គ្មានអ្វីដែលធ្វើឱ្យហត់នឿយចិត្តជាងការត្រឡប់មកផ្ទះវិញ ត្រូវជួបបរិយាកាសតានតឹង និងការទាស់សម្តីគ្នាមិនចេះចប់មិនចេះហើយនោះឡើយ។ ការឈ្លោះគ្នាញឹកញាប់ មិនមែនមានន័យថាអស់ចិត្តស្រឡាញ់គ្នានោះទេ ប៉ុន្តែមកពីអ្នកទាំងពីរភ្លេចអោយពេលវេលា និង យោគយល់គ្នា។
ប្រសិនបើអ្នកចង់ប្តូរការទាស់ទែងគ្នាមកជាភាពផ្អែមល្ហែមវិញ នេះជា វិធីសាស្ត្រកែប្រែ ៣ ចំណុច ដែលអាចស្រោចស្រង់ជីវិតគូរបស់អ្នកបាន៖
១. ផ្លាស់ប្តូរការនិយាយ
ពេលមានរឿងរ៉ាវកើតឡើង កុំប្រញាប់តបតដើម្បីតែយកឈ្នះគ្នារៀងខ្លួនពេក។ អ្នកគួរចាប់ផ្តើមដោយការស្តាប់ដៃគូនិយាយឱ្យចប់ដោយមិនកាត់ចង្វាក់ រួចផ្លាស់ប្តូរការនិយាយបន្ទោស មកជាការប្រាប់ពីអារម្មណ៍ពិត ព្រមទាំងហេតុផលវិញ។ បើមានម្ខាងខឹង ឬ មានអារម្មណ៍មិនល្អទេ សូមកុំនិយាយទាំងអារម្មណ៍ខឹងដូចគ្នា គួរតែថយក្រោយម្នាក់មួយជំហានទើបល្អ ចាំដល់ពេលមានអារម្មណ៍ល្អដូចគ្នាហើយវិញ ចាំនិយាយរកហេតុផល និង ដំណេះស្រាយឈ្នះៗទាំងអស់គ្នា ទើបអាចជៀសវាងជម្លោះបាន។
២. ឈប់មើលបំណាំ
គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះឡើយ។ ការផ្តោតតែលើចំណុចខ្វះខាត និងការកកាយរឿងចាស់ៗមកនិយាយឡើងវិញ មានតែធ្វើឱ្យមុខរបួសឈឺម្តងទៀតតែប៉ុណ្ណោះ។ ចាត់ទុកអតីតកាលជាមេរៀន ហើយរៀនអភ័យទោសឱ្យគ្នាវិញ។ ផ្ទុយទៅវិញ សូមផ្លាស់ប្តូរមកជាការកត់សម្គាល់ទង្វើល្អៗតូចតាចដែលប្តី ឬ ប្រពន្ធបានធ្វើ រួចគ្រាន់តែពោលពាក្យ សរសើរឱ្យបានញឹកញាប់ ព្រោះពាក្យសម្តីផ្អែមល្ហែមតែមួយម៉ាត់ ក៏អាចរំលាយកំហឹងបានខ្លះដែរ។
៣. បង្កើតពេលវេលាល្អជាមួយគ្នា
សម្ពាធការងារ និងជីវភាពអាចធ្វើឱ្យអ្នកទាំងពីរភ្លេចស្វែងរកក្តីសុខជាមួយគ្នា។ យ៉ាងហោចណាស់ ១ សប្តាហ៍ម្តង គួរមាន Date Night ដោយចេញទៅញ៉ាំអី ឬដើរលេងតែពីរនាក់ ដោយផ្អាកការនិយាយពីរឿងស្មុគស្មាញ។ បន្ថែមពីនេះ ការបង្ហាញក្តីស្រឡាញ់តូចតាចក្នុងជីវិតប្រចាំថ្ងៃ ដូចជាការអោបគ្នាមុនទៅធ្វើការ ការកាន់ដៃ ឬការជួយចែករំលែកការងារផ្ទះ វាប្រៀបដូចជាថ្នាំទិព្វដ៏ដែលមានប្រសិទ្ធភាពបំផុតក្នុងការមកផ្សះផ្សារស្នេហាអោយមានភាពស្រស់បំព្រងឡើងវិញអញ្ជឹង។
សុភមង្គលក្នុងគ្រួសារមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាកើតឡើងចេញពីការអត់ធ្មត់ និងការលះបង់ភាពមានះដូច្នេះគួរតែចាប់ផ្តើមកែប្រែពីខ្លួនអ្នកមុន នោះអ្នកនឹងឃើញពីការប្រែប្រួលយ៉ាងច្រើនពីដៃគូរបស់អ្នកជាពុំខាន!


