អ្នករកស៊ីថ្មីថ្មោងចង់ឱ្យលក់ដាច់ គួររៀនក្បួន៣ ពីអាជីវកម្មលក់បាយមួយនេះ ភ្ញៀវនឹងតម្រង់ជួរចាំទិញ
ធី ស្រីល័ក្ខAPRIL 30 2023331 views

បើនិយាយទៅដល់យីហោហាងមួយកន្លែងនៅម្តុំទួលគោក ដែលមានឈ្មោះខ្លីសាមញ្ញថា បាយស្លឹកចេក ប្រហែលជាមានអតិជនមិនតិចអ្នកទេដែលបានស្គាល់។នេះដោយហេតុថា មួយរយៈចុងក្រោយនេះឃើញថាសន្ទុះនៃការគាំទ្ររបស់អតិថិជនយ៉ាងច្រើនកុះករ ការកម្មង់ទិញផ្ទាល់និងអនឡាញយ៉ាងច្រើនសន្ធឹកធ្វើឱ្យអ្នកលក់រៀបចំសឹងតែមិនទាន់ទៅហើយ។

តាមរយៈការសម្ភាសន៍កន្លងមកជាមួយ Business Cambodia អ្នកស្រី លាន ច័ន្ទលាមី ជាម្ចាស់ហាងបាយស្លឹកចេកបាន ពោលប្រាប់ក្រុមកការងារយើងទាំងអារម្មណ៍សប្បាយរីករាយថា “បច្ចុប្បន្នហាងបាយគាត់លក់ដាច់ណាស់ ឱ្យតែដល់ម៉ោងថ្ងៃត្រង់ មានភ្ញៀវសម្រុកទិញធ្វើមិនចង់ទាន់ទេ”។អ្នកស្រីបានបន្តទៀតថា អាជីវកម្មរបស់អ្នកស្រីកាលពីដើមឡើយជាអាជីវកម្មខ្នាតតូចមួយប៉ុណ្ណោះ ពោលគឺមានតែកូនរទេះតូចមួយទេ ប៉ុន្តែក្រោយមកអាជីវកម្មក៏ត្រូវផ្អាកទៅវិញដោយសារមានបញ្ហាមួយចំនួន លុះសម្រាកបានប្រមាណជា ២ឆ្នាំ ទើបអ្នកស្រី មកធ្វើម្តងទៀត ដោយមកសារក្រោយនេះអ្នកស្រីរៀបចំកាន់តែប្រសើរជាមុនបន្ថែមទៀត រហូតធ្វើឱ្យសន្ទុះនៃការលក់ដាច់កើនឡើងជារៀងរាល់ថ្ងៃមកដល់ពេលនេះ។អ្នកស្រីបានមានប្រសាសន៍បញ្ជាក់បន្ថែមថា “មូលហេតុធំៗដែលធ្វើឱ្យហាងបាយស្លឹកចេកអ្នកស្រីឈានដល់ការលក់ដាច់ទ្វេរដងបែបនេះ ក៏ដោយសារតែ រូបមន្តសណ្តំចិត្តភ្ញៀវ ៣នេះ ៖

១.រហ័សតែប្រកាន់ខ្ជាប់អនាម័យ ៖ តាមរយៈកិច្ចសម្ភាសន៍នៅទីតាំងលក់ផ្ទាល់របស់បាយស្លឹកចេក នាងខ្ញុំបានសង្កេតនិងមើលឃើញថា ថ្វីបើមានភ្ញៀវកម្មង់ទិញច្រើនហូហែរឥតដាច់យ៉ាងណាក្តីក៏ ហាងបាយមួយនេះនៅតែប្រកាន់ខ្ជាប់អនាម័យម្ហូបអាហារជាចម្បង ដោយមានការធ្វេសប្រហែសបន្តិចឡើយ។ជាមួយគ្នានេះ អ្នកលក់សម្តីផ្អែម អ្នកស្រី លាមី បានសង្កត់ធ្ងន់ថា ​កន្លែងបងមិនដែលចោលរឿងអនាម័យទេ បងយកចិត្តទុកដាក់ គិតគូរពីសុខភាពភ្ញៀវជាចម្បងព្រោះបើភ្ញៀវយកញ៉ាំាឆ្ងាញ់ មានអនាម័យមិនប៉ះពាល់សុខភាពយើងដែលជាអ្នកលក់នឹងលក់កាន់តែដាច់ ហើយមានទាំងគុណធម៌ថែមទៀត។

២.ភាពរួសរាយរាក់ទាក់ ៖ បើទោះបីជារវល់មិនទំនេរដៃ ប៉ុន្តែអ្វីដែលបុគ្គលិក និងម្ចាស់ហាងមួយនេះមិនភ្លេចនោះគឺស្នាមញញឹមនិងភាពរួសរាយរាក់ទាក់ មិនថាតែភ្ញៀវតាមឆាត ឬផ្ទាល់ទេ ពួកគាត់តែងតែរីករាយស្វាគមន៍យ៉ាងកក់ក្តៅ ជាមួយនឹងពាកពេចន៍ដ៏ពិរោះស្រទន់ទៅកាន់ភ្ញៀវ។ដែលចំណុចនេះហើយធ្វើឱ្យភ្ញៀវស្រឡាញ់ ចូលចិត្ត និងគាំទ្រ បាយស្លឹកចេកកាន់តែខ្លាំងមួយកម្រិតទៀត។

៣.ភាពខុសប្លែកនៃអាហារ ៖ បន្ថែមពីគុណតម្លៃទាំង ២នៅខាងលើ អ្វីដែលជាចំណុចលេចធ្លោបន្ថែមទៀតនោះគឺ ភាពខុសប្លែកនៃការរៀបចំអាហារ និងការវេចខ្ចប់ ដោយខាងហាងបានរៀបជាកញ្ចប់រុំទៅដោយស្លឹកចេក ដែលជាចំណុចទាក់ទាញមួយក្នុងការបង្កើនរសជាតិនៃអាហារឱ្យកាន់តែមានឱជារសថែមមួយកម្រិតទៀត។បើទោះបីជាបច្ចុប្បន្នមានការខ្ចប់ប្រអប់ខ្លះក៏ដោយ ក៏ហាងបាយមួយនេះមិនចោលអត្តសញ្ញាណរបស់ខ្លួនឡើយ គឺតែងតែភ្ជាបជាមួយស្លឹកចេករុំបាយ រុំម្ហូបជានិច្ច។

គួរបញ្ជាក់ផងដែរថា  បច្ចុប្បន្ននេះ ហាងបាយស្លឹកចេកមានលក់បាយដែលដាំជាមួយអង្ករសម្រូប និងមានម្ហូបចំនួន ៦មុខ ដែលរួមមាន ៖ ឆ្អឹងជំនីប្រឡាក់ ត្រីប្រឡាក់ សាច់គោងៀត ពងទាត្រីប្រម៉ា ប្រហុកខ្ទិះ និងទឹកគ្រឿងអន្លក់៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia