ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ ជាប្រភេទពន្ធប្រចាំឆ្នាំ ដែលអ្នកជាប់ពន្ធមានកាតព្វកិច្ចប្រកាសនិងបង់ប្រាក់ពន្ធ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា នៃឆ្នាំជាប់ពន្ធនីមួយៗ ដូច្នេះអ្នកជាប់ពន្ធនៅមានពេលវេលា ៦ថ្ងៃទៀតក្នុងការប្រកាសនិង បង់ប្រាក់ពន្ធប្រចាំឆ្នាំទាំង ៣ ប្រភេទខាងលើនេះ។
ជាមួយគ្នានោះដែរ អ្នកជាប់ពន្ធដែលខកខានមិនបានបំពេញកាតព្វកិច្ចទាន់ពេលវេលា អាចប្រឈមនឹងការទទួលរងនូវទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
គួរជម្រាបថា អ្នកជាប់ពន្ធអាចប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញដោយមិនតម្រូវឱ្យអ្នកជាប់ពន្ធចំណាយពេលវេលាមកផ្ទាល់នៅរដ្ឋបាលសារពើពន្ធនោះទេ ក្នុងនោះពន្ធលើប្រាក់ចំណូល អ្នកជាប់ពន្ធអាចប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ (Tol e-Filing) សម្រាប់អ្នកជាប់ពន្ធមធ្យមនិងធំនិងកម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App)។

សម្រាប់ពន្ធប៉ាតង់ អ្នកជាប់ពន្ធអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment) ព្រមទាំងអាចបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង ដោយឡែកពន្ធលើផ្ទាំងផ្សព្វផ្សាយអ្នកជាប់ពន្ធអាចប្រកាសនិងបង់ប្រាក់ពន្ធបានតាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)៕


