នៅក្នុងការធ្វើការងារសព្វថ្ងៃនេះ ជំនាញបច្ចេកទេស និងខួរក្បាលឆ្លាតវៃអាចជួយឱ្យអ្នកទទួលបានការងារធ្វើបាន ប៉ុន្តែ អាកប្បកិរិយា និងចរិតលក្ខណៈទេដែលជាអ្នកសម្រេចថាអ្នកអាចដើរបានឆ្ងាយប៉ុនណា ឬ ត្រូវបានគេទទួលស្គាល់យ៉ាងណា។ មនុស្សជាច្រើនតែងតែឆ្ងល់ថា ហេតុអ្វីបានជាខ្លួនឯងខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងខ្លាំងដល់គ្មានពេលសម្រាក ប៉ុន្តែនៅតែមានអារម្មណ៍ថា ខ្លួនឯងហាក់ដូចជាត្រូវបានគេមិនអោយតម្លៃ និង មានទំនាក់ទំនងល្អជាមួយអ្នកដទៃ ចម្លើយពិតនោះគឺ មិនមែនមកពីសមត្ថភាពការងាររបស់អ្នកនៅមានកម្រិតទេ ប៉ុន្តែវាស្ថិតនៅលើទម្លាប់តូចៗ និងអាកប្បកិរិយាអវិជ្ជមានដែលអ្នកស្តែងចេញមកជារៀងរាល់ថ្ងៃដោយអចេតនា។
ប្រសិនបើអ្នកមិនចង់ឱ្យខ្លួនឯងប្រែជាមនុស្សដែលគ្រប់គ្នាចង់គេចចេញ ឬប្រៀបដូចជាអ្វីមួយដែលធ្វើអោយបរិយាកាសតានតឹងក្នុងក្រុមហ៊ុននោះ សុំពិនិត្យមើលខ្លួនឯងឡើងវិញ ហើយប្រញាប់ផ្លាស់ប្តូរអាកប្បកិរិយាទាំង ៤ ខាងក្រោមនេះជាបន្ទាន់៖
១.ការមានអំណួតអួតអាង
ការលើកតម្កើងខ្លួនឯងហួសហេតុ ការសម្តែងឫកពារថាខ្លួនឯងដឹងគ្រប់យ៉ាង និង គិតថាខ្លួនពូកែជាងគេគ្រប់រឿងនោះ វាគឺជាអាវុធដ៏មុតស្រួចដែលអាចកាត់ផ្តាច់ទំនាក់ទំនងក្នុងក្រុមបាន។ នៅពេលអ្នកព្យាយាមអួតអាងពីសមត្ថភាព ឬបង្កើតរូបភាពថាខ្លួនឯងត្រឹមត្រូវតែរហូតនោះ អ្នកកំពុងបង្ហាញការមើលងាយទៅកាន់អ្នកដទៃថា ការខិតខំប្រឹងប្រែង និងតម្លៃរបស់ពួកគេមិនស្មើនឹងអ្នកឡើយ ។ ដើម្បីកែប្រែចំណុចនេះ អ្នកត្រូវតែដាក់ខ្លួនដោយការបត់បែនខ្លះ ហើយទុកឱ្យលទ្ធផលការងារជាក់ស្តែង និងសកម្មភាពជាអ្នកនិយាយជំនួសវិញ។ នៅពេលសម្រេចបានសមិទ្ធផលអ្វីមួយ ចូររៀនចែករំលែក និងផ្តល់កិត្តិយសដល់សមាជិកក្រុមទាំងមូល ព្រោះមនុស្សដែលខ្លាំងពិតប្រាកដមិនចាំបាច់ស្រែកប្រាប់គេថាខ្លួនឯងខ្លាំងនោះទេ ព្រោះមនុស្សគ្រប់គ្នាសុទ្ធតែមានចំណុចខ្លាំងដែលអាចរៀនសូត្រតាមគ្នាទៅវិញទៅមកបាន។
២.ការខ្វះការយោគយល់ និងយល់ចិត្តអ្នកដទៃ
ការដែលសម្លឹងមើលឃើញតែលទ្ធផល និង ប្រយោជន៍ខ្លួនដោយមើលរំលងពីស្ថានភាព ផលលំបាក ឬអារម្មណ៍របស់សមាជិកក្នុងក្រុមនោះ វានឹងបង្កើតឱ្យមានបញ្ហាធំនៅថ្ងៃមុខ។ នៅពេលមិត្តរួមការងារកំពុងជួបបញ្ហាផ្ទាល់ខ្លួន ឬធ្វើការមានកំហុសឆ្គង ហើយអ្នកប្រញាប់រិះគន់ដោយគ្មានការយោគយល់ នោះអ្នកនឹងប្រែជាមនុស្សរឹងរូស និងគ្មានការយោគយល់ក្នុងភ្នែកអ្នកដទៃ ហើយគ្មាននរណាម្នាក់ចង់ធ្វើការជាមួយអ្នកទៀតឡើយ។ អ្នកអាចដោះស្រាយបញ្ហានេះបានដោយរៀនដាក់ចិត្តខ្លួនឯងក្នុងស្ថានភាពរបស់អ្នកដទៃមុននឹងនិយាយអ្វីមួយ។ នៅពេលឃើញមិត្តរួមការងារជួបឧបសគ្គ ឬធ្វើការយឺតយ៉ាវ ចូរជំនួសការស្តីបន្ទោស ទៅជាការសាកសួរប្រកបដោយពាក្យសមរម្យ និងការផ្តល់តម្លៃអោយពួកគេ ព្រោះការបង្ហាញទឹកចិត្ត នៅកន្លែងធ្វើការមិនត្រឹមតែបំបាត់ភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបាននូវទំនុកចិត្តដ៏រឹងមាំ និងភាពស្និទ្ធស្នាលជាងមុនបានទៀតផង។
