បន្នមានការកើនឡើងខ្ពស់ តែស្របពេលដែលការកើនឡើងនៃហាងកាហ្វេថ្មីនេះផងដែរ ក៏មានហាងកាហ្វេមួយចំនួនដែលបើកដំណើរការមុនៗកំពុងតែត្រៀមជិតបិទទ្វាដូចគ្នាដែរ។ ដូច្នេះប្រសិនបើចង់ចេញរកស៊ីលើវិស័យនេះគួរគិតពិចារណាឲ្យបានល្អិតល្អន់ជាងមុនបន្តិច ដើម្បីជៀងវាងបញ្ហាប្រឈមទៅថ្ងៃមុខ៕
អត្ថបទដោយ ៖សម្បតិ្ត សុខឡាង