ទម្លាប់អាក្រក់ ៣ គួរកែចេញ បើមិនចង់ឱ្យជីវិតកាន់តែដាច់យ៉ៃ និងជំពាក់គេជុំទិស
Pov SaruJANUARY 24 2026302 views

មនុស្សជាច្រើនតែងតែសួរខ្លួនឯងថា “ហេតុអ្វីបានជាខំរកលុយណាស់ដែរ តែចុងខែនៅតែគ្មានសល់អ្វី” ជាក់ស្ដែង បញ្ហាមិនមែនកើតចេញពីប្រាក់ចំណូលរបស់អ្នកតិចទេ ប៉ុន្តែវាអាចមកពីទម្លាប់ក្នុងការចំណាយប្រចាំថ្ងៃដែលអ្នកតែងតែធ្វើដោយមិនចាប់អារម្មណ៍ថា នោះគឺជាទម្លាប់អាក្រក់ដែលកំពុងបំផ្លាញ់ខ្លួនអ្នក។ ដូច្នេះថ្ងៃនេះ Business Cambodia និងចែករំលែកទម្លាប់អាក្រក់ចំនួន ៣ ដែលអ្នកគួរតែផ្លាស់ប្ដូរចេញ៖ 

 

១. ចំណាយលើរបស់កំប៉េកកំប៉ុងច្រើនពេក៖ របស់ខ្លះអ្នកគិតថាវាតិចតួចទេសម្រាប់ការចំណាយម្ដងៗដូចជា ការចំណាយទៅលើការហ្វេ អាហារសម្រន់ ឬក៏របស់របរដែលមិនចាំបាច់សម្រាប់ប្រើប្រចាំថ្ងៃ។ ថ្វីដ្បិតថា ពេលអ្នកទិញវាម្ដងៗឃើញថាតិច តែបើអ្នកសាកយកការចំណាយទាំងនេះក្នុងមួយថ្ងៃទៅគុណនឹងមួយខែ ឬមួយឆ្នាំ នោះអ្នកនឹងភ្ញាក់ផ្អើលថាអ្នកចំណាយលើរបស់ទាំងនេះអស់ច្រើនប៉ុណ្ណា។ 

 

២. បង់ថ្លៃសេវាកម្ម តែមិនប្រើប្រាស់ឱ្យសមស្រប៖ សេវាកម្មប្រចាំខែជាច្រើនដូចជា ក្លឹបហាត់ប្រាណ កម្មវិធីអនឡាញ ឬសមាជិកសម្រាប់កម្មវិធីផ្សេងៗ អាចក្លាយជាការខ្ជះខ្ជាយ បើអ្នកមិនបានប្រើវាឱ្យបានពេញលេញ។ ឧទាហរណ៍ថា អ្នកបង់លុយរៀងប្រចាំខែ តែជាក់ស្ដែងអ្នកទៅរៀនមួយថ្ងៃ បាត់បីថ្ងៃ នោះប្រៀបដូចជាអ្នកយកលុយទៅបោះចូលដោយមិនទទួលបានប្រយោជន៍អ្វីសោះ។

 

៣. គ្មានផែនការចំណាយច្បាស់លាស់៖ បើអ្នកមិនចេះចាត់ចែងលុយ និងមិនធ្វើផែនការលើការចំណាយ នឹងធ្វើឱ្យលុយចេញដោយគ្មានការគ្រប់គ្រង។ មនុស្សជាច្រើនមិនដឹងថាទម្លាប់តូចៗអាចបង្កជាបញ្ហាហិរញ្ញវត្ថុធំៗទេ។ ឧទាហរណ៍ ការចាយលុយត្រឹមតែ ២ ដុល្លារក្នុងមួយថ្ងៃ លើកាហ្វេ ឬអាហារសម្រន់ បើគិតជាមួយពេលវេលាយូរ វាអាចបំផ្លាញលុយរាប់រយដុល្លារក្នុងមួយឆ្នាំ។

 

ដូច្នេះ តើយើងគួរធ្វើដូចម្តេច? បើចង់សល់លុយកាន់តែច្រើន អ្នកគួរចាប់ផ្តើមពីការកត់ត្រាចំណាយប្រចាំថ្ងៃ និងពិនិត្យមើលការចំណាយនៅចុងខែ។ ពេលអ្នកដឹងច្បាស់ថាលុយចេញទៅណាខ្លះ អ្នកនឹងអាចកាត់បន្ថយចំណាយដែលមិនចាំបាច់ និងគ្រប់គ្រងលុយបានល្អជាងមុន។ លុយមិនសល់ មិនមែនព្រោះរកមិនបានទេ ប៉ុន្តែព្រោះមិនបានគ្រប់គ្រងវាឱ្យបានត្រឹមត្រូវ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia