នៅក្នុងពិភពជំនួញ ទាមទារឲ្យមានគោលការណ៍ និងយុទ្ធសាស្ត្រផ្ទាល់ខ្លួន ដឹកនាំអាជីវកម្មឱ្យមានភាពរីកចម្រើននិងអាចប្រកួតប្រជែងក្នុងទីផ្សារសេរីបាន។ ខាងក្រោមនេះគឺជា ក្បួនរកស៊ីធំៗ៤ របស់អ្នកឧកញ៉ា ពុង ឃាវសែ និងអ្នកឧកញ៉ា សៀ ឬទ្ធី ដែលជាម្ចាស់កាន់កាប់អាណាចក្រជាច្រើនក្នុងប្រទេសកម្ពុជា៖
១. យុទ្ធសាស្ត្រជំនួញរបស់ អ្នកឧកញ៉ា ពុង ឃាវសែ៖
យុទ្ធសាស្ត្ររកស៊ីមួយដែលលោកឱ្យតម្លៃខ្លាំងបំផុតគឺ “ភាពស្មោះត្រង់” លោកបានចាត់ទុនភាពជោគជ័យដែលលោកទទួលបានដោយសារលោកបានយកភាពស្មោះត្រង់ធ្វើជាដើមទុន។ លោកជាមនុស្សម្នាក់ឱ្យតម្លៃខ្លាំងបំផុតទៅលើភាពស្មោះត្រង់ទាំងសម្រាប់ដៃគូជំនួញ បុគ្គលិក និងអតិថិជន ដែលធ្វើឱ្យអាជីវកម្មរបស់លោកអាចទទួលបានភាពរីកចម្រើនរហូតទល់នឹងបច្ចុប្បន្ន។ អ្វីដែលទទួលបានមកវិញពីភាពស្មោះត្រង់ដែលយើងបានវិនិយោគគឺ ការគោរព ការទុកចិត្តនិងជឿជាក់ពីមនុស្សជុំវិញខ្លួន។
យ៉ាងណាមិញសម្រាប់ក្បួនក្នុងការវិនិយោគលើវិស័យអចលនទ្រព្យរបស់លោកវិញ គឺលោកទិញដីតាមតំបន់ផ្សេងៗដើម្បីធ្វើការអភិវឌ្ឍមិនមែនសម្រាប់លក់ចំណេញនោះទេ។ លោកបានអនុវត្តន៍នូវយុទ្ធសាស្ត្រមួយនេះជាយូរមកហើយ រហូតដល់ពេលបច្ចុប្បន្នលោកមានសមិទ្ធផលក្នុងវិស័យអចលនទ្រព្យដូចជាអគារខ្ពស់ៗជាច្រើន ដែលសុទ្ធសឹងតែកើតចេញពីយុទ្ធសាស្ត្រទិញដីសម្រាប់ទុកអភិវឌ្ឍន៍ខ្លួនឯងនេះ។
២. យុទ្ធសាស្ត្រជំនួញរបស់ អ្នកឧកញ៉ា សៀ ឬទ្ធី៖ លោកតែងប្រកាន់គោលការណ៍ធំៗ ៣ ខាងក្រោមនេះ៖
ទី១/. មុខក្លាយជាអ្នកមាន ឬវិនិយោគជោគជ័យត្រូវចេះបង្កើតលំហូរសាច់ប្រាក់សិន
រាល់ការវិនិយោគទទាំងឡាយ ដើមទុនគឺជាអាហាររូបត្ថម្ភដ៏សំខាន់សម្រាប់អាជីវកម្ម ជាពិសេសគឺការវិនិយោគក្នុងវិស័យអចលនទ្រព្យ ដូចទៅនឹងសម្តីរបស់មហាសេដ្ឋីអចលនទ្រព្យលំដាប់ពិភពលោក លោក រ៉ូបឺតគីយ៉ូសាគី ធ្លាប់បានលើកឡើងថា មុនវិនិយោគអចលនទ្រព្យអ្វីដែលអ្នកគិតដល់មុនគេ គឺលំហូរសាច់ប្រាក់(Cash Flow)។
តើលំហូរសាច់ប្រាក់ជាអ្វី? វាគឺជាចរន្តនៃការបង្កើតឲ្យមានចំណូលសាច់ប្រាក់សម្រាប់ការបង្វិល ឬចាត់ចែងទៅលើអាជីវកម្ម ឬការវិនិយោគផ្សេងទៀត ដូចជាអចលនទ្រព្យជាដើម។ តើលោកឧកញ៉ាសៀ ឬទ្ធី បានបង្កើតលំហូរសាច់ប្រាក់តាមរយៈអ្វី? ជាការពិត គឺគាត់ចាប់ផ្តើមឡើងជាមួយនឹងការបង្កើតអាជីវកម្មដូចសហគ្រិនទូទៅដែរ ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ជោគជ័យនោះ គឺគាត់មានផ្នត់គំនិតបែបសហគ្រិនលើសពីបុគ្គល ឬអ្នករកស៊ីទូទៅ។ ហេតុនេះ ទើបធ្វើឲ្យអាជីវកម្មរបស់គាត់ជោគជ័យជាបន្តបន្ទាប់រហូតអាចមានទុនគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមការវិនិយោគលើអចលនទ្រព្យជាលក្ខណៈទ្រង់ទ្រាយធំបាន។
ទី២/. បង្កើតឱកាសដោយខ្លួនឯង កុំរង់ចាំ ព្រោះអាចមាន និងអត់ ឬក៏អត់រហូតតែម្តង
