ប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យមាតិកាហាក់មានសន្ទុះឡើងគួរឱ្យកត់សម្គាល់ ខណៈមនុស្សស្ទើរតែមួយភាគធំប្រើមាតិកានៅលើផ្លេតហ្វូមមួយចំនួនដើម្បីបង្កើនទីផ្សារឱ្យខ្លួនឯង ផលិតផល ការលក់ និងសេវាកម្ម។
ដូច្នេះថ្ងៃនេះផងដែរ Business Cambodia សូមនាំមកជូននូវប្រភេទមាតិកាចំនួន៣ ដែលល្អបំផុតសម្រាប់ឆ្នាំ២០២៤ ដែលបងប្អូនអាចប្រើបានដើម្បីបង្កើនការលក់ ដោយមិនឈឺក្បាលច្រើនពេកលើរឿងប៊ូសផេកនោះឡើយ៖
១. មាតិកា UGC
មាតិកាUGC គឺជាមាតិកាដែលត្រូវបានបង្កើតឡើងដោយអ្នកប្រើប្រាស់ ដូចជារូបភាពរបៀបរស់នៅ រូបថតផលិតផល វីដេអូ អត្ថបទ និងការវាយតម្លៃរបស់អតិថិជន។ រូបភាព និងវីដេអូដែលបង្កើតដោយអ្នកប្រើប្រាស់ពិតជាដំណើរការបានយ៉ាងល្អនៅលើ Facebook ។ ប្រភេទមាតិកានេះមានភាពទាក់ទាញជាងរូបភាព/វីដេអូដែលបង្កើតដោយម៉ាកយីហោផ្ទាល់ ថែមទាំងអាចបង្កើតការជឿទុកចិត្តកាន់តែច្រើនពីអ្នកប្រើប្រាស់។
ក្នុងនោះយុទ្ធសាស្ត្រមាតិកា UGC មានដូចជា៖
+ការបង្កើតការប្រកួតមួយដែលសុំឱ្យមនុស្សដាក់រូបថត ឬវីដេអូអំពីខ្លួនពួកគេ និងផលិតផលរបស់អ្នកដើម្បីឈ្នះរង្វាន់។
+អញ្ចើញអតិថិជនលោកអ្នកមកធ្វើការចូលរួមព្រឹត្តិការណ៍របស់យីហោ និងប្រាប់ឱ្យពួកគេបង្កើតមាតិកា ជាក្រុមមនុស្ស ហើយបង្ហោះលើ Facebook ផ្ទាល់ខ្លួនរបស់ពួកគេ ចំណែកក្រុមណាដែលមានមាតិកាល្អបំផុតនឹងមានរង្វាន់ជូន។
២. មាតិកាប្រើប្រាស់រូបថតរបស់ Influencer
រូបភាព Influencer គឺជាមធ្យោបាយដ៏ល្អមួយដើម្បីនាំយីហោអ្នកទៅដល់ទស្សនិកជនថ្មីៗ ហើយថែទាំងជួយឱ្យសម្រេចបាននូវគោលដៅអាជីវកម្មបានឆាប់ជាងមុនផងដែរ។ ធ្វើការជាមួយអ្នកមានឥទ្ធិពលលើការបង្កើតរូបភាពដែលអ្នកអាចចែករំលែកនៅលើទំព័រ Facebook របស់អ្នក និងប្រើរូបថតទាំងនោះជាការផ្សាយពាណិជ្ជកម្ម។
ក្នុងនោះមុនប្រើរូបភាពរបស់បុគ្គលល្បីៗធ្វើទីផ្សារត្រូវដឹង៣ចំណុចនេះ ៖
- ជ្រើសរើសអ្នកបុគ្គលល្បីដែលមានតម្លៃដូចគ្នានឹងអាជីវកម្មរបស់អ្នក ហើយសិក្ត័សមនឹងអតិថិជនសក្តានុពលរបស់យីហោ។
- ត្រូវប្រាកដថាពួកគេយល់ពីអ្វីដែលយីហោរបស់អ្នកតំណាងឱ្យអ្វី គុណតម្លៃយីហោអ្នកជាអ្វី និងអត្ថប្រយោជន៍នៃផលិតផល ឬសេវាកម្មរបស់អ្នក។
- បង្កើតរូបភាពដែលមានគុណភាពខ្ពស់មើលទៅពិតប្រាកដ ធម្មជាតិ និងគួរឱ្យចាប់អារម្មណ៍។
៣. និទានប្រាប់រឿងពិត
ការនិទានរឿងគឺជាវិធីដ៏មានឥទ្ធិពលបំផុតមួយក្នុងការភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជនរបស់អ្នក។ រឿងដ៏អស្ចារ្យធ្វើឱ្យមនុស្សមានអារម្មណ៍អ្វីមួយ វាអាចធ្វើឱ្យពួកគេសើច ឬយំ ហើយវាបង្កើតទំនាក់ទំនងនិងអារម្មណ៍ជាមួយម៉ាកយីហោរបស់អ្នក ដែលនាំឱ្យមានការជឿជាក់បន្ថែមទៀតសម្រាប់ម៉ាកយីហោមួយកម្រិតទៀត។
ក្នុងនោះអ្នកអាចចែករំលែករឿងរ៉ាវអំពីអាជីវកម្ម បុគ្គលិក អតិថិជន និងផលិតផលពិតរបស់អ្នកនៅលើ Facebook ហើយត្រូវប្រាកដថាវាពិត ជាក់ស្តែង អាចក្លាយជាបទពិសោធន៍ថ្មីរបស់អ្នកតាមដានបាន។
ឧទាហរណ៍ដូចអ្នកបង្កើតមាតិកាលោក Nas Daily ជនជាតិអ៊ីស្រាអែលដែលបានបង្កើតមាតិកាមានខ្លឹមសារអប់រំដ៏គួរឱ្យចាប់អារម្មណ៍ដោយប្រាប់រឿងរ៉ាវអំពីមនុស្សជុំវិញពិភពលោក ដែលជាហេតុផលដ៏សំខាន់ដែលបានជួយជ្រោមជ្រែងតំបន់ដែលលោកទៅថតនោះឱ្យមានសក្តានុពលច្រើនឡើងៗ៕
អត្ថបទដោយ៖ ពីង ជូអេង


