ភាពជឿនលឿននៃបច្ចេកវិទ្យា AI បានផ្ដល់នូវគុណសម្បត្តិ និងគុណវិបត្តិ ទន្ទឹមគ្នាសម្រាប់ការរស់នៅរបស់មនុស្ស។ ជាក់ស្ដែងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ត្រូវបានគេបារម្ភថាវានឹងចូលមកជំនួសការងាររបស់មនុស្សមួយចំនួន ប៉ុន្តែវាក៏ចូលរួមបង្កើតនូវប្រភេទការងារថ្មីៗបន្ថែមផងដែរ។
បើនិយាយអំពីការងារ៣ប្រភេទ ដែលអាចងាយនឹងត្រូវជំនួសដោយ AI ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានបង្ហាញនូវការងារ៣រួមមាន៖
១. អ្នកតំណាងផ្នែកបម្រើសេវាកម្មអតិថិជន
ឥឡូវនេះ chatbots ដំណើរការដោយ AI អាចដោះស្រាយកិច្ចការជាច្រើន ដែលធ្លាប់បានអនុវត្តដោយអ្នកតំណាងផ្នែកសេវាកម្មអតិថិជនរបស់មនុស្ស ដូចជាការឆ្លើយសំណួរ ការដោះស្រាយបញ្ហា និងការគាំទ្រនានា គឺនឹងត្រូវបានជំនួសដោយ AI កាន់តែច្រើនឡើងៗនាពេលអនាគត។ ថ្វីត្បិតតែវាមិនត្រូវបានជំនួស១០០% ឬលឿនក៏ពិតមែន ក៏ប៉ុន្តែ
២. អ្នកខលផ្សព្វផ្សាយ និងលក់តាមទូរស័ព្ទ (Telemarketers)
វិធីសាស្រ្តនៃការធ្វើទីផ្សារដោយផ្ទាល់ ដែលអ្នកលក់ស្វែងរកអតិថិជន តាមរយៈការខលណែនាំផលិតផល សេវាកម្ម ឬសុំជួបមុខគ្នាជាបន្តបន្ទាប់ អាចនឹងត្រូវបាត់បង់នាពេលអនាគត។
ឥឡូវនេះ ប្រព័ន្ធដែលដំណើរការដោយ AI អាចធ្វើការហៅចេញ និងគ្រប់គ្រងការហៅទូរសព្ទ ក៏ដូចជាចែកចាយការលក់ និងប្រមូលការទូទាត់បាន។ នេះបាននាំឱ្យមានការថយចុះគួរឱ្យកត់សម្គាល់នៃចំនួនអ្នកទីផ្សារផ្សព្វផ្សាយ និងលក់តាមទូរស័ព្ទដូចមុនទៀតហើយ។
៣. អ្នកវាយបញ្ចូលទិន្នន័យ
កម្មវិធីដែលដំណើរការដោយ AI ឥឡូវនេះអាចបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធកុំព្យូទ័របានយ៉ាងរហ័ស និងត្រឹមត្រូវ ដោយលុបបំបាត់ក្រុមមនុស្សដែលអង្គុយធ្វើការងារដដែលៗ ដោយវាយបញ្ចូលទិន្នន័យនានា។ បច្ចេកវិទ្យា AI អាចធ្វើការងារនេះបានល្អ និងលឿនរហ័ស និងមានភាពត្រឹមត្រូវកាន់តែខ្ពស់ឡើងៗជានិច្ច ដែលអាចជាការគម្រាមកំហែងដល់ក្រុមមនុស្សដែលកំពុងបម្រើការងារក្នុងផ្នែកនេះ។
នេះគ្រាន់តែជាការងារមួយចំនួនតូចក្នុងចំណោមប្រភេទការងារជាច្រើនទៀត ដែលមានហានិភ័យនៃការជំនួសដោយ AI ។ នៅពេលដែលបច្ចេកវិទ្យា AI បន្តអភិវឌ្ឍ វាទំនងជាថាការងារកាន់តែច្រើននឹងត្រូវបានស្វ័យប្រវត្តិ។ ទោះជាយ៉ាងណាក៏ដោយ វាជាការសំខាន់ដែលត្រូវចងចាំថា AI មិនមែនជាការគំរាមកំហែងដល់ការងារទាំងអស់នោះទេ ពោលគឺវាក៏បានចូលរួមបង្កើតនូវការងារថ្មីៗផងដែរ។
ដើម្បីការពារខ្លួនកុំឱ្យមានហានិភ័យត្រូវជំនួសឱ្យ AI មនុស្សត្រូវខិតខំក្នុងការបង្កើនជំនាញខ្លួនឱ្យកាន់តែខ្លាំង ខំពង្រីកគំនិតច្នៃប្រឌិត និងធ្វើការងារដែលមានភាពបត់បែនខ្ពស់ ដែល AI ពិបាកនឹងធ្វើបាន ទើបអាចរក្សាតំណែងតួនាទីរបស់អ្នកបានល្អបំផុត៕


