ការបង្កើតប្រភពចំណូលបន្ថែម ខ្ទង់ពាន់ដុល្លារក្នុងមួយខែមិនមែនទាល់តែបោះបង់ការងារដើម ចេញទៅជួលតូបទើបអាចរកចំណូលបានច្រើននោះទេ ពោលបងប្អូនដែលនៅតាមបណ្តាលខេត្ត ឬនៅភ្នំពេញដែលមានដីនៅជុំវិញផ្ទះទំនេរបងប្អូនអាចច្នៃបង្កើតមុខរបរដូចជាដាំបន្លែ ចិញ្ចឹមសត្វក៏អាចរកចំណូលបានគ្រាក់ៗជារៀងរាល់ខែដែរ។ ខាងក្រោមនេះ ជាមុខរបរសាមញ្ញទាំង៤ ដែលបងប្អូនអាចធ្វើនៅជុំវិញផ្ទះបាន៖
១.ដាំម្ទេស ឬននោង
ដំណាំម្ទេសត្រូវបានគេចាត់ទុកជាគ្រឿងទេសដ៏សំខាន់មួយសម្រាប់អ្នកធ្វើម្ហូបអាហារមិនថានៅតាមផ្ទះ តាមហាង ភោជនីដ្ឋានតូចធំ ក្នុងមួយថ្ងៃគ្រាន់តែម្ទេសអាចនឹងប្រើរាប់តោនដើម្បីធ្វើជាគ្រឿងទេស ហើយបច្ចុប្បន្នបើយើងងាកទៅមើលពីការដាំដុះវិញមិនសូវជាមានច្រើននោះទេ ហេតុនេះលើកទឹកចិត្តឱ្យបងប្អូនដែលគាត់មានបទពិសោធន៍ និងគ្មានបទពិសោធន៍អាចធ្វើការសិក្សាបន្ថែមទៅលើបច្ចេកទេសដាំដុះ ដើម្បីមានលទ្ធភាពអាចដាំជាចំការលក្ខណៈទ្រង់ទ្រាយធំ និងអាចធ្វើការផ្គត់ផ្គង់បានកាន់តែច្រើនបន្ថែមទៀត។
ចំណែក ដំណាំននោងជាដំណាំស្រុកស្រែចម្ការមួយដែលគេនិយមដាំនៅតែក្រោយផ្ទះ មិនសូវជាមានអ្នកដែលដាំលក្ខណៈទ្រង់ទ្រាយធំនោះទេ ប៉ុន្តែបើយើងងាកទៅមើលទីផ្សាររបស់ដំណាំមួយប្រភេទនេះវិញ សម្បូរទីផ្សារមិនចាញ់ដំណាំផ្សេងប៉ុន្មាននោះទេ ព្រោះក្រៅពីអាចលក់ចែកចាយក្នុងភូមិបានហើយ យើងអាចរកម៉ូយបោះដុំលក់នៅតាមផ្សារបានថែមទៀតផង។

២.ចិញ្ចឹមខ្យងប័រ
លោកអ៊ីន សំណាង ដែលម្ចាស់កសិដ្ឋានចិញ្ចឹមខ្យងប័រនៅស្រុកកៀនស្វាយ បានលើកឡើងប្រាប់ចាបក្រហមថា ការចិញ្ចឹមខ្យងប័រនេះគឺពិតជាងាយស្រួលចិញ្ចឹមខ្លាំងណាស់ហើយពេលនេះលោកចិញ្ចឹមបានរហូតដល់ទៅ ៤៩អាងឯណោះហើយខ្យងប័រនេះមានទីផ្សារមិនខ្វះអ្នកទិញនោះទេ។ បើនិយាយពីជុំវិញផ្ទះរបស់លោកវិញគឺលោកមិនទុកដីចោលឱ្យទំនេរនោះទេក្រៅពីច្នៃយកទៅចិញ្ចឹមខ្យងលោកបានច្នៃដាំបន្លែជាច្រើនប្រភេទទៀតហើយបើនិយាយពីខ្យងប័រវិញលោកអាចលក់បាន១គីឡូ១០ដុល្លារ។
សម្រាប់បងប្អូនដែលមានដីទំនេរចោល ជាពិសេសនោះគឺបងប្អូននៅតាមខេត្តអាចច្នៃដីទំនេរសាកល្បងមកចិញ្ចឹមខ្យងប័របាន ដោយបងប្អូនចាប់ផ្តើមដំបូងត្រឹមងតែតង់មួយសិនក៏បានដែរ ប្រសិនជាបងប្អូនចិញ្ចឹមខ្យងប័របានក៏លោកជួយទិញចូលមកវិញបានដែរ។ទំនាក់ទំនងទិញតាមរយៈលេខទូរស័ព្ទ 097 31 11 171 ។

