កុំចេះតែធ្វើតាមគេ! ចង់រកស៊ីវិស័យកាហ្វេ ត្រូវច្បាស់លើរឿង៣នេះសិន បើមិនចង់ខាតដើម ខាតចុង
ធី ស្រីល័ក្ខJANUARY 23 202624 views

បច្ចុប្បន្នយើងមើលឃើញថា វិស័យកាហ្វេកំពុងតែរីកដុះដាលដូចជាផ្សិតនៅក្នុងស្រុកខ្មែរ មិនថាតូចមិនថាធំគឺមានសឹងតែគ្រប់កន្លែងទាំងអស់ ហើយបើនិយាយពីសន្ទុះនៃការគាំទ្រវិញក៏មិនអន់ប៉ុន្មានដែរ ពោលគឺមានភ្ញៀវចេញចូលទិញសឹងតែគ្រប់កន្លែងដូចគ្នា។ដោយមើលឃើញពីសន្ទុះទីផ្សារនិងតម្រូវការអ្នកញ៉ាំបែបនេះ ទើបធ្វើឱ្យមនុស្សជាច្រើនរមែងនាំគ្នាគិតគូរចង់រកស៊ីវិស័យកាហ្វេនេះជាបន្តបន្ទាប់ ប៉ុន្តែមុននឹងចាយលុយលើរបរនេះ អ្នកជំនាន់ក្រោយជាពិសេសអ្នកមិនធ្លាប់រកស៊ីសោះគួរច្បាស់រឿង ៣ នេះសិនមុនសម្រេចចិត្តបោះទុនវិនិយោគវិស័យកាហ្វេ។ដោយចំណុចទាំងនោះរួមមាន ៖

 

១.សួរខ្លួនឯងឱ្យច្បាស់សិន

តាមរយៈបទពិសោធន៍រកស៊ីក្នុងវិស័យកាហ្វេអស់ជាច្រើនឆ្នាំ លោក គីណាល់ ម្ចាស់ហាងកាហ្វេឡឺទួលបានមានប្រសាសន៍ឱ្យដឹងដែរថា “ហាងកាហ្វេមានច្រើន រីឯអ្នកបិទក៏មានច្រើនដូចគ្នា នេះដោយសារតែការមិនទាន់ស្គាល់ខ្លួនឯងហើយចេះតែរកស៊ីតាមគេតាមឯង” ត្រង់ចំណុចនេះដែរលោកបានបន្ថែមថា សម្រាប់អ្នកជំនាន់ក្រោយដែលមានបំណងចង់បោះទុនរកស៊ីលើវិស័យកាហ្វេ គួរតែសួរខ្លួនឯងឱ្យច្បាស់សិនថាយើងពិតជាស្រឡាញ់វិស័យនេះពិតប្រាកដមែន ឬគ្រាន់តែឃើញគេលក់ហើយចង់លក់តាមតែគេទេ។ប្រសិនបើគ្រាន់តែចង់បើករកប្រាក់ចំណេញ គ្មានក្តីស្រឡាញ់ ចិត្តអំណត់តស៊ូ កុំរកស៊ីអីព្រោះវាធ្វើឱ្យយើងខាតពេល ហើយងាយនឹងដួលថែមទៀតផង។

 

ហេតុនេះទើបលោកផ្តាំផ្ញើរថា ប្រសិនចង់បើក ត្រូវដាក់ចិត្តស្រឡាញ់ជាមួយវា ត្រូវច្បាស់ថាពិតជាចង់ធ្វើវាដោយចេញពីចិត្ត នោះទើបពេលមានបញ្ហាអ្វីមួយយើងមិនងាយចុះចាញ់ ប៉ុន្តែបើយើងធ្វើគ្រាន់តែធ្វើទេនោះមានបញ្ហាល្មមៗយើងងាយនឹងបោះបង់ណាស់។

 

២.មានភាពខុសប្លែកពីគេឬអត់

លោកគីណាល់ បានបន្ថែមទៀតថា “យើងរកស៊ីរបរដូចគេមិនសំខាន់ អ្វីដែលសំខាន់គឺយើងមានអ្វីខុសប្លែកពីគេ” ជាការពិតណាស់ ប្រសិនបើយើងរកស៊ីរបរតែមួយដូចគេ ហើយបើធ្វើដូចគេទៀតនោះវាមិនចំណែកទេដែលបើកហើយភ្ញៀវចូលកន្លែងគេមិនចូលកន្លែងយើង ព្រោះតែវាដូចគ្នា ប៉ុន្តែបើយើងឆ្កឹះរកចំណុចប្លែកគេតែបន្តិច នោះអ្នកនឹងភ្ញៀវចូលបើទោះមានឈ្មោះថាបើកកាហ្វេដូចគ្នាដ៏ដោយ។ហេតុនេះយើងត្រូវមើលចិត្តភ្ញៀវ ដូចបច្ចប្បន្នភ្ញៀវចូលចិត្តញ៉ាំកាហ្វេនៅហាងដែលមានសភាពស្ងប់ស្ងាត់ មានការតុបតែងបែបបុរាណ មានពន្លឺភ្លើងតិច ប៉ុន្តែមានរុក្ខជាតិតាំងលម្អ មានសៀវភៅឱ្យអាន មានកន្លែងថតរូបស្អាតជាដើម។

 

ដូច្នេះនៅពេលចេញរកស៊ីបើកហាងកាហ្វេត្រូវរកឱ្យឃើញពីចំណុចលេចធ្លោខុសគេ កុំតើតាមក្រោយគេ ត្រូវរៀនមើល រៀនសង្កេតឱ្យបានច្រើនពីអ្នករកស៊ីមុនៗដើម្បីបានជាគំនិតសម្រាប់អភិវឌ្ឍន៍ចំណេះដឹង នោះទើបយើងមិនដើរក្រោយគេ។នេះបើតាមការលើកឡើងរបស់ម្ចាស់ហាងកាហ្វេចាស់វស្សាខាងលើ។

 

៣.បានធ្វើផែនការច្បាស់លាស់ឬនៅ

 

គ្រប់របររកស៊ី មិនថាធ្វើអ្វីសុទ្ធតែទាមទារឱ្យមានផែនការច្បាស់លាស់ក្នុងការធ្វើ ដូចគ្នាដែរ ការបើកហាងកាហ្វេត្រូវទាមទារដាច់ខាតគឺផែនការ ដឹងថាត្រូវធ្វើអ្វី មិនគួរធ្វើអ្វី រៀបចំគ្រប់យ៉ាងទាំងការដឹកនាំបុគ្គលិក ធ្វើយ៉ាងទើបអាចដឹកនាំបានល្អ ចាត់ចែងហិរញ្ញវត្ថុបែបណាទើបមិនបង្ករឱ្យមានហានិភ័យដល់ការរកស៊ីជាដើម។ផ្ទុយទៅវិញបើយើងមិនរៀបផែនការឱ្យបានច្បាស់លាស់ទេ វានឹងធ្វើឱ្យយើងពិបាកជាពិសេសអ្នកដែលចេញប្រឡូកថ្មី អាចប្រឈមការរកស៊ីដោយគ្មានគោលដៅ មិនដឹងពីគោលបំណងពិតប្រាកដរបស់ខ្លួនឯងថែមទៀតផង៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia