បច្ចុប្បន្ន បច្ចេកវិទ្យាកំពុងតែរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ដែលវាបានជួយសម្រួលដល់ការរស់នៅរបស់មនុស្សឱ្យកាន់តែមានភាពងាយស្រួលឡើង។ ជាមួយនឹងគុណសម្បត្តិ បច្ចេកវិទ្យាទាំងនេះក៏បង្កើតឱ្យមាននូវគុណវិបត្តិមិនតិចផងដែរ ជាពិសេសចំពោះមនុស្សដែលដើរមិនទាន់សម័យកាល។ ហើយនេះគឺជារឿងធំៗ ៤ ដែលអាចនឹងផ្លាស់ប្ដូរពិភពលោក ការរស់នៅមនុស្សចាប់ពីពេលនេះនឹងដល់ ៣០ឆ្នាំខាងមុខ៖
១. AI ក្លាយជា "ខួរក្បាលទី២" របស់មនុស្ស៖ បញ្ញាសិប្បនិម្មិត (AI) នឹងមិនមែនត្រឹមតែជាកម្មវិធីកុំព្យូទ័រធម្មតានោះទេប៉ុន្តែវានឹងមានសមត្ថភាពក្នុងការគិត និងដោះស្រាយបញ្ហាបានរហ័សដូចមនុស្សពិតៗ។ ហើយវាក៏អាចជំនួសការងាររបស់មនុស្សយើងបានជាច្រើនយ៉ាងផងដែរ ចាប់ពីការងាររដ្ឋបាល រហូតដល់ការវិភាគទិន្នន័យស្មុគស្មាញ ដែលធ្វើឱ្យមនុស្សមានពេលសម្រាកកាន់តែច្រើន។
២. ឡានបើកបរដោយខ្លួនឯង (មិនបាច់មានអ្នកកាន់ចង្កូត)៖ នៅពេលអនាគត មនុស្សបើកបររថយន្តនឹងក្លាយជារឿងអតីតកាល ព្រោះរថយន្តសម័យថ្មីកំពុងត្រូវបានគេច្នៃប្រឌិតឱ្យកាន់តែទំនើបដោយវាអាចបើកបរដោយខ្លួនឯងបាន និងអាចដឹកអ្នកដំណើរបានដោយមិនបាច់មានអ្នកកាន់ចង្កូត។ រថយន្តដ៏ឆ្លាតវៃនឹងដឹកអ្នកដំណើរទៅដល់គោលដៅដោយសុវត្ថិភាព តាមរយៈប្រព័ន្ធសេនស័រ ។ វាជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយការងងុយដេក ឬដោយសារគ្រឿងស្រវឹងផ្សេងៗ។
៣. ការព្យាបាលខួរក្បាលដោយបច្ចេកវិទ្យា៖ សម្រាប់អ្នកដែលមានបញ្ហាភ្លេចភ្លាំង ឬខូចខាតប្រព័ន្ធប្រសាទ វិទ្យាសាស្ត្រនឹងមានឧបករណ៍តូចៗសម្រាប់ដាក់បញ្ចូលក្នុងខួរក្បាល ដើម្បីជួសជុលការចងចាំ និងជួយឱ្យខួរក្បាលដំណើរការបានល្អឡើងវិញ។ វាដូចជាការដូរ "គ្រឿងបន្លាស់" ឱ្យខួរក្បាលអញ្ចឹង ហើយវាទំនងជាអាចទៅរួចនៅក្នុងឆ្នាំ ២០២៣០ ឧបករណ៍នេះនឹងដំណើរការដោយជំនួសផ្នែកដែលខូចនៃខួរក្បាលប្រកបដោយប្រសិទ្ធភាព ហើយការផ្សាំខួរក្បាលសិប្បនិម្មិតនឹងកាន់តែមានប្រសិទ្ធភាព ក្នុងការចម្លងមុខងារស្មុគស្មាញនៅក្នុងខួរក្បាល។
៤. លែងពិបាកស្ទះចរាចរណ៍ (មានផ្លូវលើមេឃ និងក្រោមដី)៖ បញ្ហាស្ទះចរាចរណ៍នឹងត្រូវដោះស្រាយតាមរយៈរថយន្តហោះ (Flying Cars) និងរថភ្លើងល្បឿនលឿនដែលរត់ខាងក្រោមដី។ ការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ឬពីប្រទេសមួយទៅប្រទេសមួយ នឹងប្រើពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។
សរុបជារួមក បច្ចេកវិទ្យាទាំងនេះនឹងធ្វើឱ្យជីវិតយើងស្រួលជាងមុន លឿនជាងមុន និងមានសុវត្ថិភាពជាងមុន។ អ្វីដែលសំខាន់បំផុត គឺយើងត្រូវត្រៀមខ្លួនរៀនសូត្រពីវា ដើម្បីកុំឱ្យដើរមិនទាន់សម័យកាលថ្មីនេះ។ ព្រោះបើយើងដើរមិនទាន់ភាពជឿនលឿននៃបច្ចេកវិទ្យាទាំងអស់នេះទេ នៅពេលអនាគតអាចនឹងជាពេលដែលយើងពិបាករស់នៅខ្លាំងបំផុត៕


