នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៦ ខាងមុខនេះការប្រកាសបង់ពន្ធប្រចាំឆ្នាំចំនួន ៣ ប្រភេទនឹងត្រូវផុតកំណត់ ហេតុនេះសម្រាប់អ្នកដែលជាប់កាតព្វកិច្ចបង់ពន្ធត្រូវប្រញាប់រួសរាន់ទៅបង់ ដើម្បីចៀសវាងពីការពិន័យ ឬទណ្ឌកម្មផ្សេងៗ។ ដោយពន្ធទាំង ៣ ប្រភេទនោះរួមមាន ៖
១.ពន្ធលើប្រាក់ចំណូល
ជាកាតព្វកិច្ចរបស់បុគ្គលនីវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជានិងប្រាក់ចំណូលប្រភពបរទេស និងជាបុគ្គលអនិវាសនជនចំពោះប្រាក់ចំណូលប្រភពពីកម្ពុជា។ ចំពោះមូលដ្ឋាននៃការគិតពន្ធលើប្រាក់ចំណូលនេះ គឺជាប្រាក់ចំណេញប្រចាំឆ្នាំ ដែលកើតចេញពីប្រាក់ចំណូលកាត់កងនូវចំណាយនានាស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមានចំពោះបុគ្គលដែលខាតពីសកម្មភាពអាជីវកម្មនិងមិនត្រូវបង់ពន្ធលើប្រាក់ចំណូលនេះនោះទេ ប៉ុន្តែមានកាតព្វកិច្ចដាក់ប្រកាសជាធម្មតា។

២.ពន្ធប៉ាតង់
គឺជាពន្ធប្រចាំឆ្នាំដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្មនីមួយៗរបស់អ្នកជាប់ពន្ធដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធនិងកម្រិតផលរបរដោយអ្នកជាប់ពន្ធតូចត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០,០០០ រៀល អ្នកជាប់ពន្ធមធ្យមត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១,២០០,០០០ រៀល និងអ្នកជាប់ពន្ធធំត្រូវបង់ពន្ធប៉ាតង់ចំនួន ៣,០០០,០០០ រៀល ឬ ៥,០០០,០០០ រៀល ចំពោះអ្នកជាប់ពន្ធធំដែលមានផលរបរលើសពី ១០,០០០លានរៀលឡើងទៅ។

៣.ពន្ធលើផ្ទាំងផ្សព្វផ្សាយ
ត្រូវប្រមូលលើបណ្ណ ស្លាក ឬផ្ទាំង ដែលមានគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីឱ្យអតិថិជនឬសាធារណៈជនបានស្គាល់ពីផលិតផលឬសេវាកម្មរួមមាន ៖ បណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើឡើងពីកៅស៊ូ ក្រដាសធម្មតា កំណាត់សំពត់ ឬវត្ថុផ្សេងៗ ស្លាកអាជីវកម្មដ្ឋានសម្រាប់សម្គាល់ឈ្មោះ ទីតាំងទីស្នាក់ការ ការិយាកាល័យ ឬទីកន្លែង ប្រកបអាជីវកម្មនានា និងផ្ទាំងអក្សរឬផ្ទាំងរូបភាពសម្រាប់គោលបំណងពាណិជ្ជកម្ម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សម្រាប់បងប្អូនដែលមានកាតព្វកិច្ចត្រូវបង់ពន្ធ សូមប្រញាប់រួសរាន់ទៅបង់ពន្ធឱ្យបានមុនថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៦ ដោយបងប្អូនទាំងអស់អាចធ្វើការដាក់លិខិតប្រកាសពន្ធបានតាមប្រព័ន្ធអនឡាញ ដោយពុំចាំបាច់ជិះកាត់ក្តៅទៅបង់ដល់អគ្គនាយកដ្ឋានពន្ធដារនិងសាខាពន្ធដារនោះទេ៕


