បន្ទាប់ពីដឹងថាខ្លួននឹងធ្លាក់ចូលក្នុងចង្កូមមច្ឆរាជនាពេល ៣ទៅ៦ខែខាងមុខ នាំចិត្តបិតាស្ថាបនិកក្រុមហ៊ុន Apple ចាប់អារម្មណ៍ពីសារៈសំខាន់នៃការរស់នៅឱ្យល្អបំផុត។ ក្នុងចំណោមសារសំខាន់ៗដែលលោកបានចារទុកមុនផុតជីវិត Steve Jobs បានផ្តាំសំណួរធំៗ៣ ផ្ញើទៅកាន់និស្សិតបញ្ចប់ការសិក្សាថ្មីៗ និងពិភពលោកទាំងមូល អាចដាស់យក្សក្នុងខ្លួន សម្រេចលទ្ធផលដ៏អស្ចារ្យបំផុត៖
១/. តើខ្ញុំកំពុងរស់នៅក្នុងជីវិតដែលខ្ញុំចង់បាន និងធ្វើការងារដែលខ្ញុំចង់ធ្វើឬទេ?
សំណួរមួយនេះ វានឹងផ្តល់អំណាចឲ្យយើងប្រើពេលវេលាដ៏មានតម្លៃតាមវិធីដែលមានន័យបំផុតដែលអាចធ្វើទៅបាន។ ឈរចំពោះមុខសេចក្តីស្លាប់ Jobs បាននិយាយថា៖ «ការស្លាប់គឺជាឧបករណ៍សំខាន់បំផុតដែលខ្ញុំមិនធ្លាប់ជួបប្រទះដើម្បីជួយខ្ញុំធ្វើការសម្រេចចិត្តធំៗក្នុងជីវិត»។ លោកបានបញ្ជាក់ថា ស្ទើរគ្រប់យ៉ាងរាប់ចាប់តាំងពី ការភ័យខ្លាច ការបរាជ័យ មោទកភាព នឹងលែងរំជួលចិត្តយើងទៀត យើងខ្វល់តែរឿងម្យ៉ាងប៉ុណ្ណោះពេលជិតអស់ជីវិត គឺការបន្សល់ទុកតែអ្វីដែលសំខាន់ពិតប្រាកដ។
២/. ប្រសិនបើថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតរបស់ខ្ញុំ តើខ្ញុំចង់ធ្វើអ្វីដែលខ្ញុំចង់ធ្វើថ្ងៃនេះទេ?
នេះគឺជាសំណួរដែល Jobs បានសួរខ្លួនឯងជារៀងរាល់ថ្ងៃ ខណៈពេលកំពុងឈរនៅមុខកញ្ចក់ បន្ទាប់ពីត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកលំពែងដំណាក់កាលចុងក្រោយ។ Jobs បានលើកឡើងយ៉ាងដូច្នេះថា៖ «បើចម្លើយគឺ "ទេ!" អស់រយៈពេលច្រើនថ្ងៃជាប់គ្នា ខ្ញុំដឹងថាខ្ញុំត្រូវផ្លាស់ប្តូរអ្វីមួយ។ បើចម្លើយគឺ "បាទ!" មានន័យថាខ្ញុំកំពុងរស់នៅក្នុងគោលបំណងរបស់ខ្ញុំហើយ»។ ប្រសិនបើអ្នកស្មោះត្រង់ចំពោះខ្លួនអ្នក វាអាចគួរឱ្យភ័យខ្លាចក្នុងការសារភាពថាអ្នកមិនបានរស់នៅក្នុងជីវិតដែលអ្នកចង់បាននោះទេ ប៉ុន្តែវាជាមធ្យោបាយតែមួយគត់ដើម្បីឆ្ពោះទៅរកការស្វែងរកអ្វីថ្មី ដែលជាខ្លួនអ្នកពិតប្រាកដ។
៣/. តើខ្ញុំកំពុងធ្វើអ្វីដែលខ្ញុំស្រលាញ់ទេ?
Jobs បានពន្យល់ថា៖ «ការរស់នៅក្នុងជីវិតអ្នកដទៃគឺជាភាពខ្ជះខ្ជាយផ្ទាល់ខ្លួនខ្លាំងបំផុត អ្វីដែលអ្នកត្រូវធ្វើគឺស្វែងរកតួនាទីដែលអ្នកចង់បំពេញខ្លាំង»។ ចូរស្វែងរកអ្វីដែលអ្នកស្រលាញ់ ការងាររបស់អ្នកនឹងបំពេញផ្នែកដ៏ធំមួយនៃជីវិតរបស់អ្នក ហើយវិធីតែមួយគត់ដើម្បីបំពេញចិត្តពិតប្រាកដគឺធ្វើអ្វីដែលអ្នកជឿថាជាការងារដ៏អស្ចារ្យ។ ហើយវិធីតែមួយគត់ដើម្បីធ្វើការងារដ៏អស្ចារ្យគឺត្រូវស្រឡាញ់អ្វីដែលអ្នកធ្វើ។
ក្នុងនោះ តាមការសិក្សារបស់ Harvard Business Review បានសន្និដ្ឋានថា នៅពេលដែលមនុស្សស្វែងរកគោលបំណងក្នុងការងាររបស់ពួកគេ ហើយពួកគេចូលចិត្តអ្វីដែលខ្លួនធ្វើ វាមិនត្រឹមតែធ្វើឱ្យមានសុភមង្គលប៉ុណ្ណោះទេ វានឹងបង្កើនផលិតភាពរបស់ពួកគេផងដែរ។
យ៉ាងណាមិញ ប្រសិនបើអ្នកកំពុងខ្វះបុព្វហេតុក្នុងការរស់នៅ មិនចង់ក្រោកពីគ្រែ មើលទៅអនាគតមានតែភាពងងឹតហើយងងឹត វាដល់ពេលដែលអ្នកគួរសំណួរធំៗទាំង៣ខាងលើនេះ ត្បិតវាគឺជាកូនសោចាក់ចូលក្នុងបន្ទប់ដាស់យក្សក្នុងខ្លួនអ្នកឲ្យមានកម្លាំងខ្លាំងក្លានិងសម្រេចលទ្ធផលបានអស្ចារ្យបំផុត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ»
ចែករំលែកគំនិត ឬផ្សព្វផ្សាយអាជីវកម្មអ្នកទីនេះ សូមទំនាក់ទំនង ០៩៦ ៤៩៩ ៧៣ ៦៦