ក្រោយពីបានធ្វើការជាមួយអង្គភាពសហប្រជាជាតិបាន១ឆ្នាំ លើផ្នែកដឹកជញ្ចូន លោកទទួលបានបទពិសោធន៍គួរសម គួបផ្សំនឹងដើមទុនខ្លះដែលលោកបានសន្សំពីកម្លាំងញើសឈាមក្នុងអំឡុងពេលធ្វើការ លោកក៏មិនបានបង្អង់យូរឡើយ លោកបានបង្កើតផ្លូវដើរថ្មើសម្រាប់ជីវិតខ្លួនឯង តាមរយៈការបង្កើតក្រុមហ៊ុនដឹកជញ្ជូននៅកម្ពុជា ដែលជាក្រុមហ៊ុនមួយដំបូងគេក្នុងវិស័យនោះ ដែលកាលនោះ អតិថិជនរបស់លោកភាគច្រើន ជាអង្គការ ស្ថានទូត និងក្រុមហ៊ុនមួយចំនួនទៀត។ ក្រោយពីចាប់ផ្តើមអាជីវកម្មនេះបាន២ឆ្នាំ លោកបានសម្រេចចិត្តចុះឈ្មោះជាក្រុមហ៊ុនស្របច្បាប់នៅឆ្នាំ១៩៩៤ ហើយក៏ជាពេលវេលាមួយលោកអាចមើលឃើញ ពន្លឺនៃភាពជោគជ័យកាន់តែជិតឡើងៗ។
ទី៣/. ធ្វើមនុស្សកុំរស់ដូចកង្កែបក្នុងអណ្តូង
មិខខុសពីអ្វីដែល Business Cambodia ធ្លាប់លើកឡើងនៅតាមទំព័រហ្វេសប៊ុកជារឿយៗនោះទេ បើចង់សម្រេចកិច្ចការធំអ្នកត្រូវមានក្តីសុបិនឲ្យធំ ហើយដើម្បីសម្រេចក្តីសុបិនធំបាន អ្នកក៏ត្រូវមានមហិច្ឆតាធំ និងចក្ខុវិស័យវែងឆ្ងាយដែរ។ ស្របគ្នានេះដែរ សេដ្ឋីអចលនទ្រព្យរូបនេះ ក៏បានលើកឡើងដោយសង្កត់ធ្ងន់ថា ចង់ក្លាយជាមនុស្សសម្រេចកិច្ចការធំ ចូរកុំរស់ដូចកង្កែបក្នុងអណ្តូង ត្រូវចេះសម្លឹងមើលឲ្យវែងឆ្ងាយ មើលពីអ្នកដទៃ និងពិភពលោក។
លោកលើកឡើងថា កាលអំឡុងលោកធ្វើការនៅអង្គការសហប្រជាជាតិ លោកបានធ្វើដំណើរចេញទៅក្រៅប្រទេសជាញឹកញាប់ ដែលគ្រានោះហើយបានធ្វើឲ្យភ្នែកលោកភ្លឺ បានមើលឃើញពីភាពជឿនលឿន និងជីវិតរស់នៅរបស់ប្រជាជននៅបណ្តាលប្រទេសទាំងនោះ ហើយវាបានធ្វើឲ្យលោកយល់កាន់តែច្បាស់ថា តើគួរចាប់យកធុរកិច្ចប្រភេទណា ដែលអាចឲ្យលោកអាចរកស៊ីជោគជ័យនៅកម្ពុជា។ លោកបានហៅការមើលឃើញនេះថា គឺជាបទពិសោធន៍ពិតដែលយើងត្រូវរៀនសូត្រ។ ការមើលឃើញនូវអ្វីដែលល្អ នឹងធ្វើឲ្យយើងគិតឃើញពីរឿងល្អៗ ហើយការមើលឃើញនូវអ្វីដែលថ្មីប្លែក នឹងធ្វើឲ្យយើងអាចគិតឃើញនូវអ្វីដែលថ្មីប្លែកដូចគ្នា។
គួរជម្រាបផងដែរថា អ្នកឧកញ៉ា សៀ ឬទ្ធី ជាប្រធានក្រុមហ៊ុន Worldbridge Group ជាសហគ្រិនលេចធ្លោមួយរូបក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា លោកតែងផ្តល់នូវដំបូន្មានល្អៗទាក់ទងនឹងការរកស៊ី ឬក៏មេរៀនអាជីវកម្មជាច្រើនក្នុងនាមជាសហគ្រិនចាស់វស្សា។ រីឯអ្នកឧកញ៉ា ពុង ឃាវសែ ត្រូវបានគេស្គាល់ថាជា “អ្នកជំនួញអាត់កឺ” ដែលមានតួនាទីជាច្រើនដូចជា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ កាណាឌីយ៉ា អគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ប្រធានសមាគមធនាគារកម្ពុជា ប្រធានសមាគម ខែ្មរ-ចិន និងតួនាទីជាច្រើនទៀត៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម https://t.me/hangchhengH24