៣.ដាំប្រទាលកន្ទុយក្រពើ
អ្នកស្រី ទូច ស្រីរ័ត្ន ដែលជាម្ចាស់កសិដ្ឋានម៉ាអឿមប្រទាលកន្ទុយក្រពើជប៉ុន បានបង្ហើបថា បើចង់ដាំប្រទាលដែលលក់បានថ្លៃ គួរជ្រើសរើសពូជ ជប៉ុនដោយសារតែវាមានធាងធំៗ មានជែលច្រើន ហើយដាច់ខ្លាំងដោយសារតែវាមានដើមធំស្អាតដោយកូនប្រទាលតូចៗ មួយដើមមានតម្លៃ ៤ពាន់រៀល កូនប្រទាលដែលដាំនៅកន្ទងមួយដើមលក់បាន ៨ពាន់រៀល ធាងធំៗ មួយគីឡូ៥ពាន់រៀល (មួយធាង កន្លះគីឡូ ឬក៏លើស) និងមួយផើងមានតម្លៃចាប់ពី ២០ដុល្លារ ទៅ ៤០ដុល្លារមួយថ្ងៃ លោកស្រីលក់បាន ប្រមាណរាប់រយដើម។
ចំពោះប្រទាលកន្ទុយក្រពើនេះដែរ គឺលូតលាស់លឿន នៅកន្លែងដែលមានពន្លឺថ្ងៃ ដែលមិនសូវ ក្តៅខ្លាំងពេក ដែលទទួលពន្លឺផ្ទាល់យ៉ាងហោចណាស់ ៦ ម៉ោងក្នុងមួយថ្ងៃ គឺល្អឥតខ្ចោះ។ យើងអាចនិយាយបានថា រុក្ខជាតិប្រភេទនេះ ត្រូវទឹកដើម្បីលូតលាស់ធំធាត់បានល្អ និងស្ថិតនៅកន្លែង ដែលត្រូវពន្លឺដោយប្រយោលហើយរបរដាំប្រទាលកន្ទុយក្រពើនេះគឺសាកសមខ្លាំងណាស់សម្រាប់បងប្អូនៅតាមខេត្តដែលមានដីទំនេរ។ បងប្អូនដែលចង់ទិញប្រទាលកន្ទុយក្រពើពូជជប៉ុននេះអាចទំនាក់ទំនងតាមលេខទូរស័ព្ទ 012 890 085 ។

៤. ដាំបន្លែបណ្តុះលើដំបូលផ្ទះ
ជាការពិតណាស់ មុខរបរមួយនេះគឺសាកសមខ្លាំងបំផុតសម្រាប់បងប្អូនដែលរស់នៅក្នុងបុរី ទីក្រុងភ្នំពេញ បងប្អូនអាចឆ្លៀតដាំបន្លែផ្សេងៗនៅលើដំបូលផ្ទះបាន។ ជាក់ស្តែង ដូចជាលោក អុន សីហា បច្ចុប្បន្នជាស្ថាបនិកទីក្រុងបណ្តុះ បានច្នៃដំបូលផ្ទះមកដាំពពួកបន្លែបណ្តុះដោយលោកបានចាយទុនប្រមាណ ២ពាន់ដុល្លារ សម្រាប់បន្លែដែលលោកបានបណ្តុះនេះគឺមិនចាំបាច់ទាល់តែមានផ្ទៃដីធំទូលាយទើបអាចចាប់ផ្តើមបានទេ គឺលោកច្នៃតែលោកដំបូលផ្ទះដាំតែប៉ុណ្ណោះដោយបន្លែដែលលោកដាំមានដល់ទៅ១២ ប្រភេទឯណោះគឺមានដូចជា៖ឆៃថាវស្វាយ ឆៃថាវស ឆៃថាវពណ៌ផ្កាឈូក ស្ពៃបណ្តុះ កូនល្ងខ្មៅ ផ្កាឈូករ័ត្ន ត្រកួនតៃវ៉ាន់បណ្តុះ សណ្តែកលឿងកូរ៉េ ខាត់ណាឡាស៊ីណាតូស្លឹករួញ សណ្តែកហោឡាំតាវបណ្តុះ ខាត់ណាឡាស៊ីណាតូ សាឡាដរ៉ូកែត។

សម្រាប់ការបណ្តុះបន្លែនេះលោកអាចផ្គត់ផ្គង់ក្នុងទីផ្សារបាន១ឆ្នាំពេញតែម្តង ពោលទោះជាមានបុណ្យទាន ក៏អាចផ្គត់ផ្គង់បានដែរ ពីព្រោះតែបន្លែប្រភេទខាងលើនេះ ប្រើពេលត្រឹម៥ថ្ងៃប៉ុណ្ណោះ ដើម្បីប្រមូលផល និងមិនមានប្រើសារធាតុគីមីដាក់ថ្នាំ ឬសារជាតិគីមីកសិកម្ម បង្កឱ្យមានផលប៉ះពាល់ដល់អ្នកទទួលទាន ព្រោះតែបន្លែលោកមានចំណុចពិសេសបែបនេះហើយទើបធ្វើឱ្យលោកចាយទុនតិចក្នុងការបង្កើតរបរនេះនិងអាចរកចំណូលត្រឡប់មកវិញបានជាង ៥០០ដុល្លារក្នុងខែ។

គួរជម្រាបថា ប្រសិនបើបងប្អូនចាប់អារម្មណ៍ ការដាំដុះចង់សិក្សាបន្ថែមពីការរៀបចំនិងរបៀបធ្វើអាចធ្វើការទំនាក់ទំនងទៅកាន់ លោក ម៉ៅ សៃ បានតាមរយៈលេខ ៖ 0963882299 គាត់មានទទួលរៀបចំ បណ្តុះបណ្តាលជំនាញ ក៏ដូចជាផ្គង់ផ្គង់សម្ភារសម្រាប់ការដំឡើងរងដាំបន្លែផងដែរ ៕


