នាពេលបច្ចុប្បន្ននេះ ល្បិចបោកប្រាស់ឱ្យវេរលុយមុនគឺមានការកើនឡើងជាខ្លាំងហើយ ការបោកប្រាស់ប្រភេទនេះ គឺជាល្បិចដែលជនល្មើសបញ្ចុះបញ្ចូលឱ្យជនរងគ្រោះបង់ប្រាក់ថ្លៃសេវាជាមុនដើម្បីទទួលបានរង្វាន់ ផលចំណេញ ឬកម្ចី។ ផ្ទុយទៅវិញ ក្រោយពេលបានលុយហើយ ជនល្មើសនឹងបន្តទារថែមមិនចេះចប់ និងមិនផ្តល់អ្វីត្រឡប់មកវិញឡើយ។
ជាមួយគ្នានោះដែរ ក្រុមការងារបច្ចេកទេស នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក៏បានចែករំលែកល្បិច ៣ យ៉ាងដែលជនបោកប្រាស់ចូលចិត្តប្រើ៖
១. ឈ្នះរង្វាន់ធំ៖ ភូតកុហកថាអ្នកឈ្នះរង្វាន់ (ឡាន, លុយសុទ្ធ, ទូរស័ព្ទ) ប៉ុន្តែតម្រូវឱ្យបង់ “ថ្លៃសេវារដ្ឋបាល” ឬ “ពន្ធ” ជាមុនទើបដកបាន។
២. កម្ចីប្រាក់ងាយៗ៖ ផ្សាយពាណិជ្ជកម្មឱ្យខ្ចីលុយការប្រាក់ទាបខ្លាំងតាមអនឡាញ ប៉ុន្តែតម្រូវឱ្យបង់”ថ្លៃធ្វើឯកសារ” មុនទើបទទួលបានប្រាក់កម្ចី។
៣. ការទទួលមរតក ឬការវិនិយោគ៖ មានការអះអាងថាមានមរតកមហាសាល ឬឱកាសរកស៊ីចំណេញសន្ធឹកសន្ធាប់ ប៉ុន្តែសុំលុយបន្តិចបន្តួចដើម្បីដំណើរការរត់ការច្បាប់។

គូសបញ្ជាក់ថា សម្រាប់វិធានការការពារខ្លួនគឺបងប្អូនត្រូវចងចាំថាគ្មានការទទួលបានណា ដែលតម្រូវឱ្យយើងវេរលុយឱ្យគេមុននោះឡើយសូមកុំជឿរាល់ការសន្យាដែលមើលទៅល្អពេកមិនគួរឱ្យជឿដូចជាឈ្នះរង្វាន់ធំ ឬចែកមរតកពីបុគ្គលមិនស្គាល់អត្តសញ្ញាណ។ កុំប្រញាប់កុំផ្ញើប្រាក់ឱ្យនរណាម្នាក់ដែលព្យាយាមគាបសង្កត់ ឬបង្ខំឱ្យអ្នកធ្វើភ្លាមៗកុំចែករំលែកដាច់ខាតកុំផ្តល់ព័ត៌មានផ្ទាល់ខ្លួន ដូចជា គណនីធនាគារ, លេខកូដ OTP, លេខទូរស័ព្ទ និងលេខកាត Visa/Mastercard ទៅឱ្យអ្នកដទៃ៕


