«ពត់ដែកទាន់នៅក្តៅ ប្រដៅកូនចៅទាន់នៅក្មេង» នៅពេលដែលកូនហ៊ានប្រើសម្តីអសុរស ឬស្រែកគំហកដាក់អ្នកមានគុណ ឪពុកម្តាយមិនគួរបណ្តោយតាមចិត្តកូនទៀតទេ ដល់ពេលដែលត្រូវប្រើច្បាប់អញ្ញាសឹកហើយ។ ខាងក្រោមនេះ គឺជារឿងធំ ៣ ដែលអាណាព្យាបាលគួរធ្វើ ដើម្បីឲ្យកូនស្គាល់ខុសត្រូវឡើងវិញ យោងតាម Child Psychology Today៖
១/. ដកហូតសិទ្ធិអាទិភាព៖ នៅពេលកូនធ្វើខុស ត្រូវតែមានការខាតបង់អ្វីមួយត្រឡប់សងវិញ។ ប្រសិនបើកូនស្រែកដាក់អ្នក ត្រូវប្រាប់កូនភ្លាមៗថា៖ «ដោយសារកូនមិនគោរពពុក/ម៉ែ ដូច្នេះសិទ្ធិប្រើប្រាស់ទូរស័ព្ទ ឬការទៅដើរលេងចុងសប្តាហ៍នេះ ត្រូវលុបចោល»។ ការធ្វើបែបនេះ បង្រៀនឱ្យកូនដឹងថា រាល់ទង្វើអវិជ្ជមានតែងតែនាំមកនូវផលវិបាក។
២/. ឆ្លើយតបដោយភាពស្ងប់ស្ងាត់៖ នៅពេលកូនកំពុងខឹងខ្លាំងហើយស្រែកតបត ការស្រែកតបទៅវិញមានតែធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់។ វិធីដែលល្អបំផុតគឺការដាក់កំហិតឱ្យកូននៅក្នុងបន្ទប់ម្នាក់ឯង ដើម្បីឱ្យគេស្ងប់ចិត្ត និងគិតពីកំហុសខ្លួនឯង។ បញ្ជាក់ទៅកូនថា៖ "ពុក/ម៉ែ នឹងមិននិយាយជាមួយកូនទេ រហូតទាល់តែកូនចេះប្រើសម្តីសម្តៅមានការគោរព"។
៣/. ការបង្រៀនឱ្យទទួលខុសត្រូវតាមរយៈការសងគុណ៖ ក្រោយពេលកូនបាត់ខឹង មិនមែនចប់ត្រឹមការសុំទោសនោះទេ។ ត្រូវឱ្យកូនធ្វើកិច្ចការអ្វីមួយដើម្បីសងចំពោះកំហុសដែលគេបានធ្វើ ឧទាហរណ៍ បោសផ្ទះ ឬលាងចានជំនួស។ វាគឺជាការដាស់តឿនខួរក្បាលកូនថា ការបំផ្លាញទឹកចិត្តអ្នកដទៃ ត្រូវតែមានការប៉ះប៉ូវមកវិញ។
យ៉ាងណាមិញ ការអប់រំកូនដែលរឹងរូស និងខ្វះសីលធម៌ ពុំមែនជាការយកឈ្នះចាញ់រវាងឪពុកម្តាយ និងកូននោះទេ ប៉ុន្តែវាគឺជាការសម្រួចចរិតលក្ខណៈរបស់ក្មេងឱ្យក្លាយជាមនុស្សដែលមានវិន័យ និងគោរពមនុស្សជុំវិញខ្លួន។ ការប្រើធម៌ក្តៅដោយភាពវៃឆ្លាត នឹងជួយទប់ស្កាត់នូវការរាលដាលនៃអត្តចរិតអវិជ្ជមាន ដែលអាចបង្កជាបញ្ហាធំក្នុងសង្គមនាពេលអនាគត។ ក្នុងនាមជាអាណាព្យាបាល ការស្រឡាញ់កូនត្រូវតែអមមកជាមួយនូវព្រំដែនច្បាស់លាស់ ព្រោះថា ការស្រឡាញ់ដែលគ្មានវិន័យ គឺជាការបណ្តុះអត្តចរិតអវិជ្ជមាន និងបំផ្លាញអនាគតកូនដោយប្រយោល៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



