សុភាសិតខ្មែរពោលថា “ចានក្នុងរាវគង់តែនឹងរណ្ដំគ្នា” ប្រដូចន័យក្នុងសង្គមគ្រួសារនីមួយៗតែងកើតឡើងនូវជម្លោះ ឈ្លោះទាស់ទែង ប៉ះទង្គិចគ្នាជារឿយៗជៀសពុំរួចឡើយ ឯខ្លះឈានដល់ផ្លូវប្រេះឆាទៀតក៏មាន។ ដោយមើលឃើញពីបញ្ហានេះ អ្នកជំនាញចិត្តសាស្ត្រ Laura Young បានបង្ហាញរឿងធំៗ៣ ដែលជាដើមចមធ្វើឲ្យប្តីប្រពន្ធភាគច្រើនលែងលះគ្នា៖
១/. ចង់ឈ្នះដៃគូ
ការជជែកវែកញែកត្រូវបានបង្កឡើងដោយភាពខុសគ្នានៃមតិ ហើយជាលទ្ធផលនៃការខ្វែងគំនិតគ្នា នឹងនាំឲ្យមានការឈ្លោះប្រកែកគ្នា។ ម្នាក់ៗចង់ការពារគោលការណ៍របស់ខ្លួន ហើយចង់ឈ្នះក្នុងការជជែកដេញដោល រហូតធ្វើឲ្យដៃគូមានអារម្មណ៍មិនល្អ រងសម្ពាធកាន់តែខ្លាំង។ ដូច្នេះជំនួយឲ្យការបង្កើតជម្លោះ ឬទម្លាក់កំហុសទៅដៃគូម្ខាងទៀត គួរលើកបញ្ហាដាក់លើតុ រកដំណោះស្រាយរួមគ្នាវិញទើបជាការប្រសើរ។
២/. សង្ស័យច្រើន
ការមិនបើកចំហនិយាយជាមួយគ្នាទៅវិញទៅមក បង្កើតឲ្យមានការសង្ស័យ។ ហើយការសង្ស័យ គឺជាដើមចមនៃបញ្ហាជាច្រើនរវាងគូស្វាមីភរិយា រស់នៅមិនចុះសម្រុង មើលមុខគ្នាមិនចំ។ បន្ទាប់មកការសង្ស័យនេះ អាចធ្វើឲ្យមានការជជែកវែកញែកតូចមួយ រួចបង្កចេញជាបញ្ហាកាន់តែធំឡើងៗ លែងទុកចិត្តគ្នាតទៅទៀត។
៣/. ប្រកាន់ចរិតតួឯក
ក្នុងនាមជាគូស្នេហ៍ គួរមានការអភ័យទោស អត់ឱន និងទទួលយកគ្នាទៅវិញទៅមក។ ប៉ុន្តែមានគូស្នេហ៍ខ្លះ មិនព្រមទម្លាក់ខ្លួនឲ្យទាបជាងដៃគូម្ខាងទៀតឡើយ ដោយសារគិតថា ការសុំទោស ធ្វើឲ្យខ្លួនមានតម្លៃទាប ឬមានអារម្មណ៍ថាអន់ជាដើម។ ពេលខ្លះភាពក្រអឺតក្រទមនេះ អាចជះឥទ្ធិពលដល់ទំនាក់ទំនងអ្នកទាំងពីរ រហូតឈានដល់ផ្លូវបែកបាក់គ្នា។
យ៉ាងណាមិញ ការឈ្លោះប្រកែកជាមួយដៃគូគឺជារឿងធម្មតាទៅហើយក្នុងសង្គមនេះ ប៉ុន្តែបើទោះជាវាធម្មតាក្តី អ្នកពុំគួរបណ្តោយតាមយថាកម្មឡើយ។ ប្រសិនបើអ្នកឬដៃគូបានបង្កើតអារម្មណ៍មិនស្រួលឡើងមក ត្រូវប្រញាប់ជជែកគ្នារកដំណោះស្រាយភ្លាមៗ កុំបណ្ដោយឲ្យភាពអាត្មានិយម និងភាពអំនួត កាន់តែមានអំណាចគ្រប់គ្រងលើចិត្ត ដោយមិនអើពើនឹងនៃទំនាក់ទំនងមួយនេះឲ្យសោះ កុំចាំដល់ហួសពេល ទើបនឹកស្តាយក្រោយ៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