៣. ការមិនស្តាប់មតិអ្នកដទៃ
ការប្រកាន់យកតែគំនិតខ្លួនឯង ហើយប្រញាប់ច្រានចោលរាល់មតិយោបល់ ការណែនាំ ឬការរិះគន់ដើម្បីស្ថាបនាពីអ្នកដទៃ វាអាចផ្តល់ប៉ះពាល់ដល់ការអភិវឌ្ឍន៍ខ្លួនយ៉ាងធ្ងន់ធ្ងរបំផុត។ នៅពេលអ្នកបង្ហាញអាកប្បកិរិយាមិនទទួលយកមតិភាគច្រើន ក្នុងការប្រជុំ និងការពិភាក្សាការងារ នោះមិត្តរួមការងារនឹងមានអារម្មណ៍ធុញទ្រាន់នឹងអ្នក និងចាត់ទុកអ្នកជាមនុស្សមានអាត្មានិយម ព្រមទាំងឈប់ចង់ចែករំលែកគំនិតច្នៃប្រឌិតជាមួយអ្នកតែម្តង។ ដំណោះស្រាយដ៏ល្អបំផុត អ្នកគួរតែស្តាប់អ្នកដទៃនិយាយជាមុន កុំប្រញាប់កាត់ចង្វាក់ ឬប្រញាប់បង្កើតលេសការពារខ្លួនភ្លាមៗពេក។ ដូច្នេះអ្នកត្រូវបើកចិត្តទទួលយក ដើម្បីអោយការងារទទួលបានលទ្ធផលល្អ និងមានភាពជោគជ័យក្នុងប្រយោជន៍រួម។
៤. ការរអ៊ូរទាំ និងទម្លាក់កំហុសអោយអ្នកដទៃ
នៅពេលមានឧបសគ្គ ឬកំហុសឆ្គងកើតឡើងក្នុងការងារ សុំកុំប្រញាប់ទម្លាក់កំហុសឱ្យអ្នកដទៃដើម្បីការពារមុខមាត់ខ្លួនឯង ហើយកុំរអ៊ូរទាំពីសម្ពាធការងារមិនដាច់ពីមាត់ពេក ព្រោះវាធ្វើឱ្យកន្លែងការងារពោរពេញដោយភាពអវិជ្ជមាន ការបំផ្លាញស្មារតីក្រុម និងធ្វើឱ្យមិត្តរួមការងារជុំវិញខ្លួនបាត់បង់ទំនុកចិត្តលើរូបអ្នកទាំងស្រុង។ អ្នកគួរផ្លាស់ប្តូរមកជាការហ៊ានប្រឈមមុខ និងទទួលខុសត្រូវលើកំហុសរបស់ខ្លួនដោយភាពក្លាហាន ដោយប្តូររទម្លាប់រអ៊ូរទាំ មកជាការផ្តោតលើការស្វែងរកដំណោះស្រាយរួមគ្នាវិញទើបល្អ។ ការធ្វើបែបនេះ មិនត្រឹមតែបង្កើតបរិយាកាសការងារអោយមានភាពវិជ្ជមានទេ ប៉ុន្តែវាអាចបង្ហាញពីភាពចាស់ទុំ ភាពជាអ្នកដឹកនាំ និងធ្វើឱ្យអ្នកគ្រប់គ្នាគោរពកោតសរសើរអ្នក និង ជាពិសេសអ្នកអាចក្លាយជាមនុស្សដែលមានភាពថ្លៃថ្នូរ និង គួរអោយគោរពថែមទៀតផង។
ការកែប្រែអាកប្បកិរិយាអវិជ្ជមានទាំងនេះ មិនមែនជាការធ្វើដើម្បីគាប់ចិត្តអ្នកដទៃតែមួយមុខនោះទេ ប៉ុន្តែវាគឺជាការវិនិយោគលើតម្លៃខ្លួនឯង ព្រោះនៅពេលអ្នកក្លាយជាមនុស្សដែលចេះដាក់ខ្លួន យល់ពីអ្នកដទៃ ចេះយោគយល់ ចេះបើកចិត្តស្តាប់ និងហ៊ានទទួលខុសត្រូវ នោះអ្នកមិនត្រឹមតែអាចបង្កើតបរិយាកាសធ្វើការដ៏ល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចអោយអ្នកមានភាពរីកចម្រើនក្នុងអាជីពផ្ទាល់ខ្លួន និងទទួលបានការស្រឡាញ់រាប់អានយ៉ាងពិតប្រាកដពីមនុស្សជុំវិញខ្លួនទៀតផង។


