ក្រសួងរៀបចំដែនដី បង្ហាញរបាយការណ៍ចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសកម្ពុជា គិតត្រឹមខែវិច្ឆិកា នេះ
Bunthoeun Koem•NOVEMBER 18 2026•195 views

បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ដែលចេញផ្សាយនៅពេលថ្មីៗនេះបានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងបានធ្វើការវាស់វែងក្បាលដីបានសរុបចំនួន ១៣ ៩៤៦ ៩៨៦ ក្បាលដីរួចមកហើយ។ ដោយក្នុងនោះការចេញបណ្ណមានសរុប ១០ ៤៩៧ ៣៤៥ បណ្ណ និងបានចែកបណ្ណជូនដល់ម្ចាស់ដីធ្លីមានសរុបចំនួន ៩ ៥៣៨ ២១៩ បណ្ណ។ 

 

នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ចំពោះបណ្ណដែលនៅសល់ និងកំពុងបន្ដចែកជូនម្ចាស់ដីធ្លីមានសរុបចំនួន ៩៥៧ ៤០៧ (បណ្ណកំពុងបន្ដចែកសរុប៖ ៤៣៤ ០៩៤ បណ្ណ, លក់-ទិញចំនួន៖ ២៧៤ ១០៩ បណ្ណ, ពន្ធសូន្យចំនួន៖ ២៤៩ ២០៤ បណ្ណ)។ ក្នុងនោះសម្រាប់ ក្បាលដីដែលត្រូវបន្ដនីតិវិធីមានចំនួន ៣ ៤៤៨ ៧៤១ បណ្ណ។

 

910739865 1914760519439387 8575684112967988350 N

 

សូមជម្រាបថា ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នេះ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវ “យុទ្ធនាការចុះបញ្ជីដីបង្ហើយ” ដើម្បីផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់​អចលនទ្រព្យ។

 

តាមរយៈការបញ្ចប់ការងារវាស់វែងដីធ្លីនៅកម្ពុជា នឹងបង្កើតបាននូវភាពច្បាស់លាស់ កាត់បន្ថយ​ជម្លោះលើព្រំកាន់កាប់ដីធ្លី ផ្តល់នូវសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្តក្នុងការកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋ លើកកម្ពស់តម្លៃសេដ្ឋកិច្ច គុណតម្លៃនៃអចលនទ្រព្យ និងកសាងបាននូវសង្គមសុខដុមនៅកម្ពុជា។

 

ជាមួយគ្នានេះ ការងារចែកបណ្ណគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ដែលជាពេល​វេលា​សមស្រប​​ជាយុទ្ធសាស្ត្រ ដើម្បីប្រជាពលរដ្ឋទូទាំងប្រទេស និងរាជរដ្ឋាភិបាល រួមគ្នាប្រារព្ធ​ពិធីអបអរសាទរ ខួប ៤០ឆ្នាំ (១៩៨៩-២០២៩) នៃការផ្តល់កម្មសិទ្ធិឯកជនលើវិស័យដីធ្លី​ជូន​ប្រជាពលរដ្ឋ ដែលបាន​ផ្តួចផ្តើម​ដំបូងដោយ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia