សម្រាប់អ្នកដែលមានលុយខ្ទង់៥ពាន់ដុល្លារ តែមិនទាន់សម្រេចចិត្តចង់ទៅរកស៊ីទេ មិនទាន់សម្រេចចិត្តចង់បង្កើតមុខរបរទេ លោកអ្នកអាចយកលុយ៥ពាន់ដុល្លារនោះ មកធ្វើរឿងទាំង៣ ច្រកនេះបាន ដើម្បីអាចបង្កើតចំណូលបន្ថែមក្រៅពីយកលុយទៅរកស៊ី។ ខាងក្រោមនេះជាផ្លូវទាំង៣ ដែលអ្នកមានលុយគួរពិចារណាចាប់ផ្តើមប្រសិនជាចង់ឱ្យលុយកើន៖
១.យកលុយទិញដី
មែនទែនទៅចំពោះការវិនិយោគនៅលើដីធ្លីពិតជាល្អខ្លាំងណាស់សម្រាប់ស្រុកខ្មែរ ប៉ុន្តែពេលខ្លះការទិញដីទុកគឺវាត្រូវការពេលវេលាយូរទម្រាំតែអាចលក់ក្នុងតម្លៃខ្ពស់ ឬលក់ដីចំពេលត្រូវប៉ាន់ផងដែរ ដូច្នេះហើយនេះវាជាជម្រើសទី១ហើយចំពោះអ្នកដែលមានលុយសល់ខ្ទង់ ៥ពាន់ដុល្លារតែមិនដឹងយកទៅធ្វើអ្វី ទុកទៅខ្លាចចាយអស់ ទាំងអស់គ្នាអាចពិចារណាឬដើរមើលដីនៅម្តុំៗជាយក្រុង ឬនៅតាមខេត្តមួយចំនួនដើម្បីយកទៅទិញដីទុកផងដែរ។ ប៉ុន្តែមុននឹងសម្រេចចិត្តយកលុយទាំងនោះទៅទិញដី ត្រូវមើលឱ្យច្បាស់ថា តើដីដែលយើងទិញនោះនៅថ្ងៃអនាគត់តើវាកើតកូនកើតចៅដែលឬទេ ប៉ុន្តែមុននឹងទិញត្រូវដឹងព័ត៌មានឱ្យច្បាស់ដើម្បីឱ្យទិញទៅមានទំនុកចិត្ត និងមិនខ្លាចចាញ់បោកគេ។
២. វិនិយោគលើភាគហ៊ុន
ផ្សារភាគហ៊ុនគឺវាថ្មីសម្រាប់ប្រជាជនកម្ពុជាភាគច្រើន ហើយមានប្រជាជនយើងតិចតួចបំផុតដែលស្គាល់ផ្សារហ៊ុនខ្មែរ ដូច្នេះពួកគាត់អាចនឹងមានភាពស្មុគស្មាញបន្តិច។ ចំពោះការសិក្សានេះបងប្អូនអាចសិក្សាពីហានិភ័យក៏ដូចជាអត្ថបទប្រយោជន៍នៃការវិនិយោគលើផ្សារហ៊ុន។ លើសពីនេះបងប្អូនក៏អាចសិក្សាលើរឿងផ្សេងៗជាច្រើនដូចជាសិក្សាទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននិងកត្តាមូលដ្ឋានរបស់ក្រុមហ៊ុនដើម្បីជ្រើសរើសក្រុមហ៊ុនដែលមានសក្តានុពលអាចផ្ដល់ផលចំណេញពេលអ្នកវិនិយោគទិញភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនោះ។
ដើម្បីវិនិយោគលើផ្សារហ៊ុនខ្មែរបានអ្នកត្រូវមានគណនីជួញដូរជាមុនសិន។ ដើម្បីបើកគណនីជួញដូរសូមចុចទីនេះរួចជ្រើសរើសក្រុមហ៊ុនមូលបត្រណាមួយដែលអ្នកពេញចិត្តហើយសាកសួរព័ត៌មានពីដំណើរការនៃការបើកគណនីជួញដូរ។
មួយវិញទៀតដើម្បីបើកគណនីជួញដូរអ្នកអាចបើកតាមសាខាធនាគារ RHB ធនាគារ អេស៊ីលីដា និង ធនាគារ កាណាឌីយ៉ា ដោយភ្ជាប់ជាមួយនឹងអត្តសញ្ញាប័ណ្ណច្បាប់ដើមនិងរូបថត៤គុណ៦មួយសន្លឹកហើយប្រាប់បុគ្គលិកធនាគារថាចង់បើកគណនីជួញដូរភាគហ៊ុន។ មួយវិញទៀត ដើម្បីសិក្សាស្វែងយល់ពីការវិនិយោគលើផ្សារហ៊ុនខ្មែរបងប្អូនអាចតាដាន Facebook page របស់លោក Toeuy Hong-ទឿយ ហុង បាន។
៣. យកទៅសន្សំក្នុងធនាគារ
នៅពេលដែលអ្នកមិនទាន់ដឹងយកលុយទៅរកស៊ីឬក៏វិនិយោគអ្វី ការដាក់ប្រាក់សន្សំនៅធនាគារគឺជាជម្រើសល្អមួយព្រោះវាជាកន្លែងរក្សាទុកលុយរបស់អ្នកមានសុវត្ថិភាពថែមទាំងអាចទទួលបានចំណូលពីការប្រាក់លើសពី ៩% ចំពោះអ្នកដែលដាក់ប្រាក់បញ្ញើមានកាលកំណត់នៅស្ថាប័នរបស់ពួកគេ។ នៅក្នុងនោះដែរ ប្រសិនជាលោកអ្នកចាប់អារម្មណ៍ចង់ដាក់លុយនៅធនាគារដើម្បីបានការប្រាក់អាចសម្លឹងទុកនៅធនាគារទាំងនេះបានដែលមានដូចជា៖ធនាគារ ស៊ិនហាន (អត្រាការប្រាក់៖ រហូតដល់ ៩.១% (សម្រាប់ប្រាក់រៀល) និង ៧.៦% (សម្រាប់ប្រាក់ដុល្លារ) ដាក់ពីរយៈពេល៖ ៦ខែ រហូតដល់ ៣៦ខ អាចធ្វើការទំនាក់ទំនងទៅកាន់លេខ៖ ០២៣ ៩៥៥ ០០១ ឬធនាគារគ្រឹះស្ថានហិរញ្ញវត្ថុ មហានគរ ដែលមានអត្រាការប្រាក់៖ រហូតដល់ ៩.២៥% ក្នុងមួយឆ្នាំ ដាក់ពីរយៈពេល៖ ចន្លោះពី១ខែ ដល់៦០ខែ អាចធ្វើការទំនាក់ទំនងទៅកាន់លេខ៖ ១៨០០ ២០៦ ៦៦៦។
សូមជម្រាបផងដែរថា ការដាក់ប្រាក់សន្សំមានកាលកំណត់ គឺល្អបំផុតសម្រាប់អ្នកដែលមានលុយនៅសល់តែមិនដឹងយកទៅធ្វើអ្វី ឬមិនទាន់ហ៊ានចាប់ផ្ដើមវិនិយោគ។ លោកអ្នកអាចជំនួសពីការទុកលុយនៅផ្ទះចោល ដោយយកទៅផ្ញើនៅធនាគារដែលលោកអ្នកពេញចិត្ត ដើម្បីរក្សាសុវត្ថិភាព ហើយជាពិសេសគឺអាចបង្កើនលុយតាមរយៈការប្រាក់៕
អត្ថបទ៖ ធី ស្រីល័ក្ខ


